OHCHR ថាការធ្វើខុសរបស់បុគ្គលម្នាក់ មិនគួរឈានដល់រំលាយបក្សទាំងមូលទេ

ឧត្តមស្នងការអង្គការសហប្រជាជាតិ ហៅកាត់ថា OHCHR បានរិះគន់លើច្បាប់ស្ដីពី​គណបក្សនយោបាយរបស់រដ្ឋាភិបាលកម្ពុជាថា គ្មានភាពច្បាស់លាស់ និងខុសពីគោលការណ៍ច្បាប់អន្ដរជាតិដោយថា ការធ្វើខុសរបស់បុគ្គលតែម្នាក់ ពុំគួរឈានដល់ការរំលាយគណបក្សទាំងមូលទេ។

យោងតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃចន្ទទី២៧ខែមិនាឆ្នាំ២០១៧ ឧត្តមស្នងការអង្គការសហប្រជាជាតិ (OHCHR) លើកឡើងថា បទបញ្ញតិ្ដមួយចំនួនក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបាន​រដ្ឋសភា​កម្ពុជា​អនុម័តថា មានភាពមិនច្បាស់លាស់ និងអាចបកស្រាយតាមការយល់ឃើញរបស់បក្សកាន់អំណាច​ ដូចជា​ ត្រង់ពាក្យថា ធ្វើឲ្យបែកបាក់ «ឯកភាពជាតិ» និង «បូរណភាពដែនដី» នៃប្រទេសកម្ពុជាជាដើម។

បើតាមរបាយការណ៍ ឧត្តមស្នងការអង្គការសហប្រជាជាតិយល់ថា ការអះអាងរបស់រដ្ឋាភិបាលកម្ពុជា ដែល​ចង់ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងឯកភាពជាតិនោះ គឺមិនមែន​សម្រេចបាន​តាមរយៈការ​បំបិទសំឡេងប្រឆាំងនោះទេ។

ឧត្តមស្នងការអង្គការសហប្រជាជាតិឲ្យអនុសាសន៍ថា រដ្ឋសភាកម្ពុជា គួរកែពាក្យ «ឯកភាពជាតិ» «ចេតនាធ្វើឲ្យប៉ះពាល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យសេរីពហុបក្ស» និង «សន្ដិសុខជាតិ» ឡើងវិញ ឬត្រូវកំណត់និយមន័យពាក្យទាំងអស់នេះឲ្យបានច្បាស់ មុនដាក់ទោសនរណាម្នាក់។

ការលើកឡើងក្នុងរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទំនងជាសំដៅដល់អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី ដែលបានបង្ខំចិត្តនិរទេសខ្លួនទៅក្រៅប្រទេស ក្រោយលោកទទួល​រង​បណ្ដឹងជាច្រើនករណីពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន។ រដ្ឋាភិបាលកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និង​អន្ដរជាតិ​មើលឃើញថា បានព្យាយាមបណ្ដេញលោក សម រង្ស៊ី ចេញពីឆាកនយោបាយ និងចង់​រំលាយ​បក្សប្រឆាំង មុនការបោះឆ្នោតមកដល់ តាមរយៈការធ្វើការច្បាប់ស្ដីពីគណបក្សនយោបាយ។

ក្រៅពីនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិលើកឡើងថា ការរំលាយបក្សណាមួយចោល គឺមិនគួរធ្វើតាមទំនើងចិត្តរបស់រដ្ឋាភិបាល ឬបក្សកាន់អំណាចនោះទេ ដោយថា ការប្រព្រឹត្តខុសរបស់បុគ្គលតែម្នាក់ ពុំគួរឈានដល់ការរំលាយគណបក្សរបស់គេទាំងមូលនោះទេ។

ឧត្តមស្នងការអង្គការសហប្រជាជាតិផ្ដល់អនុសាសន៍ថា វិធានការរំលាយគណបក្សនយោបាយគួរតែជាជម្រើសចុងក្រោយ និងថ្លឹងថ្លែងឲ្យបានសុក្រិត្យបំផុត។ ឧត្តមស្នងការអង្គការសហប្រជាជាតិបានស្នើឲ្យបន្ថែមឃ្លាថា «ការរំលាយគណបក្សណាមួយ អាចធ្វើទៅបាន លុះណាតែជាជម្រើសចុងក្រោយ នៅពេលវិធានការច្បាប់ផ្សេងទៀត​បានត្រូវបានប្រើប្រាស់អស់» តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ