សហភាព​អន្តរសភា​ជំរុញ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​អតីត​បក្ស​ប្រឆាំង

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

សហភាព​អន្តរ​សភា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ថ្កោល​ទោស​ជា​ថ្មី​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា និង​បាន​​ជំរុញ​ទៅ​រដ្ឋាភិបាល​នេះ ឲ្យ​ផ្ដល់​សិទ្ធិ​ខាង​នយោបាយ​ដល់​អតីត​បក្ស​ប្រឆាំង​វិញ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង​ទាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​បាន​ហាម​ឃាត់​សិទ្ធិ​ខាង​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ទៅ​​លើ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ ១១៨​រូបរបស់​បក្ស​នេះ​ផង​ដែរ។

ជាង​នេះទៅ​ទៀត មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីដើម​ខែ​កញ្ញា​ឆ្នាំ​មុន។

នៅ​ឯ​សន្និបាត​លើក​ទី ១៣៨​របស់​ខ្លួន នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សហភាព​អន្តរសភា ហៅ​កាត់​ថា IPU បាន​ចាត់​ទុក​វិធានការ​ទាំង​ឡាយ​ទៅ​លើ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ថា ជា​ការ​រំលោភ​​ទៅ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សមាជិក​សភា។

សហភាព​អន្តរ​សភា ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សមាជិក​សភា​មក​ពី​ប្រទេស​ចំនួន ១៧៨​នៅ​ទូទាំង​ពិភព​លោក ក៏​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ថា ការ​រំលោភ​បំពាន​ទៅ​លើ​បក្ស​ប្រឆាំង តែង​តែ​កើត​មាន​ជា​យូរ​មក​ហើយ នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​មក។

សហភាព​អន្តរ​សភា បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា៖ «IPU ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ផ្ដល់​​​ឲ្យ​ជា​បន្ទាន់​នូវ​អាសនៈ​សភា​ទាំង ៥៥​ដល់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ផ្ដើម​កិច្ច​សន្ទនា​ខាង​នយោបាយ​ឡើង​វិញ ប្រសិន​បើ​ចាំ​បាច់ មាន​ការ​ជួយ​គាំ​ទ្រ​ពី​ IPU»។

ទោះជាយ៉ាងណា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ថា លោក​នឹង​មិន​ចរចា​ជាមួយ​ក្រុម​អតីត​បក្ស​ប្រឆាំង​នោះ​ឡើយ ហើយ​ក៏​មិន​លើក​លែង​ទោស​ដល់​ក្រុម​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ផង​ដែរ ក្នុង​នោះ​មាន​ទាំង​លោក កឹម សុខា ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ