ពល​ករ​ខ្មែរ៥នាក់​ត្រូវ​អាជ្ញាធរថៃ​ចាប់​ខ្លួន​​សង្ស័យ​ជាប់ពាក់ព័ន្ធ​ករណី​រំលោភស្រ្តីជនជាតិបារាំង

កាសែតរបស់​ថៃ​បាន​ឲ្យ​ដឹង​ថាកម្មករ​ខ្មែរ៥នាក់​ដែល​ជា​អ្នក​បើក​ទូកនេសាទលើដែនសមុទ្រថៃ​​​ត្រូវ​បាន​អាជ្ញា​​ធរ​ថៃ​​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា​អ្នក​ទាំង​នោះ​ជាប់ពាក់​ព័ន្ធ​នឹង​ករណី​រំលោភសេពសន្ថវៈ​លើ​ស្រ្តី​ជនជាតិ​បារាំង។

​កាសែតបាងកកប៉ុស្ត៍​របស់​ថៃបាន​ចុះ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា​កម្មករខ្មែរ​ទាំង​៥នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ថៃចាប់​ខ្លួន​នៅ​ទី​តាំងផ្សេងគ្នា ដោយ​៣នាក់​ចាប់​បាន​នៅ​ក្បែរ​កន្លែង​កើត​ហេតុនៅលើ​កោះ​កុត ក្នុង​ខេត្ត​ត្រាត​ប្រ​ទេសថៃ ក្បែរ​ខេត្ត​កោះកុង​ វេលា​ម៉ោង​៥ព្រឹក​ថ្ងៃអាទិត្យនិង​២នាក់​ផ្សេងទៀត​ត្រូវបានចាប់ខ្លួន​ នៅ​​ពេល​ដែលអ្នក​ទាំង​ពី​រកំពុង​ឆ្លងដែន​មក​កាន់​ខេត្ត​កោះ​កុង​ប្រ​ទេស​កម្ពុជា​វិញ។ ​

កាសែតបាងកក​ប៉ុស្តិ៍​ឲ្យ​ដឹងទៀតថាហេតុការណ៍នេះ​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃ​សៅរ៍ ខណៈ​ស្រ្តីជនជាតិបារាំង​ពីរនាក់​និងបុរស​ជន​ជាតិ​បារាំងពីរ​នាក់​ផ្សេងទៀតបាន​ដើរ​ត្រឡប់ពី​កន្លែង​ពួកគេ​កំសាន្តទៅ​បរិភោគ​អាហារពេ​ល​ល្ងាចនៅ​កន្លែងស្នាក់របស់​ពួកគេ ដែល​មាន​ចម្ងាយ​ប្រ​ហែល​១គីឡូម៉ែត្រពីគ្នា។ ​កាសែតដ​ដែ​ល​​បា​​ន​​ដកស្រង់​សម្តី​នគរបាល​ថៃថាអ្នក​នេសាទខ្មែរពីរនាក់បាននិយាយលេងជាមួយ​ជនជាតិបារាំងទាំងនោះ ហើយ​ពេល​ដែល​ជនជាតិបារាំងទាំងនោះ​រៀប​ចាកចេញពី​ពួកគេ ក៏​មាន​មនុស្ស​៣នាក់ផ្សេងទៀតបាន​​​ចេញពីព្រៃនិង​ចាប់​ស្រ្តី​ពីរនាក់​យក​ទៅ​រំលោភនិង​បាន​វាយ​បុរសជន​ជាតិបារាំងពីរនាក់​ឲ្យ​រងរបួស។

បើតាម​ការសែតដដែល សមត្ថ​កិច្ច​ថៃឲ្យ​ដឹងថាជនជាតិ​ខ្មែរទាំងប្រាំនាក់​នោះ​មាន​ឈ្មោះ ធី អាយុ​ ២០​ឆ្នាំ​ បុ​ត្រ មាន អាយុ២០​ឆ្នាំ យឹម អាយុ២៥ឆ្នាំ ផៃ អាយុ២២ឆ្នាំ និង​ជឿន អាយុ២៥ឆ្នាំ។ ស្រ្តីជន​ជាតិ​បារាំងដែ​ល​រង​គ្រោះ​នោះ ម្នាក់​អាយុ៥៧​ឆ្នាំ​និងម្នាក់ទៀត​មាន​អាយុ២៨​ឆ្នាំ ហើយ​អ្នក​ទាំងពីរនិង​បុរស​ជន​ជាតិ​បារាំងម្នាក់ទៀតបាន​រងរបួស​ធ្ងន់​ធ្ងរនិង​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យមួយក្នុង​ស្រុក​មួង ខេត្ត​ត្រាត​ប្រ​ទេស​ថៃ។

កាសែត​បាងកកប៉ុស្ត៍​ដដែល​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃចន្ទនេះ សមត្ថកិច្ចថៃ​នឹង​បន្តសាកសួរអ្នក​ទាំងប្រាំនាក់បន្តទៀតទាក់ទង​ករណី​រំលោភ​សេពសន្ថវៈនេះ។

​អ្នកនាំពាក្យ​ក្រ​សួងការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូឌី(VOD)នៅព្រឹកនេះថា លោកបាន​ដឹង​ព័ត៌មាន​នេះ​តាម​រយៈ​សារព័ត៌មាន​បរទេស​ តែ​លោក​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​ពី​មន្ត្រី​ទូតខ្មែរ​ប្រ​ចាំ​ប្រ​ទេស​ថៃនោះ​នៅឡើយ។ លោក​បន្ថែមថា៖ “ខ្ញុំ​អត់​ទាន់បានទទួល​ព័ត៌មាន​ ខ្ញុំ​ឃើញ​តែ​ព័ត៌មាន​ក្នុង​អ៊ីនធឺណែត ឥឡូវកំពុង​តែរង់ចាំរបាយកាណ៍ពី​ស្ថានតំណាង(មន្ត្រីទូត)នៅ​ថៃ​ថា​រឿង​ហ្នឹង​វាកើតឡើងយ៉ាងម៉េច”

គួរបញ្ជាក់​ថា​កាលពី​ចុង​ឆ្នាំ​២០១៥ តុលាការ​ថៃបានកាត់ទោសប្រ​ហារជីវិតជនជាតិមីយ៉ានម៉ា(ភូមា)ពីរនាក់​​​​ពាក់​ព័ន្ធ​នឹងការ​រំលោភនិងសម្លាប់ជនជាតិ​អង់គ្លេសពីរនាក់នៅ​កោះ​តៅប្រ​ទេស​ថៃ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ