សកម្មជនដីធ្លីថាតុលាការគ្រោងកោះហៅអ្នកបឹងកក់៣នាក់ទៀតករណីជេរប្រមាថ

ក្រុមប្រជាពលរដ្ឋសហគមន៍បឹងកក់ (ដោយ ណាត សុភាព)

អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់អះអាងថា តុលាការគ្រោងកោះហៅពួកគេបន្ថែម៣នាក់ទៀតឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ខែកញ្ញាជាមួយ អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំ ដោយថាពាក់ព័ន្ធនឹងបទចោទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់។

សកម្មជនដីធ្លីទំាងបីនាក់នោះរូមមាន អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូវ ឆវី។

កាលពីថ្ងៃទី២២ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អ្នកស្រី ទេព វន្នី ថាបានប្រមាថរាជការសាធារណៈ ខណៈតវ៉ានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។

ក្នុងសន្និសីទសារព័ត៌មាននៅតំបន់បឹកកក់ក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ អ្នកស្រី បូវ ឆវី ថ្លែងថាមេធាវីអង្គការលីកាដូ បានប្រាប់ពួកគេថា តុលាការគ្រោងកោះហៅអ្នកបឹងកក់បីនាក់បន្ថែមទៀត ពាក់ព័ន្ធនឹងសំណុំរឿងជាមួយអ្នកស្រី ទេព វន្នី ដែលតុលាការចោទថា ប្រមាថរាជការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់។ តែអ្នកស្រីថា បទល្មើសនេះត្រូវបានតុលាការចោទប្រកាន់ដោយប្តូរទីតំាងប្រព្រឹត្តបទល្មើសពីក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីឆ្នំា២០១៣ទៅប្រព្រឹត្តនៅមុខសាលារាជធានីភ្នំពេញកាលពីឆ្នាំ២០១១វិញ ខណៈពួកគេស្នើសុំលោកនាយករដ្ឋមន្ត្រីបញ្ចេញកំាមេរ៉ាផ្ទះលោកហ៊ុន សែន ដើម្បីបញ្ជាក់ការពិត។ អ្នកស្រីបន្តថា៖ “គ្មានអ្វីចំឡែកទេ ដូចថាខាងរដ្ឋាភិបាល ដូចជាកម្លាំងសមត្ថកិច្ចមួយថ្ងៃៗ បែបអង្គុយគិត គាត់គេងគិត ត្រូវរកវិធីណាលាបពណ៌មកវាយប្រហារមកលើប្រជាពលរដ្ឋខ្លួនឯង ចាប់ប្រជាពលរដ្ឋខ្លនឯងយកទៅដាក់ពន្ធនាគារ ដោយពួកយើងមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ យើងជាជនរងគ្រោះពិតប្រាកដ យើងជាស្ត្រីទេដែលយើងអ្នកតវ៉ា យើងមានកម្លាំងឯណាទៅតបតជាមួយសមត្ថកិច្ចរាប់រយរាប់ពាន់នាក់ គេមានប្រដាប់អាវុធគ្រប់ដៃ យើងជាស្ត្រីយើងមានតែសំឡេងដែលយើងទាមទារនូវយុត្តិធម៌ នូវសិទ្ធិដីធ្លីរបស់ពួកយើង“។

អ្នកស្រី បូវ ឆវី បន្តថាបើតុលាការចេញដីកាកោះឲ្យពួកគេចូលបំភ្លឺ អ្នកស្រីថានឹងចូលបំភ្លឺ ប៉ុន្តែអ្នកស្រីថា បើតុលាការមិនឯករាជ្យ ពួកគេនឹងជាប់ពន្ធនាគារដូចករណីអ្នកស្រី ទេព វន្នី ដែរ។

សកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី អ៊ំ សុខន ស្នើសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់លើតំណាងពួកគេឲ្យមានសេរីភាពវិញ ដោយអ្នកស្រីថាពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ៖ “សូមឲ្យតុលាការទម្លាក់ការចោទប្រកាន់ថា ទេព វន្នី ជាអ្នកដឹកនាំ គឺអត់មានទាល់តែសោះ ហើយដូចបងប្អូនជ្រាបស្រាប់ហើយ ពួកខ្ញុំចេញទៅលើកណាក៏ដោយ គឺមានអំពើហិង្សាជាប់ជានិច្ច ទេព វន្នី តែងតែផ្តល់មតិឲ្យពួកយើងខ្ញុំថា គេធ្វើមកលើយើងធ្វើចុះ តែធ្វើយ៉ាងណាយើងកុំធ្វើទៅលើគេ គឺថាធ្វើដោយអហិង្សា“។

នាយកអង្គការលីកាដូ លោកស្រី ណាលីស៊ីឡូ ដែលចុះឃ្លាំមើលសកម្មជនបឹងកក់ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ បានថ្លែងតាមរយៈអ្នកបកប្រែថារដ្ឋាភិបាលកំពុងប្រើប្រព័ន្ធតុលាការគំរាមកំហែងសម្មជនដីធ្លីឲ្យបញ្ឈប់ការតវ៉ា តាមរយៈការប្តឹងបន្ថែមលើសកម្មជនដីធ្លីទំាងនោះ៖ គាត់ឃើញថានេះគ្រាន់តែជាអ្វីដែលរដ្ឋាភិបាលគាត់មិនចង់ឲ្យឃើញមានសកម្មភាពអញ្ចឹង ពួកគាត់ទាមទារសុំឲ្យមានដោះលែងអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែអ្វីដែលជាការឆ្លើយតបគឺមានតែដាក់បណ្តឹងបន្ថែមទៅលើពួកគេ ឥឡូវបានប្តឹងបន្ថែម៣នាក់ទៀត មានអ្នកស្រី បូ ឆវី គង់ ចន្ថា ហើយនិង ហេង មុំ ហើយនឹងអ្នកស្រី ទេព វន្នី គ្រាន់តែជាវិធីមួយ ដើម្បីឲ្យដោះស្រាយ ហើយធ្វើម៉េចដើម្បីបញ្ឈប់ឲ្យពួកគាត់ឈប់តវ៉ាលែងមានសកម្មភាពអ្វីតទៅទៀត បំបិទសំឡេងរបស់ពួកគាត់“។

VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានទេនៅព្រឹកថ្ងៃចន្ទនេះ។

កាលពីថ្ងៃទី២២ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែបទចោទលើសកម្មជនដីធ្លីបឹងកក់២នាក់ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពីបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ) ទៅជាបទល្មើសប្រមាថ (មាត្រា៥០២នៃក្រមដដែល) វិញដោយលោកថា តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៦ថ្ងៃនិងពិន័យជាប្រាក់៨ម៉ឺនរៀលក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងសំនុំរឿងពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប ១រូប និងទាមទារយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី។

យ៉ាងណាក៏ដោយក្នុងចំណោមអ្នកជាប់ឃុំទំាងពីរនាក់នោះ ត្រូវបានតុលាការដោះលែងម្នាក់និងបន្តឃុំខ្លួនម្នាក់ ក្រោយពីតុលាការរកឃើញបទចោទថ្មីមួយទៀត ប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣។ប៉ុន្តែនៅពេលនេះតុលាការបានប្តូរទីកន្លែងដែលត្រូវចោទប្រកាន់នោះវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ