អតីតមេ​ឃុំបក្សប្រឆាំង២រូប​រងការអូសទាញឲ្យចូលបក្សកាន់អំណាច

ចៅសង្កាត់ជាប់ឆ្នោតមួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប បាន​ចោទអតីតមន្ដ្រីជាប់កិច្ចសន្យារបស់ គ.ជ.ប. ថា បានអូសទាញ​រូប​លោក ឲ្យ​ចូលបក្សកាន់អំណាច ខណៈ​ចៅសង្កាត់មួយរូបទៀត​របស់អតីតបក្សប្រឆាំងនៅឯ​ខេត្តបាត់ដំបង ក៏រងការចោទថា បើកហាងលក់នំបញ្ចុក​គាំទ្រចលនាឧទ្ទាម។

អតីតចៅសង្កាត់សាលាកំរើក ខេត្ដសៀមរាប លោក ជិន សុខង៉េង ឲ្យ VOD ដឹងថា កាលពីថ្ងៃទី២៧ មករា លោកបានជួប​ជាមួយលោក ចៀន សន ​ជា​អតីត​មន្ដ្រីជាប់កិច្ចសន្យាម្នាក់​នៃ​គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប ហើយថា អតីតមន្ដ្រី​គ.ជ.ប.រូបនេះ បានពន្យល់ពីស្ថានការណ៍នយោបាយបច្ចុប្បន្ន និងណែនាំលោក​ឲ្យចូលរួមជាមួយបក្សកាន់អំណាច។

អតីតចៅសង្កាត់សាលាកំរើករូបនេះ សម្ដែងការខកចិត្ត ដោយថា ស្ថាប័ន គ.ជ.ប.​ ជាស្ថាប័នឯករាជ្យ ប៉ុន្ដែ បែរជាមន្ដ្រីមានភាពលម្អៀងផ្នែកនយោបាយ។

លោកថា៖ «ទើបថ្មីៗ រឿងនេះ វាកើតឡើងដោយចៃដន្យ ហើយគាត់បាននិយាយឲ្យយើងគាត់សារឡើងវិញចំពោះស្ថានការណ៍នយោបាយថ្មីៗហ្នឹង ក្នុងចេតនាឲ្យយើងបកទៅរួមរស់ជាមួយគណបក្សប្រជាជន។ គាត់ត្រឹមតែជាមន្ដ្រីនៅក្នុងលេខាធិការដ្ឋាន គ.ជ.ប.។ គ្រាន់តែថា យើងខ្ញុំមិនពេញចិត្ត ដែលមន្ដ្រី គ.ជ.ប. ដែលឯករាជ្យ បែរជាមានទិន្នាការទៅគណបក្សម្ខាង»។

ប៉ុន្ដែ លោក ចៀន សន ឲ្យ VOD ដឹងថា ការលើកឡើងរបស់លោកនៅពេលនោះ គ្រាន់ជាការជជែកគ្នាលេង និងគ្មានហេតុផលនយោបាយឡើយ។ លោកថា លោកធ្លាប់ជាមន្ដ្រីជាប់កិច្ចសន្យារបស់ គ.ជ.ប​. ប៉ុន្ដែ បានលា​ឈប់ពីការងារនោះហើយ។​

លោកថា៖ «រាល់ថ្ងៃ មិនមែននៅ គ.ជ.ប. ទេ នៅ គ.ជ.ប. មានវគ្គគេ ដូចជា ២ ឬ ៣ខែ​អញ្ចឹងណា! តែសម្រាប់រាល់ថ្ងៃនៅការងារស៊ីវិលទេ វាមិនមែនទៅពាក់ព័ន្ធខាង គ.ជ.ប. អព្យាក្រឹត្យអីទេ។ អាហ្នឹងគ្រាន់ជាការស្គាល់គ្នា ប្រាជ្ញគ្នាលេង មិនមែនជាផ្លូវការអីទេ»។

នៅ​ឯ​ខេត្ត​បាត់ដំបង​ឯណោះ​វិញ អតីត​ចៅ​សង្កាត់​អូរចារកូតា​បក្ស​ប្រឆាំង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវ​បាន​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច លោក ឈាង វុន ចោទ​ប្រកាន់​កាល​ពី​សប្ដាហ៍​មុន​ថា បាន​បើក​ហាង​លក់​នំ​បញ្ចក់ ធ្វើ​ជាទីតាំង​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក សម រង្ស៊ី ហើយ​បាន​ហៅ​ទីតាំង​នោះ​ថា «ប្រមូល​ផ្ដុំ​ពួក​ឧទ្ទាម»។

ការចោទប្រកាន់របស់លោក ឈាន វុន ធ្វើឡើងតាមរយៈ​ការសរសេរសារ​បញ្ចេញ​មតិ​នៅក្រោមរូបភាពរបស់​កញ្ញា រ៉ូហ្ស៊េត ដែលបង្ហាះនៅលើហ្វេសប៊ុក​កាលពីថ្ងៃទី២៦ ខែមករា។

លោក ឈាន វុន សរសេរបញ្ចេញ​មតិបន្ថែមថា៖ «បក្ស​នាង Rozet បាន​ងាប់​បាត់​ទៅ​ហើយ ហើយ​ចាប់​ពី​ពេល​នោះ​មក​ដល់​ពេល​នេះ​ ចំពោះ​ខ្ញុំ នាង​(Rozet)គ្មាន​តម្លៃ​នយោបាយ​បន្ដិច​​ណា​សម្រាប់​ទិញ​លក់​ទេ​។ ខ្ញុំ​បាន​ឃើញ​អ្នក​ដែល​បាន​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ចេញ​ចូល​ហាង​លក់​នំ​បញ្ចុក​នេះ ហើយ​ខ្លះ​បាន​ទាំង​ជួយ​ជូត​ការ៉ូ ជូត​តុ និង​បម្រើ​ភ្ញៀវ​ទៀត​ផង​។ បើ​ទី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រមូលផ្តុំ​រងើកភ្លើង​នោះ​ គឺ​ពិត​ជា​គ្រោះថ្នាក់​ណាស់​សម្រាប់ Rozet ហើយ​មិន​អាច​អត់ឱន​បាន​ឡើយ​»​។

ប៉ុន្ដែ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ មករា កញ្ញា រ៉ូហ្ស៊េត បានច្រានចោលការចោទប្រកាន់នេះ ដោយកញ្ញាថាមិនបានប្រព្រឹត្តអំពើខុសច្បាប់នោះឡើយ និងថា មុខរបរលក់នំបញ្ចុក​​ គឺគ្រាន់តែ​ដើម្បីរកប្រាក់ចិញ្ចឹម​ម្តាយ​ និងបង់រំលួសបំណុលផ្ទះប៉ុណ្ណោះ​។

គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកាឆ្នាំមុន ហើយសមាជិក និងមន្ដ្រីអតីតបក្សប្រឆាំងចំនួន ១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ខណៈ​​លោក កឹម សុខា ក៏កំពុងជាប់នៅក្នុងពន្ធនាគារត្រពាំងផ្លុង នាខេត្ដត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។

ក្រោយពេលតុលាការរំលាយអតីតគណបក្សប្រឆាំង លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញមុខជាសាធារណៈ ដោយប្រកាសបើកផ្លូវឲ្យក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត និងមន្ដ្រីរបស់អតីតគណបក្សប្រឆាំង ចូលរួមជីវិតនយោបាយជាមួយគណបក្សកាន់អំណាច ដើម្បីរក្សាតំណែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ