ចិនជំរុញកូរ៉េខាងជើងឲ្យបញ្ឈប់សកម្មភាពបង្កភាពតានតឹងបន្ថែមទៀត

ប្រទេស​ចិន នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​កូរ៉េ​ខាង​ជើង ឲ្យ​គោរព​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​បញ្ឈប់​ទង្វើ​ទាំង​ឡាយ​ណា ដែល​អាច​ធ្វើ​ឲ្យ​ភាព​តាន​តឹង​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​កាន់​តែ​អាក្រក់​ឡើង បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​បាន​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ ក្រសួង​ការបរទេស​ចិន បាន​លើក​ឡើង​ថា ចិន​ក៏​សង្ឃឹម​ថា គ្រប់​ភាគី​ទាំង​អស់​អាច​ធ្វើ​សកម្មភាព​ដោយ​ប្រយ័ត្ន​ប្រយែង ដើម្បី​បង្ការ​ស្ថានការណ៍​កុំ​ឲ្យ​រីក​ធំ​ឡើង។

ចិន​បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​អន្តរទ្វីប​ជា​ថ្មី​កាល​ពី​យប់​មិញ​នេះ ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន។

ក្រៅ​ប្រតិកម្ម​របស់​ចិន កូរ៉េ​ខាង​ត្បូង​បាន​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​បន្ថែម​ទៀត ខណៈ​មេដឹកនាំ​ជប៉ុន​វិញ បាន​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​បង្កើន​សម្ពាធ​លើ​របប​ក្រុង​ព្យុងយ៉ាង។ ចំណែក​ឯ​អាមេរិក​វិញ បាន​ព្រមាន​ថា កូរ៉េ​ខាង​ជើង​កំពុង​តែ​ធ្វើ​សកម្មភាព​គឃ្លើន និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់។

ទោះជាយ៉ាងណា វា​ដូច​រាល់​ដង​អញ្ចឹង បណ្ដា​ប្រទេស​ទាំង​នេះ សុទ្ធ​តែ​បញ្ចេញ​ប្រតិកម្ម​រៀងៗ​ខ្លួន ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ម្ដងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ