ខុសពីការប្រកាសកាលមុនដែលថាស្វាមីនឹងអោយទៅរស់នៅអាមេរិកក្រោយពេលចុះឡើងៗស្រុកខ្មែរបានមួយរយៈ ពេលនេះអ្នកនាង លី ម៉ារីណា បានអះអាងថាស្វាមីរបស់អ្នកនាងគឺលោក ចាន់ ថន មិនមានគម្រោងអោយអ្នកនាងចេញទៅរស់នៅសហរដ្ឋអាមេរិកដូចមុននោះទេ បើទោះជាក្នុងពេលខាងមុខកូនប្រុសរបស់អ្នកនាងអាចនឹងចេញទៅរៀននៅអាមេរិកជាមួយនឹងស្វាមី។ អ្នកនាងក៏ហាក់បោះបង់គម្រោងចេញចូលអាមេរិកតាមរយៈការពង្រីកគ្រឹះហក់ចូលសិល្បៈនិងបើកមុខជំនួញកាន់តែច្បាស់លាស់ទៅៗនៅក្នុងស្រុកនោះផង។
អ្នកនាង លី ម៉ារីណា និយាយថាតាំងពីបានត្រលប់មកកាន់កម្ពុជាក្រោយពីឡើងទៅរស់នៅជាមួយស្វាមីនៅអាមេរិកបានមួយរយៈ អ្នកនាងមិនមានគម្រោងឡើងទៅរស់នៅសហរដ្ឋអាមេរិកវិញទេ ដោយទុកអោយស្វាមីជាអ្នកឡើងចុះៗវិញម្ដង ក្នុងពេលដែលស្វាមីរបស់អ្នកនាងក៏ទទួលចំពោះលក្ខខណ្ឌនោះ។
អ្នកនាងថាពីមុនស្វាមីរបស់អ្នកនាងមិនចង់រកស៊ីស្រុកខ្មែរនោះទេ ប៉ុន្តែក្រោយពេលអ្នកនាងប្រសូត្របានកូនប្រុសមួយ ស្វាមីអ្នកនាងក៏សម្រេចចិត្តបើកក្រុមហ៊ុននាំចូលគ្រឿងរថយន្តពីអាមេរិកអោយអ្នកនាងធ្វើថៅកែស្រីហើយអ្នកនាងក៏បែកគំនិតបើកហាងសំលៀកបំពាក់មួយផ្សេងទៀតដើម្បីពង្រីកសមត្ថភាពគ្រប់គ្រង និងចាត់ចែងជំនួញអោយកាន់តែធំ។
អ្នកនាងថាផ្អែកតាមគម្រោងចេញមុខបើកជំនួញធំទៅៗនាពេលចុងក្រោយ អ្នកនាងមើលមិនឃើញពីគម្រោងត្រូវឡើងទៅរស់នៅអាមេរិកនោះទេ ក្នុងពេលដែលអ្នកនាងក៏ចាប់ផ្ដើមយល់ថាជីវិតរស់នៅមួយរយៈនៅអាមេរិកគឺមិនមានអ្វីប្រសើរជាការរស់នៅក្នុងស្រុក ជាពិសេសក្នុងពេលអ្នកនាងមានសមត្ថភាពបើកហាងនិងធ្វើជំនួញជាទ្រង់ទ្រាយធំដុំដោយផ្ទាល់ខ្លួនបែបនេះ។
អ្នកនាងនិយាយថារស់នៅអាមេរិកត្រូវផ្ដើមពីសូន្យមិនស្រួលនោះទេ ហើយបើទោះជាបានក្លាយខ្លួនជាតារាសិល្បៈដែលមានឈ្មោះបោះសំឡេងដែលពលរដ្ឋខ្មែរនៅលើទឹកដីអាមេរិកស្គាល់ច្រើន ក៏មិនស្រួលដូចនៅស្រុកខ្មែរ។
អ្នកនាងបានទាំងសម្រេចចិត្តហក់ចូលសិល្បៈតាមរយៈការទទួលយកតំណែងក្នុងកម្មវិធី២របស់ប៉ុស្ដិ៍លេខ៣និងកម្មវិធីថ្មីមួយទៀតរបស់ទូរទស្សន៍ Online នៅលើផេកល្បីមួយនោះផងដែលអ្នកនាងប្រកាសថានោះជាជំហានដែលធ្វើអោយអ្នកនាងមានមុខមានមាត់ជាជាងផ្ញើខ្លួននៅអាមេរិក។
អ្នកនាងនិយាយថា «ពីមុនគាត់(ស្វាមី)ចង់អោយខ្ញុំទៅនៅហ្នឹង តែលូវគាត់ដឹងហើយថានៅស្រុកខ្មែរស្រួលរកស៊ីជាង មិនថាបើកហាង ឬប្រឡូកសិល្បៈអីទេមើលទៅល្អជាង»។
អ្នកនាងប្រកាសដើរចូលវិថីសិល្បៈ ប៉ុន្តែមិនទទួលយកសម្ដែងជាទ្រង់ទ្រាយធំដុំនោះទេ ដ៏រាបណាអ្នកនាងនៅមិនទាន់អាចព្រលែងកូនប្រុសអោយគេមើលថែដាច់មុខនៅឡើយ ដែលអ្នកនាងចាំបាច់ត្រូវតែមើលខុសត្រូវបន្ថែម។ អ្នកនាងថាខ្លួនមានគម្រោងពង្រីកមុខមាត់និងមុខជំនួញអោយកាន់តែរឹងមាំបន្ថែមទៀត បន្ថែមពីលើអាជីវកម្មបើកហាងសំលៀកបំពាក់និងហាងនាំចូលគ្រឿងរថយន្តពីអាមេរិកសម្រាប់បោះអោយម៉ូយ។
ប៉ុន្តែអ្នកនាងបញ្ជាក់ថាបើអោយអ្នកនាងសម្រេចបើកអាជីវកម្មច្រើនពេលរហូតដល់ថ្នាក់ទទួលការងារសិល្បៈម្ដងម្កាលអត់បាន ក៏អ្នកនាងមិនទទួលនោះដែរក្នុងពេលដែលអ្នកនាងនៅស្រឡាញ់ការងារសិល្បៈនៅឡើយ។
អ្នកនាងថាសប្បាយចិត្តដែលលោក ចាន់ ថន ជាស្វាមីមិនបង្ខំអោយអ្នកនាងចេញទៅរស់នៅអាមេរិក ហើយថែមទាំងយកចិត្តយកថ្លើមអ្នកនាងទ្វេរដងចាប់តាំងពីអ្នកនាងបានកក្លាយជាម្ដាយរបស់កូនប្រុសលោក។
អ្វីដែលអ្នកនាងសប្បាយចិត្តជាងគេ គឺលោកបើកផ្លូវអោយអ្នកនាងទទួលធ្វើពិធីការិនី ថតស្ពត និងសម្ដែងខ្លីដែលធ្វើអោយអ្នកនាងចាប់ផ្ដើមមានទំនាក់ទំនងសារឡើងវិញជាមួយនឹងអ្នកសិល្បៈ។
យ៉ាងណាមិញ អ្នកនាងថាមិនចេះតែទទួលការងារនោះទេ ជាពិសេសការងារសម្ដែងដែលប្រើពេលយូរ ហើយតម្រូវអោយអ្នកនាងខាតពេលមើលថែកូន និងមើលខុសត្រូវមុខជំនួញ។ ជាក់ស្ដែងលោក ចាន់ ថន ជាស្វាមីបានទាំងចុះពីអាមេរិកមកធ្វើខួបកំណើតអោយអ្នកនាងកាលពីថ្ងៃទី២៧ ឧសភា ដែលអ្នកនាងបានចាត់ទុកថាស្វាមីនៅតែផ្ដល់ក្ដីស្រឡាញ់ដល់អ្នកនាងនោះផង។
លោក ចាន់ ថន ស្វាមីអ្នកនាង លី ម៉ារីណា បានឆ្លើយប្រាប់ថាដោយសារតែភរិយារបស់លោកមានបំណងចង់រស់នៅជួបជុំបងប្អូន ឪពុកម្ដាយនៅស្រុកខ្មែរច្រើនជាង ទើបលោកសម្រេចចិត្តដាក់ចិត្តចុះឡើងស្រុកខ្មែរជំនួសវិញដើម្បីអោយភរិយាសប្បាយចិត្ត។
លោកថារាល់ថ្ងៃលោកឡើងចុះកម្ពុជាមិនសូវលោះពេលនោះទេជាពិសេសពាក់ព័ន្ធនឹងមុខជំនួញ ទើបលោកយល់ថាហេតុផលដែលអ្នកនាង លី ម៉ារីណា រស់នៅស្រុកខ្មែរ មិនទៅរស់នៅអាមេរិកតាមលោក គឺមិនប៉ះពាល់ដល់សុភមង្គលប្ដីប្រពន្ធ។
លោកថាអ្នកនាងកាន់កាប់មុខជំនួញដែលលោកបើកអោយក៏ច្រើននៅស្រុកខ្មែរ ដូច្នេះមិនចាំបាច់ទៅរស់នៅអាមេរិកក៏បានដែរ ក្នុងពេលដែលនៅស្រុកខ្មែរក៏ស្រួលរកលុយមិនចាញ់នឹងការរស់នៅនៅលើទឹកដីអាមេរិក។
លោកបានប្រកាសថាបើកសិទ្ធិអោយអ្នកនាងទទួលការងារសិល្បៈជាថ្មី ប៉ុន្តែសម្រាប់ការងារទាំងឡាយណាដែលធ្វើអោយអ្នកនាងហត់នឿយ ក៏លោកមិនចង់អោយអ្នកនាងធ្វើនោះដែរ ដើម្បីកុំអោយមានការប៉ះពាល់ដល់សុខភាព។ យ៉ាងណាមិញ លោកថាប្រសិនបើអ្នកនាងមានបំណងចង់ទៅរស់នៅអាមេរិកគឺអ្នកនាងនឹងទៅបានគ្រប់ពេលដោយសារតែឯកសារស្នាមផ្សេងៗគឺមានរៀបរយអស់ហើយសម្រាប់អ្នកនាងដែលជាភរិយារបស់លោកនោះ៕