លោក បេអាត រីច្នឺ លាលែងពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 11:16 AM | សង្គមសុខភាព | 0 | 11449 លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពីពេលកន្លងទៅ (រូបថតពីហ្វេសប៊ុក​របស់​លោក​)

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលល្បីខាងសង្គ្រោះជីវិតកុមារដោយឥតគិតថ្លៃ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ (Beat Richner) បានលាលែងតំណែងរបស់លោកពីប្រធានគ្រប់គ្រងមន្ទីរពេទ្យ ដោយ​សារ​មាន​ជំងឺ​ធ្ងន់ធ្ងរ។

សេចក្តីប្រកាសព័ត៌មានថ្ងៃទី២៨មីនា២០១៧ ឲ្យដឹងថា ក្រុមប្រឹក្សា​ភិបាល​មូល​និធិគន្ធបុប្ផា នៅទីក្រុងហ៊្សូរីច (Zurich) ប្រទេសស្វីស (Switzerland) មាន​ការសោក​ស្តាយ​ដែល​ប្រកាស​ថា ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រីច្នឺ មានជម្ងឺជាទម្ងន់ ហើយលោកនឹង លាលែងពីតំណែងរបស់លោកជា នាយកគ្រប់គ្រងជាបន្ទាន់។

សេចក្តីប្រកាសព័ត៌មានបន្តឲ្យដឹងថា លោកវេជ្ជបណ្ឌិត ភីធឺ ស្ទូដឺ (Peter Studer) ដែលជា អនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផា នឹងបន្តការងាររបស់លោក បេអាត ជា​គណៈគ្រប់គ្រង​ស្តីទី។

លោក​វេជ្ជបណ្ឌិត​​ Beat Richner​​ មាន​វ័យ​៦៩​ឆ្នាំ​ ជា​ជនជាតិ​ស្វីស ​ហើយ​​គឺជា​គ្រូពេទ្យ​កុមារ​​និង​ជា​អ្នកលេង Cello ​ម្នាក់​ផង​ដែរ។ ​លោក​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​​ហ៊្សូរីច (Zurich) ​ក្នុង​ឆ្នាំ​១៩៩១។

កាលពីឆ្នាំ២០១៦ ព្រះមហាក្សត្រ​ខ្មែរ​ នរោត្តម សីហមុនី ​បាន​តែង​តាំង​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​លោក​វេជ្ជបណ្ឌិត​ Beat Richner​ ជា​ទីប្រឹក្សា​ក្រសួងសុខាភិបាល​ ដោយ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

ជា​រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ទទួល​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជាជាង​កន្លះ​លាន​នាក់។ ហើយ​មូលនិធិ​របស់​លោក​បាន ​រៃ​អង្គាស​ថវិកា​ជួយ​មកដល់​កម្ពុជា​មាន​ទំហំ​៣៧០​លានដុល្លារ​ចាប់​តាំងពី​បង្កើត​មក។

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required