អាមេរិក​ប្រាប់​តំណាង​របស់​ខ្លួន​នៅ UN ឲ្យ​កៀរគរដៃ​គូ​ដាក់​សម្ពាធ​លើ​កម្ពុជា

រូបភាពអ្នកស្រី Nikki-Haley-អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ៨​រូប បាន​ប្រាប់​ទៅ​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ជំរុញ​ទៅ​ដៃ​គូ និង​តំណាង​នៃ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ឲ្យ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្ដារ​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ​មុន។

ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ទាំង​នោះ បាន​ជំរុញ​បែប​នេះ នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​អគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី នីកឃី ហាឡេយ៍ (Nikki Haley) កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​នេះ។

ក្នុង​លិខិត​នោះ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក បាន​ប្រាប់​ទៅ​អ្នក​ស្រី នីកឃី ហាឡេយ៍ ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ការ​បង្ក្រាប​ទាំង​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ​នៅ​កម្ពុជា។

ក្នុងលិខិតដដែលនោះ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកដែលដឹកនាំដោយលោក ចន មេកឃែន (Jonh McCain) និងលោក បេនហ្សាមិន ខាឌីន (Benjamin Cardin) នោះ​ បានជំរុញទៅ​អ្នកស្រី នីកឃី ហាឡេយ៍ ឲ្យ​ប្រើ​ឥទ្ធិពល​​អ្នកស្រីនៅអង្គការសហប្រជាជាតិ​ ជំរុញ​ឲ្យមានការ​ដាក់​រដ្ឋាភិ​បាល​លោក ហ៊ុន សែន ឲ្យ​នៅ​ឯកោ​ ដើម្បី​កុំ​ឲ្យទទួល​បាន​ភាព​ស្រប​ច្បាប់​ ដែល​​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌​នៅ​ខែ​កក្កដា​ខាង​មុខ​។

ក្នុងលិខិតដដែល ក្រុមសមាជិកព្រឹទ្ធសភាទាំងនោះក៏ ស្នើ​អ្នកស្រី នីកឃី ហាឡេយ៍ ​អំពាវនាវ​ទៅ​ដៃគូ និង​​សម្ព័ន្ធមិត្ត​ ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ​ ឲ្យ​លើក​អំពី​បញ្ហា​កម្ពុជាក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាង​មុខ និងពិភាក្សា​ជាមួយ​ឧត្ដមស្នងការ​អង្គការ​សហប្រជា​ជាតិ​​​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង។

ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក បាន​ជំរុញ​ទៅ​អ្នកស្រី នីកឃី ហាឡេយ៍ ឲ្យ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ដទៃ​ទៀត ដើម្បី​អនុម័ត​សេចក្ដី​សម្រេច​ដ៏​ខ្លាំង​ក្លា​មួយ ដែល​ដាក់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំង​មើល​នៅ​លើ​ឆាក​អន្តរជាតិ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានទេ នៅថ្ងៃនេះ។

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សួស យ៉ារ៉ា ប្រាប់​ថា លោកមិនចាប់អារម្មណ៍នឹង​សម្ដី​របស់​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នោះ​ទេ ដោយ​លោក​ថា​ បរទេស​មិនអាច​​ជ្រៀត​ជ្រែកកិច្ចការផ្ទៃក្នុង​របស់​កម្ពុជា​បាននោះទេ​។

លោកមានប្រសាសន៍ថា៖«ជាគោលការណ៍របស់សហប្រជាជាតិមួយដែលមិនអនុញ្ញាតឲ្យរដ្ឋណាមួយ​រំលោភលើរដ្ឋណាមួយទេ​ ទោះបីតូច​ ឬធំក៏ដោយ។ អធិបតេយ្យភាព ឬឯករាជ្យភាព​ ត្រូវ​តែគោរពគ្នាទៅវិញទៅមក​ដោយពេញលេញ។ បើសិនជាសភាកម្ពុជា​យើងថ្លែងអ្វីមួយ​ប៉ះពាល់កិច្ចការរបស់​សភាអាមេរិក តើអាមេរិកទទួលយកឬអត់? វាជារឿង​មួយដែលយើងត្រូវគិតគ្នាទៅវិញទៅ​មក។ ចំណុច​នេះហើយជាការ​គោរពអធិបតេយ្យគ្នាទៅវិញទៅមក​»។

អ្នក​វិភាគនយោបាយ លោក អ៊ូ វីរៈ យល់​​ថា ប្រសិន​កម្ពុជា​មិន​បន្ទន់​ជំហរ​របស់​ខ្លួន ហើយ​ងាក​ទៅ​ស្ដារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​ទេ លោក​ថា អ្នកដែលរងផល​ប៉ះ​ពាល់​ គឺ​ប្រជាពលរដ្ឋ​។

លោកវិភាគថា៖«ខ្ញុំមើលទៅជារឿង​មួយល្អ​​ ប៉ុន្តែ បើសិនជាយើងនៅតែបន្ត​មានការ​រឹតបន្តឹង​ ហើយលោកខាងលិច​​​ ជាពិសេសប្រទេសដែល​ប្រកាន់លទ្ធិប្រជាធិបតេយ្យ គេបន្តហ៊ុំព័ទ្ធ​នយោបាយ និងសេដ្ឋកិច្ច​ប្រទេសកម្ពុជា​ ខ្ញុំមើលទៅនឹងគ្រោះថ្នាក់​ដល់ប្រទេសកម្ពុជា​ ព្រោះ​អីយើង​មើល​ទៅ​ ពេលហ្នឹង​ យើងទៅជាកូនអុក​​នៃប្រទេសចិន ដោយសារយើងអស់ជម្រើស​ បានន័យថា យើងអស់ជម្រើស​​ យើងនៅពឹងចិនទំាង​ស្រុង​ យើងទៅ​ជាឧបករណ៍របស់ប្រទេសចិន​…»។

រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រងការថ្កោលទោស​ និងព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ជុំវិញការ​ឃុំខ្លួន​មេ​​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ការរំលាយគណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង​ការ​ធ្វើទុក្ខបុកន្នេញលើសង្គមស៊ីវិល ប៉ុន្តែ រដ្ឋាភិបាល អះអាងថា ករណីទាំង​នោះ គឺជាការអនុវត្តច្បាប់​របស់​កម្ពុជា​៕

រាយការណ៍បន្ថែមដោយ លោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ