ជប៉ុននឹងផ្តល់កម្ចីបន្ថែមប្រមាណ១៤០លានដុល្លាលើកការអភិវឌ្ឍ

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 11:16 AM | វិនិយោគ | 0 | 2278

រដ្ឋាភិបាលកម្ពុជា​បានឲ្យដឹងថា ជប៉ុននឹងផ្តល់កម្ចីហិរញ្ញប្បទានឥតសំណង និងឥទានសម្បទាន​ដល់​កម្ពុជា​ ដែលមានទំហំទឹកប្រាក់ប្រមាណ១៤០លានដុល្លារអាមេរិក ដើម្បី​រៀប​ចំរចនាសម្ព័ន្ធនិងផ្នែក​សុខភាព នៅចុង​ខែមីនានេះ​។

​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសកម្ពុជាចុះកាលពីថ្ងៃទី២៨ខែមីនា មានខ្លឹមសារ​ថា ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចំាកម្ពុជា​ លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ដើម្បី​ចុះហត្ថលេខាលើលិខិតប្តូរសារ ​និង​ពិភាក្សាលើការផ្តល់​ហិរញ្ញប្បទានឥតសំណង និងឥទានសម្បទានដល់កម្ពុជានៅថ្ងៃទី៣០ខែមីនា ឆ្នាំ​២០១៧វេលា​ម៉ោង៤រសៀល នៅទីស្តីការក្រសួងការបរទេស​ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ការ​គ្រប់​គ្រង​ទឹក​ជំនន់ ផ្លូវថ្នល់ មន្ទីរពេទ្យ​ និងប្រព័ន្ធទឹកស្អាតនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ហរិញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ធ្វើ​ឲ្យប្រសើរនូវ​ការការពារទឹកជំនន់ក្នុង​រាជធានីភ្នំពេញ មានប្រមាណជិត១លាន (​៩៤៩.៩៧៣)​ ដុល្លារអាមេរិក, ហរិញ្ញប្បទានឥតសំណង ធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មាន​ប្រមាណ១២,៦៦លានដុល្លារអាមេរិក, និងហរិញ្ញប្បទានឥតសំណង សម្រាប់​ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុង​ខេត្តកំពង់ធំ មានចំនួនប្រមាណ​ ២៨,៥​លាន​ដុល្លារ​អាមេរិក​។

ចំណែកឯ ឥទានសម្បទាន សម្រាប់អនុវត្តគម្រោង ធ្វើឲ្យប្រសើរឡើងនូវ​កំណាត់ផ្លូវ​ជាតិ​លេខ​៥ភាគខាងជៀង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ្ឌ) ជំហានទី២ មានប្រមាណ ៩៨លានដុល្លារអាមេរិក​)។

ការ​ផ្តល់កម្ចីហិរញ្ញប្បទានឥតសំណង និងឥទានសម្បទាន​ដល់​កម្ពុជា​នេះ ជប៉ុនសង្ឃឹមថា នឹង​ជួយ​កែលំអរ​​ដល់ការតភ្ជាប់តំបន់របស់កម្ពុជា ព្រមទំាងធ្វើឲ្យប្រសើរឡើងដល់ជីវភាព និង​ការថែរក្សាសុខ​ភាពរបស់​ប្រជាជនកម្ពុជា​ ការផ្គត់ផ្គង់ទឹកស្អាត និងការពារទឹកជំនន់​នៅកម្ពុជា​ផង​ដែរ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required