អាស៊ាន​លើក​ឡើង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ក្រុង​ប៉េកាំង​ព្យាយាម​បញ្ចុះ​បញ្ចូល

ដែន​កោះ​មាន​ជម្លោះ​(រូបភាព​ពី​ Reuters)

បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ផ្លាស់​ប្ដូរ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែលគេ​គ្រោង​ប្រកាស​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​នេះ ដើម្បី​លើក​ឡើង​ពី​បញ្ហា​យោធាភាវូបនីយកម្ម និង​ការ​សាង​សង់​សំណង់​នៅ​លើ​កោះ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ឃើញ​សេចក្ដី​ព្រាង​សេចក្ដី​ថ្លែងការណ៍​នោះ។

ការ​ផ្លាស់​ប្ដូរ​សេចក្ដី​ថ្លែងការណ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប្រឈម​មុខ​នឹង​ក្រុង​ប៉េកាំង​ជុំ​វិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

Reuters បាន​ដក​ស្រង់​សម្ដី​ប្រភព​មន្ត្រី​កាទូត​អាស៊ាន​ ២​រូប ដែល​បាន​ឲ្យ​ដឹង​ថា តំណាង​ស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល បាន​ព្យាយាម​ប្រើ​ឥទ្ធិពល​គ្រប​ដណ្ដប់​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​នោះ តាម​រយៈ​ការ​បញ្ចុះ​បញ្ចូល​ក្រុម​មន្ត្រី​ហ្វីលីពីន។

ទោះជាយ៉ាងណា សមាជិក​អាស៊ាន ៤​ប្រទេស​ទៀត មិន​ឯកភាព​នោះ​ឡើង​ចំពោះ​ការ​លុប​ចោល​​ពាក្យ “ការ​កាន់​កាប់​ដី និង​យោធាភាវូបនីយកម្ម” ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ឆ្នាំ​មុន​នៅ​ឯ​ប្រទេស​ឡាវ ប៉ុន្តែ ពាក្យ​ទាំង​ពីរ​នេះ មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ឡើយ​នៅ​ក្នុង​សេចក្ដី​ព្រាង​សេចក្ដី​ថ្លែងការណ៍​ដំបូង​នៅ​ឆ្នាំ​នេះ ដែល​ត្រូវ​បាន​គេ​ឃើញ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ។

ចិន​មិន​មែន​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​នោះ​ឡើយ ហើយ​នឹង​មិន​ចូល​រួម​ក្នុង​ជំនួប​កំពូល​មេដឹកនាំ​ថ្នាក់​តំបន់​នេះ​ឡើយ។ ក្រុម​មន្ត្រី​ទូត​ចិន​នៅ​ទីក្រុង​ម៉ានីល មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​នោះ​ឡើយ​ជុំ​វិញ​បញ្ហា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ