កម្មករព្រមានបិទផ្លូវជាថ្មីទៀតនៅចាក់អង្រែក្រោមបន្ទាប់ពីថៅកែរត់ចោល

កម្មកររោងចក្រជុងហ្វៃ (ប្រភពពីហ្វេសប៊ុក)

កម្មកររោងចក្រជុងហ្វៃ នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ព្រមានបិទផ្លូវជាថ្មីទៀតនៅថ្ងៃស្អែក បន្ទាប់ពីពួកគេប្រមាណ១០០នាក់បាននាំគ្នាតវ៉ាបិតផ្លូវជិត២០នាទីនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីថៅកែរោងចក្របិទទ្វារត់ចោល។

កម្មករឲ្យដឹងថារោងចក្រជុងហ្វៃបានបិទទ្វារយៈពេលបីខែហើយ ដោយថៅកែមិនបានបើកប្រាក់ឈ្នួលចុងក្រោយនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករឡើយ។

តំណាងកម្មករ អ្នកស្រី ញឹម ផល្លី ឲ្យដឹងថាក្រុមកម្មករធ្លាប់បានតវ៉ានិងរកអន្តរាគមន៍ពីក្រសួងការងារនិងតុលាការផងច្រើនដងដែរ ប៉ុន្តែមិនទទួលបានដំណោះស្រាយនោះទេទើបពួកគាត់សម្រេចនាំបិទផ្លូវបែបនេះ។

អ្នកស្រីបន្ថែមថា៖ “បើមិនដោះស្រាយឲ្យពួកខ្ញុំ[កម្មករ]ទៀតទេ ពួកខ្ញុំតស៊ូបិទផ្លូវទៀត ងាប់ក៏ខ្ញុំលេងគិតដែរ ខ្ញុំទ្រាំជាង២ខែហើយ”។

កម្មករម្នាក់ទៀត អ្នកស្រី ទ្រេស សំរ៉ស់ ឲ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញចេញដីការឹបអូសទ្រព្យសម្បត្តិរោងចក្ររួចហើយ ដើម្បីលក់ឡៃឡុង ប៉ុន្តែរយៈពេលមួយខែហើយតុលាការមិនទានមានចំណាត់ការអ្វីបន្តទេ។ អ្នកស្រីថាការបន្តពន្យាពេលនេះបានធ្វើឲ្យកម្មករជួបការលំបាកជាច្រើន។

អ្នកស្រីបន្ថែមថា៖ “ផលលំបាកពួកខ្ញុំគឺខ្លាំងណាស់ គឺគ្មានលុយបង់ថ្លៃផ្ទះជួល ថ្លៃហូបចុក ប្រចាំថ្ងៃ គ្មានលុយឲ្យកូនរៀន”។

វីអូឌីមិនអាចទាក់ទង អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្មកគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ ដែលកាន់សុំណុំរឿងនេះបានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ធ្លាប់មានប្រសាសន៍ថាកន្លងមកមានរោងចក្រច្រើនណាស់បានបិទទ្វាររត់ចោលកម្មករ ដោយមិនបានដោះស្រាយប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

លោក ប៉ាវ ស៊ីណា អះអាងថា បើតាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា ត្រូវតម្កល់ប្រាក់នៅធនាគារជាតិ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគនិងសម្រាប់បើកជូនកម្មករពេលក្រុមហ៊ុនរត់ចោលឬបិទទ្វារ។ ប៉ុន្តែលោកថាកន្លងមកដោយសារតែការអនុវត្តច្បាប់មិនបានល្អធ្វើឲ្យកម្មកររងទុកលំបាក។

ក្រុមកម្មករឲ្យដឹងថា រោងចក្រជុងហ្វៃមានកម្មករសរុបប្រមាណ២០០នាក់ ហើយកម្មករទាំងនោះបានធ្វើការនៅរោងចក្រនេះពី៥ទៅ១០ឆ្នាំ។ ពួកគេអះអាងថា នឹងបិទផ្លូវទៀតនៅថ្ងៃស្អែកប្រសិនបើគ្មានដំណោះស្រាយណាមួយពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ