ក្រុមសហជីពថា មិនចង់ឃើញកម្មករក្លាយជាចំណាប់ខ្មាំងរបស់អ្នកនយោបាយ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 8:37 AM | អភិបាលកិច្ចល្អ | 0 | 3536

សហជីពចំនួន៥ អំពាវនាវទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា និងថា មិនចង់ឲ្យអ្នកដឹកនាំខ្មែរ យកពលរដ្ឋ ធ្វើជាចំណាប់ខ្មាំងក្នុងរឿងនយោបាយឡើយ។

ក្នុងលិខិតមួយ ដែលផ្ញើជូនទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ហៃដ្ត​ នាព្រឹកថ្ងៃពុធនេះ សហជីពចំនួន៥ លើកឡើងថា ពួកគេមានក្ដីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានបញ្ឈប់ផ្ដល់ការអនុគ្រោះពន្ធ និងការលើកលែងពន្ធផ្សេងៗ ដល់កម្ពុជា ដោយថា ទណ្ឌកម្មនេះ នឹងធ្វើឲ្យបះពាល់ដល់សេដ្ឋកិច្ចជាតិ និងក្រុមកម្មកររោងចក្រប្រមាណ៨០ម៉ឺននាក់។

បើតាមលិខិតនេះ សហជីពទាំង៥ រួមមាន សហភាពចលនាកម្មករកម្ពុជា (CCW) សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចពលរដ្ឋកម្ពុជា (CDPLA) សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW) និងសម្ព័ន្ធសហជីពការងារឯករាជ្យ (ILUC)។

ក្រុមសហជីព ស្នើឲ្យសហរដ្ឋអាមេរិក ពិចារណាចំពោះការដាក់ទណ្ឌកម្មឡើងវិញ និងថា មិនចង់ឃើញក្រុមកម្មករនិយោជិត ក្លាយជាជនរងគ្រោះ និងចំណាប់ខ្មាំង របស់អ្នកនយោបាយខ្មែរឡើយ។

ក្នុងលិខិតនោះ ក្រុមសហជីព លើកឡើងថា៖ «ក្នុងនាមយើងខ្ញុំ តំណាងឲ្យកម្មករនិយោជិតនៅកម្ពុជា ដែលបាននឹងកំពុងធ្វើសកម្មភាពការងារយ៉ាងសកម្ម ក្នុងការជំរុញឲ្យមានការលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពជូនកម្មករនិយោជិត ពិតជាមិនចង់ឃើញកម្មករនិយោជិតក្លាយជាជនរងគ្រោះ និងជាចំណាប់ខ្មាំងរបស់ក្រុមអ្នកនយោបាយណាមួយឡើយ»

ក្នុងលិខិតមួយទៀត ផ្ញើទៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Gorge Edgar នៅថ្ងៃពុធនេះ ក្រុមសហជីពដដែលនេះ ក៏ស្នើដល់សហគមន៍អឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង អនុញ្ញាតឲ្យកម្ពុជា អាចបន្ដនាំចេញទំនិញនានាទៅកាន់ទីផ្សារអន្ដរជាតិ និងបន្ថែមការបញ្ជាទិញពីកម្ពុជា ឲ្យបានច្រើនជាងមុន។

ការអំពាវនាវរបស់ក្រុមសហជីព គឺបន្ទាប់ពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសលោកសេរីមួយចំនួន បានព្រមានដាក់ទណ្ឌកម្មលើកម្ពុជា ក្រោយមានការរំលាយគណបក្សប្រឆាំងដ៏ធំ កាលពីពេលថ្មីៗនេះ។ ប្រទេសលោកសេរីទាំងនេះ បានជំរុញជាច្រើនដង ឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា អះអាងថា ការដែលក្រុមសហជីព មិនដាក់លិខិតទៅរដ្ឋាភិបាលនោះ ព្រោះលោកថា មិនចង់ដាក់បន្ទុកឲ្យភាគីណាមួយ និងចង់ឲ្យអន្ដរជាតិ ដើរតួជាអ្នកសម្របសម្រួលដោះស្រាយបញ្ហានយោបាយ ដែលកំពុងតានតឹងនេះ។

លោកស្នើថា អ្នកនយោបាយ គួរពិភាក្សាគ្នារកដំណោះស្រាយ មុននឹងអន្ដរជាតិដាក់ទណ្ឌកម្ម ដែលធ្វើប្រជាពលរដ្ឋខ្មែរ ក្លាយជាជនរងគ្រោះទៅវិញ។

VOD មិនអាចទាក់ទងអ្នកនាំពាក្យបក្សកាន់អំណាច លោក សួស យ៉ារ៉ា និងលោក សុខ ឥសាន បានទេ បើគិតមកទល់ម៉ោងចេញផ្សាយនេះ។

ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយវិទ្យុ VOA នៅព្រឹកនេះដែរ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក លោក វីល្លៀម ហៃដ្ត​ មានប្រសាសន៍ថា សហរដ្ឋអាមេរិក កំពុងពិនិត្យមើលគោលនយោបាយការបរទេសជាមួយកម្ពុជាឡើងវិញ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ដែលគេរំពឹងថា អាចយកឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ បែរជាត្រូវគេរំលាយចោល។

លោក លោក វីល្លៀម ហៃដ្ត​ យល់ថា នៅកម្ពុជា ពិបាកស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ដែលមានភាពត្រឹមត្រូវ និងយុត្តិធម៌ បន្ទាប់ពីបាត់បង់គណបក្សប្រឆាំងដ៏ធំ ដែលធ្វើឲ្យពលរដ្ឋ មិនអាចជ្រើសរើសគណបក្ស ដែលពួកគេពេញចិត្ត។

ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន​នេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថា កំពុងមានភាពតានតឹង បន្ទាប់ពីលោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ខែ​វិច្ឆិកា៕

បើតាមរបាយការណ៍ ផលិតផលក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងវិស័យផ្សេងទៀត ប្រមាណ៨០ភាគរយ ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ ហើយក្រុមសហជីពថា បើបិទច្រកទីផ្សារទាំង២នេះមែន នោះនឹងធ្វើប៉ះពាល់ជីវភាពកម្មករ ប្រមាណ៨០ម៉ឺននាក់៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required