ស្នងការ​សិទ្ធិ​មនុស្ស​ UN ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារសិទ្ធិ​មនុស្ស

អគ្គលេខាធិការរងគ.ជ.ប.​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​

ឧត្ដមស្នងការ​​អង្កការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ OHCHR កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អំពាវ​នាវ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៥រូប ដោយ​គ្មាន​ការ​ពន្យារ​ពេល ក្រោយ​ពី​ពួកគេ​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល ១​ឆ្នាំ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក នី សុខា និង​លោក ណៃ វង់ដា និង​​អគ្គ​លេខាធិការ​រង​ គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ឆ្នាំ​មុន ក្រោយ​ពី​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវបាន​គេ​ទម្លាយ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ​នារី​កាត់​សក់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​ រយៈ​ពេល ៦​ខែ​ទៀត។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី អេលីហ្សាបេត ត្រូសសែល បាន​លើក​ឡើង​ថា OHCHR សោក​ស្ដាយ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥ បើទោះបី​ជា​ក្រុម​ការងារ​អង្កការ​សហ​ប្រជាជាតិ បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បំពាន​ក្ដី។

អ្នកស្រី​​បាន​អំពាវ​នាវ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ដោះ​លែង​ពួកគេ​ដោយ​គ្មាន​ការពន្យា​ពេល ដោយ​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប គួរ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ផ្អែក​តាម​ភស្តុតាង​​ច្បាស់​លាស់ និង​សម្អាង​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ