កូរ៉េខាងជើងថា មីស៊ីលរបស់ខ្លួនអាចវាយប្រហារដល់ទឹកដីអាមេរិក

កូរ៉េ​ខាង​ជើង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូវ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប ដែល​មាន​សមត្ថភាព​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក​ដី​គោក ដែល​ការ​ធ្វើ​តេស្ត​នេះ​ នាំ​ឲ្យ​មាន​ការ​ព្រមាន​យ៉ាង​ស្រួច​ស្រាវ​ពី​ប្រធានាធិបតី​អាមេរិក និង​បង្ក​ឲ្យ​ចិន​ខឹង​សម្បារ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​និយាយ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ចេញ​ទៅ​ពិនិត្យ​មើល​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​នោះ​ទាំង​កណ្ដាល​យប់​មិញ​នេះ ហើយ​និយាយ​ថា នេះ​គឺ​ជា​ “ការ​ព្រមាន​ធ្ងន់​ធ្ងរ”​សម្រាប់​អាមេរិក​ថា អាមេរិក​នឹង​មិន​ជៀស​ផុត​ពី​មហន្តរាយ​នោះ​ឡើយ ប្រសិន​បើ​ខ្លួន​ព្យាយាម​វាយ​ប្រហារ។

ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង បាន​ផ្សព្វផ្សាយ​រូបភាព​នៃ​ការ​បាញ់​គ្រាប់​មីស៊ីល​នោះ ដោយ​បង្ហាញ​នូវ​​មីស៊ីល​ហោះ​ចេញ​ជាមួយ​ភ្លើង​ភ្លឺ​ចិញ្ចាច​នៅ​កណ្ដាល​ស្បៃ​រាត្រី​ងងឹត ហើយ​បង្ហាញ​រូប​ភាព​លោក គីម ទះដៃ​អបអរ​ជាមួយ​ជំនួយ​ការ​យោធា។

KCNA បាន​ផ្សាយ​ថា ការ​បាញ់​សាក​ល្បង​នោះ​ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទំនុក​ចិត្ត​នៃ​ប្រព័ន្ធ ICBM បង្ហាញ​ពី​សមត្ថភាព​នៃ​ការ​វាយ​ប្រហារ​របស់ ICBM ទៅ​លើ​តំបន់ និង​ទីកន្លែង​ណា​មួយ​នៅ​ពេល​ណា​មួយ និង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ដី​គោក​អាមេរិក​ទាំង​មូល ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ​ដែល​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​អាច​រត់​ទៅ​ដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ