អ្នក​ច្បាប់​ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺ​បំពានច្បាប់

លោក​កឹម សុខា ថ្លែង​ក្នុងសន្និបាត​បក្ស​កាលពីពេលកន្លង​(រូបថតៈណាត សុភាព)

ក្រុម​អ្នក​ច្បាប់​លើកឡើង​ថាករណី​សភាបញ្ជួនលិខិត​ឲ្យលោក កឹម សុខា បំភ្លឺ​ទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿង​អាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”​រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។

អំឡុង​ពេលខែមីនានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជួនលិខិតចំនួនពីរដងឲ្យ លោក កឹម សុខា បំភ្លឺ បន្ទាប់ពីរដ្ឋសភាទទួលយកញត្តិរបស់ក្រុមយុវជនដឹកនាំដោយឈ្មោះ ស្រី ចំរើន​​។ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសយកករណីនេះមកចាត់ការដែរ។

លោកមេធាវី សំ សុគង់ ពន្យល់តាមនីតិវិធីច្បាប់ថា មិនមានច្បាប់ណាមួយដែលតម្រូវឲ្យរដ្ឋសភា​​ កោះហៅតំណាងរាស្ត្រទៅបំភ្លឺនោះទេ ទោះបីជារឿងបុគ្គលឬរឿងសាធារណៈក៏ដោយ​​។ លោកបន្តថា៖ ការ​កោះហៅសមាជិកសភា គឺជារឿង​មួយមិនត្រឹមត្រូវ​ទេ ដោយសារនៅក្នុង​រដ្ឋធម្មនុញ្ញក៏ដូចជាបទបញ្ជាផ្ទៃក្នុង​របស់រដ្ឋសភា គឺមិនមានមាត្រា​ច្បាប់ណាមួយដែលឲ្យ​រដ្ឋសភាឬក៏សមាជិករបស់រដ្ឋសភាកោះហៅសមាជិកខ្លួនឯងដើម្បីបំភ្លឺចំពោះមុខ​រដ្ឋសភាទេ​”។

លោកមេធាវី សុគង់ បញ្ជាក់​ថានៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញនិង​បទបញ្ជាផ្ទៃក្នុង​សភាបានតម្រូវ​ឲ្យ​សមាជិករដ្ឋសភាឬតំណាងរាស្ត្រមានអំណាចឬសិទ្ធិក្នុង​ការ​កោះហៅនាយករដ្ឋមន្រ្តីឬមន្ត្រីរបស់រដ្ឋាភិបាលឲ្យ​ចូល​បំភ្លឺជុំវិញកិច្ចការ​របស់ខ្លួន​ដែលមិនទាន់បម្រើប្រជាពលរដ្ឋបានល្អនៅឡើយ។

លោកមេធាវី សេក សោភ័ណ ក៏បានវិភាគដែរថា “សូម្បីតែរដ្ឋសភាឬប្រធានក៏មិនមានច្បាប់កោះតំណាងរាស្រ្ត ទៅសួរក្នុងករណីមិនច្បាស់លាស់បែបនេះដែរ លើកលែងតែករណីបទល្មើសជាក់ស្តែងជាបទឧក្រិដ្ឋដែលត្រូវបានអនុវត្តតាមអាជ្ញាបញ្ជាក្រោយពីដកអភ័យឯកសិទ្ធិសភារួច “។

លោកមេធាវី សេក សោភ័ណ បានហៅ “ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការសម្រេចទទួលបណ្តឹងនិងចាត់ការលើករណីលោក កឹម សុខា នេះស្ថិតក្នុងស្ថានភាព អធម្មនុញ្ញ និងរំលោភបំពានលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ”  បើយោងតាមមាត្រា៧៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។

អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានការពារសេចក្តីសម្រេចរបស់រដ្ឋសភាថាធ្វើទ្បើងមិនខុសច្បាប់នោះទេ។ លោកបានអះអាងដូចនេះនៅពេលលោកចេញមកទទួលញាត្តិពីក្រុមយុវជនដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅថ្ងៃអង្គារនេះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក រស់ រ៉ាវុធ មានប្រសាសន៍ថា ចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា នៅពេលនេះធ្វើឡើង​ក្រោមទិដ្ឋភាពនយោបាយ​ច្រើនជាងផ្លូវច្បាប់។ លោកថា ដើម្បី​បង្ហាញពីតម្លាភាពនិងតុល្យភាព សភាឬសមាជិកសភាចាប់ពី៣០រូប​ឡើង​ទៅ អាច​កោះអញ្ជើញនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលឲ្យ​បំភ្លឺជុំវិញរឿង​​អយុត្តិធម៌សង្គម​ ជៀស​វាង​ពីមហាជនរិះគន់ស្ថាប័ននេះ។ លោកបន្តថា៖ សភាជាអង្គបញ្ញត្តិមួយឯករាជ្យ ដើម្បីសភាបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងភាពជា​ឯករាជ្យ គួរតែមានតុល្យភាព គឺអាច​កោះអញ្ជើញ​រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីឲ្យ​ចូលបំភ្លឺនៅក្នុង​សភាបាន​ រាល់ទំនាស់​របស់ប្រជាពលរដ្ឋបានតវ៉ាឡើង ឧទាហរណ៍ដូចជា​ការតវ៉ា បញ្ហា​ទំនាស់ដីធ្លី​ បញ្ហា​អធិបតេយ្យភាព បញ្ហា​ព្រៃឈើគឺសុទ្ធតែជា​រឿង​របស់ជាតិ ដើម្បីឲ្យមានតុល្យ​ភាព​គ្នា គួរតែរដ្ឋសភាបង្ហាញខ្លួនជាឯករាជ្យ​ នោះទើប​ជៀស​ផុតពីការតិះទាន ឬការរិះគន់ពីមហាជន”

យ៉ាងណាក៏ដោយ ថ្មីៗនេះ​ ប្រធានគណៈកម្មការទទួលពាក្យបណ្តឹងនៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានជូនដំណឹងទៅលោក ហេង សំរិន ថា គណៈកម្មការនេះមិនអាចកោះហៅលោក កឹម សុខា ឲ្យបំភ្លឺតាមញត្តិ​របស់​យុវជនដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នោះបានទេ ដោយថា នេះផ្ទុយពីរដ្ឋធម្មនុញ្ញ។

ជាមួយគ្នានោះ អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ក៏យល់ស្រប​នឹង​ការ​លើក​ឡើង​របស់លោក អេង ឆៃអ៊ាង ។ លោកបញ្ជាក់ថា ការកោះហៅតំណាងរាស្រ្តណាម្នាក់ ទាល់តែមានញត្តិរបស់តំណាងរាស្រ្តមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ