តម្រួតថៃស្វែងរកចាប់ខ្លួនជនសង្ស័យបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូង

(រូបភាពពី Reuters)

តម្រួតថៃនៅថ្ងៃចន្ទនេះ បានបញ្ចេញអត្តសញ្ញាណជនសង្ស័យទីបី ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅតាមបណ្ដាខេត្តនានានៅភាគខាងត្បូងប្រទេសថៃនៅខែនេះ ដែលបានសម្លាប់មនុស្ស៤នាក់ ហើយបានភ្ជាប់ជាលើកដំបូងការវាយប្រហារទាំងនោះ ទៅនឹងពួកបំបែកខ្លួនមូស្លីមប្រតិបត្តិការនៅភាគខាងត្បូង។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានផ្សាយថា ឧស្សាហកម្មទេសចរណ៍ថៃបានរងផលប៉ះពាល់យ៉ាងធំដោយសារតែអំពើហិង្សាបង្កឡើងដោយពួកបះបោរនៅភាគខាងត្បូង ហើយអាជ្ញាធរថៃដំបូងឡើយបានទាត់ចោលទំនាក់ទំនងនៃការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១១និង១២ ខែសីហានិងក្រុមបំបែកខ្លួន។

ប៉ុន្តែតម្រួតថៃដែលបានចេញដីកាចាប់ខ្លួនជនសង្ស័យទីបីនៅថ្ងៃនេះបាននិយាយថា ជនសង្ស័យទាំង៣នេះ មានទំនាក់ទំនងទៅនឹងការបំផ្ទុះគ្រាប់បែកនានាដែលរៀបចំដោយពួកបះបោរមូស្លីម។

មនុស្ស៤នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅតាមបណ្ដាតំបន់ទេសចរណ៍នានានៅភាគខាងត្បូងប្រទេសថៃនៅក្នុងខែនេះ ហើយមនុស្សជាច្រើននាក់ទៀតបានរងរបួស ក្នុងនោះមានជនបរទេសផងដែរ។

អាជ្ញាធរបានបង្ហាញតម្រុយថា ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ អាចជាអ្នកទទួលខុសត្រូវលើការវាយប្រហារនោះ ប៉ុន្តែលោក ថាក់ស៊ីន បានបដិសេធ។

ខេត្តផាត់តានី យ៉ាងឡា និងណារ៉ាធីវ៉ាត់ នៅភាគខាងត្បូងប្រទេសថៃ គឺជាតំបន់សម្បូរជនមូស្លីមដែលបះបោរប្រឆាំងនឹងរដ្ឋាភិបាលកណ្ដាលចាប់តាំងពីឆ្នាំ២០០៤មក។

យោងតាមក្រុមឃ្លាំមើលភាគខាងត្បូងថៃបានឲ្យដឹងថា មនុស្សជាង៦៥០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់សម្បូរជនមូស្លីមនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារដែលបានកើតឡើងរាល់ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ