យោធាអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលបាលីស្ទីកកាលពីថ្ងៃម្សិលមិញនេះ ដែលនោះគឺជាការតបតរបស់ក្រុងព្យុងយ៉ាង ទៅនឹងសម្ពាធកាន់តែតឹងតែងពីអាមេរិក និងសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន គឺប្រទេសចិន។ នេះដោយដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ការសាកល្បងដែលបាញ់ចេញពីភាគខាងជើងទីក្រុងព្យុងយ៉ាងនោះ ហាក់ទទួលបរាជ័យ ដែលវាបានក្លាយទៅជាការបាញ់សាកល្បងគ្រាប់មីស៊ីលមិនបានជោគជ័យ ៤លើកជាប់ៗគ្នា ចាប់តាំងពីខែមីនាមក។
ការសាកល្បងនេះ បានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានព្រមានទៅក្រុងប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា បរាជ័យក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង អាចនាំទៅរកផលវិបាកដ៏មហន្តរាយ។
ក្រុមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះនោះ បាននិយាយថា គ្រាប់មីស៊ីលនោះ ប្រហែលជាមីស៊ីលរយៈចម្ងាយមធ្យមហៅថា KN-17 ហើយប្រហែលជាផ្ទុះឆេះតែប៉ុន្មាននាទីក្រោយបាញ់ចេញ។
ចំណែកយោធាកូរ៉េខាងត្បូងនិយាយថា មីស៊ីលនោះត្រូវបានចេញពីតំបន់ប៉ុកចាំង មានទិសដៅទៅភាគឦសាន ព្រមទាំងហោះឡើងបានចម្ងាយ ៧១គីឡូម៉ែត្រ មុននឹងផ្ទុះឆេះ។
កូរ៉េខាងជើងបានធ្វើសកម្មភាពទាក់ទងគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ ចាប់តាំងពីដើមឆ្នាំនេះ ហើយត្រូវបានគេជឿថា បានឈានទៅមុខខ្លះៗហើយ នៅក្នុងការផលិតគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ៕