វិភាគ៖ ការតម្លើងឋានៈដល់អ្នកវាយតំណាងរាស្ត្រជាការលើកទឹកចិត្តឲ្យមានហិង្សាក្នុងសង្គមឬទេ?

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 8:37 AM | បទវិភាគ | 0 | 38934 (ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

ច្រើនឆ្នាំមកនេះព្រឹត្តិការណ៍គួរឲ្យតក់ស្លុតជាច្រើនបានកើតឡើង ដែលក្រុមគ្រួសារនិងជនរងគ្រោះអះ​អា​ង​​​​ថា រដ្ឋាភិបាលហាក់នៅមានភាពលាក់បាំងនៅឡើយ ពីការស្វែងរកជនដៃដល់និ​ងអ្នកពា​ក់ព័​ន្ធមក​ផ្ត​​​ន្ទា​​​​ទោស ដើ​ម្បី​ទប់ស្កាត់ភាពរីកដុះដាលនៃវប្បធម៌និទណ្ឌភាព។

ព្រឹត្តិការណ៍តក់ស្លុតទាំងនោះ មានឃាតកម្មបាញ់សម្លាប់តារាចម្រៀងអ្នកស្រី ពិសិទ្ធ ពិលីកា កញ្ញា ទូច ស៊ុន​និច បាញ់សម្លាប់មេដឹកនាំសហជីពសេរីកម្មករ លោក ជា វិជ្ជា បាញ់សម្លាប់អ្នកការពារបរិស្ថាន លោ​ក ឈុត វុទ្ធី បាញ់សម្លាប់អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះលោក កែម ឡី និងការប្រើហឹង្សាវាយលើ​​អ្ន​​ក​តំ​​​​​ណា​ង​​​​រា​​ស្ត្រ​បក្សប្រឆាំងជាដើម។

ករណីវាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំងនៅជាប់របងរដ្ឋសភា កាលពី​ចុងឆ្នាំ២០១៥ គឺជាប្រ​ធានបទមួយ​សម្រាប់ការពិចារណាថា តើប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជាបាន​ផ្ត​ល់​​យុត្តិធម៌ក​ជូនជនរងគ្រោះបានម្រិតណា​?

គេនៅចាំបានថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥​ មនុស្សមួយក្រុម​ដែលគេស្គាល់ថាជាអ្នកគាំទ្រគ​ណប​ក្ស​​ប្រ​ជាជនកម្ពុជា បានប្រមូលផ្តុំគ្នាមុខមន្ទីររដ្ឋសភា ធ្វើបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញពីអនុប្រ​ធានទី១នៃរដ្ឋសភា។

ជាមួយគ្នានោះ មានបុរសមួយក្រុមបានព្រួតគ្នាវាយទាត់ធាក់អ្នកតំណាងរាស្ត្រពីររូបរបស់គណប​ក្សស​ង្គ្រោះ​​ជាតិ ពេល​ពួកគេចេញពីប្រជុំនៅមន្ទីររដ្ឋសភា។

ហិង្សានោះបានបង្កឲ្យខូចខាតរថយន្តនិងបង្កឲ្យជនរងគ្រោះជាតំណាងរាស្ត្របក្សប្រឆាំង បែកឈា​មពេ​ញ​​​​ផ្ទៃមុ​ខ​និងសន្លប់​ដេកដួ​ល​​នៅ​លើដី។

ក្រោយព្រឹត្តិការណ៍នោះ មានវីដេអូឃ្លីបមួយបានផុសលើបណ្តាញសង្គម បង្ហាញមុខជនដៃ​​ដល់ប្រ​មា​ណ​​ជា​​ជាង១០នាក់ព្រួតគ្នាវាយតំណាងរាស្ត្រ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមក ទាហាននៅកង​អង្គរក្ស​៣នាក់ បា​ន​ចេ​ញ​​សារភាព តាមការអំពាវនាវរបស់លោក ហ៊ុន សែន ដោយថាពួកគេពិត​ជាបា​នព្រួ​ត​​គ្នា​​​ប្រើហិ​ង្សាប​ង្ក​ឲ្យ​តំ​ណាងរា​ស្ត្របក្ស​ប្រឆាំងរ​ងរ​បួ​ស​ពិត​ប្រាក​ដ​មែ​​ន។

បន្ទាប់ពីជនដៃដល់បានចេញសារភាព តុលាការបានផ្តន្ទាទោសអ្នកទាំង៣នាក់នោះ ឲ្យ​ជាប់ទោ​សម្នា​ក់​ៗ៤ឆ្នាំ ចោទពីបទហិង្សាដោយ​ចេត​នា ខណៈមេធាវីការពារជនរង​គ្រោះ​ប្តឹ​ងជនដៃដល់ពីបទមនុ​ស្ស​ឃា​តគិតទុកមុន។

ប៉ុន្តែ​តុលាការបានដាក់ទោសជនជាប់ចោទជាអង្គរក្សនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះតែ​មួយ​ឆ្នាំ​​ប៉ុ​ណ្ណោះ​ សល់​៣​​​ឆ្នាំ​​ទៀតត្រូវព្យួរ។

ក្រោយពីទទួលទោសបាន១ឆ្នាំ ពួកគេទាំង៣នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ប៉ុន្តែអ្វីដែលជា​ការ​​កត់​​​​សម្គាល់ គឺក្រោយពីអង្គរក្សទាំងបីនាក់នោះចេញពីពន្ធនាគារ បានតែ១៤ថ្ងៃប៉ុណ្ណោះ ជនដៃដ​ល់វា​យ​តំ​ណាងរាស្ត្រពីរនាក់ក្នុងចំណោមនោះ មានលោក សុត វណ្ណី និងលោក ម៉ៅ ហឿន ត្រូវ​បាន​លោកនាយករដ្ឋមន្ត្រី តម្លើ​ង​ឋា​នន្តរស័ក្តិ ពីថ្នាក់វរសេនីយ៍ទោ ទៅ​វរ​​​​សេនី​យ៏​ឯក ខណៈជនជាប់ចោទត្រូវ​អនុវត្តទោ​សព្យួរ បន្តរ​យៈពេ​ល៣​ឆ្នាំទៀ​តនៅឡើយ​។

ការតម្លើងឋានៈនេះ ដោយយោងតាម​អនុក្រឹ​​ត្យ​ចុះ​​ថ្ងៃ​​ទី​១៧ វិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា​ដោយ​​លោ​​​ក ហ៊ុន សែន ។

តើការតម្លើងឋានៈឲ្យអ្នកវាយតំណាងរាស្ត្រនេះ ជាការលើកទឹកចិត្តឲ្យមានអំពើហិង្សាឬទេ?

អ្នកការពារសិទ្ធិមនុស្សនិងអ្នកវិភាគមួយចំនួនលើកឡើងថា ការតម្លើងឋានៈដល់អ្នកជាប់ពាក់ព័ន្ធ​នឹងការ​​ប្រើ​​ហិង្សាវាយតំណាងរាស្ត្រនេះ ពួកគេថាជាការជំរុញឲ្យមានអំពើហិង្សាកើតឡើងក្នុងសង្គម និងជា​ស​​ញ្ញាបែកបាក់ផ្ទៃក្នុងរបស់សង្គមខ្មែរ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា វិភាគថា ការត​ម្លើ​ង​ឋា​​នៈនេះ អាចជាសារបង្ហាញថា រដ្ឋាភិបាលបានលើកទឹកចិត្តដល់អ្នកហ៊ានប្រើហិង្សា ច្រើនជា​ងបង្ហា​ញពីចំ​ណា​ត់​ការទប់ស្កាត់កុំឲ្យមានអំពើហិង្សាក្នុងសង្គម។

លោក មឿន តុលា វិភាគទៀតថា ការតម្លើងឋានៈឲ្យអង្គរក្សរបស់ខ្លួនដែលបា​នវាយតំ​ណាងរាស្ត្រ​បក្សប្រ​ឆាំងនេះ ក៏អាចជាសារមួយជំរុញឲ្យអ្នកដែលធ្លាប់ប្រើហិង្សានោះ ហ៊ានធ្វើសកម្មភាពបែបនេះបន្តទៀត ដោ​យ​​សារ​តែគេគិតថា ការផ្តន្ទាទោស​ស្ថិតក្នុងកម្រិ​តស្រា​លត្រឹមមួយឆ្នាំ បើ​ប្រៀ​ប​ធៀបនឹង​ស​កម្ម​​​ជ​ន​ដីធ្លីនិង​មន្រ្តីប​ក្ស​ប្រឆាំង ដែលតុលាការដាក់ទោសពី៣ទៅ២០ឆ្នាំ ដោយគ្រាន់តែតវ៉ាប្រឆាំង​នឹងការ​បណ្តេញចេញនិង​ទាមទារសិទ្ធិធ្វើនយោបាយតាមរដ្ឋធម្មនុញ្ញនោះ។

លោកថា៖ «បើយើងប្រៀបធៀបកន្លែងហ្នឹង យើងឃើញច្បាស់ក្រឡែតហ្មង រវាងស្តង់ដាពីរក្នុងការអនុវត្តច្បា​ប់ នៅក្នុងប្រទេសដ៏តូចមួយ។ ការដែលតម្លើងបុណ្យស័ក្តិទៅលើជនល្មើស ជនដែលបង្កហិ​ង្សា​ នៅ​ទី​សា​ធារ​ណៈ រហូតដល់វាយអ្នកតំណាងរាស្ត្រ គឺជាសារមួយបង្ហាញថា ការដឹកនាំហ្នឹង វាហាក់ដូចជា​មា​ន​ចេតនា​លើ​កស្ទួ​យឬក៏គាំទ្រអ្នកដែលប្រើហិង្សា។ បើទោះបីជាកន្លងទៅរដ្ឋាភិបាលធ្លាប់ចោទប្រកាន់គេថា ក្រុ​មនេះ​ឬក្រុ​មនោះ ប្រើអំពើហិង្សា ក៏​ប៉ុ​ន្តែ​ករ​ណី​អង្គ​រក្សនេះ គឺជាឧទាហរណ៍មួយបញ្ជាក់ថា ការដឹក​នាំបច្ចុប្បន្ននេះ គាំទ្រ​អំពើហិង្សា ច្រើន​ជាង​អំពើ​អ​ហិង្សា»។

បើតាមលោក មឿន តុលា ការដែលរដ្ឋាភិបាលធ្វើបែបនេះ មិនបានជួយស្តារប្រជាប្រិយភាពឡើងវិញបាន​ទេ តែលោកថាអាចធ្វើឲ្យម្ចាស់ឆ្នោតជាច្រើនទៀតបន្តទម្លាក់ចំណាត់ថ្នាក់បក្សកាន់អំណាចមួយនេះនៅពេ​ល​​បោះ​ឆ្នោតខាងមុខ។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគ​ប្រហាក់​ប្រហែ​​ល​ដែ​រ​​ថា ការតម្លើងឋានៈដល់អ្នកប្រើហិង្សានេះ អាចធ្វើឲ្យធ្លាក់ចុះប្រជាប្រិយភាព ទាំងនៅក្នុងជួរ​គ​ណ​ប​ក្ស​​​​កា​​ន់​អំណាច និងពីស្រទាប់មហាជន។

បើតាមលោក ចាន់ វិបុល ខាតទី១ដោយសារតែមន្ត្រីក្នុងជួរគ​ណប​ក្ស​កា​ន់អំ​ណា​ច​​មួយ​ចំនួន ដែលគេ​​ស្រ​ឡាញ់​យុត្តិធម៌ នឹងមិនពេញចិត្តការឲ្យតម្លៃទៅលើជនដៃដល់ដែលធ្លាប់មានប្រវត្តិមិនល្អនេះ និងទី២​ធ្វើ​​ឲ្យ​​មហាជនរិះគន់ថា ការតម្លើងឋានៈដល់អ្នកធ្លាប់ប្រើហិង្សាបែបនេះ នឹងធ្វើឲ្យ​ជន​ដ​ទៃ​ទៀ​តកាន់តែ​ហ៊ានធ្វើ​អំពើបែបនេះដោយគ្មានខ្លាចជាប់ទោស។

ប៉ុន្តែលោក ចាន់ វិបុល វិភាគថា ការតម្លើងឋានៈដល់អ្នកមានប្រវត្តិប្រើហិង្សានេះ ជាសញ្ញា​​ពុះបំបែក​ផ្ទៃ​ក្នុងជាតិ។

លោកថា៖ «ទី៣គឺបង្ហាញទៅគណបក្សផ្សេងៗ ទៅតួអង្គផ្សេងៗដែលមិនមែនជាក្រុមលោកថា គួរតែប្រុង​ប្រយ័ត្ន​​ ឲ្យបានច្រើនជាងមុន មិនគួរហ៊ានប៉ះពាល់អីទៅលើក្រុមរបស់គាត់អីអញ្ចឹងទេ បើមិនអីចឹង​ទេ គា​ត់អា​ច​ធ្វើអី​​ក៏​បានដែរ ដោយសារតែគាត់មានអំណាចបែបហ្នឹង។ អញ្ចឹងខ្ញុំឃើញថា អត់មា​នផលល្អ​​ស​ម្រា​ប់គាត់ក៏អត់ សម្រាប់សង្គមក៏អត់ដែរ។ ហើយ​បើយើ​ងនិយា​យ​ពីគោ​លកា​រណ៍ច្បាប់វិញ គឺអ្នកមា​នទោស​ដែលព្យួរសាលក្រមដោយតុលាការ មានតែទទួល​បន្ទុកក្នុងកា​រដក​តំ​ណែ​​ង​ទៅ​ទៀត។ ប៉ុ​ន្តែនេះទៅជាតម្លើងឋានន្តរស័ក្តិ អញ្ចឹងការតម្លើងនេះ ប្រហែលជាមិន​ធ្វើឡើងក្នុងបុព្វហេតុសម្រា​ប់រ​ដ្ឋា​ភិ​បា​​លឬក៏​​សង្គមជាតិទេ ប្រហែលជាលក្ខណៈបុគ្គល ជាការការពារបុគ្គលទៅវិញទេ»។

កន្លងទៅមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលសកម្មក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបអ្នកមានជម្លោះដីធ្លីនិង​​ស​ក​​​ម្ម​​ជនបក្សប្រឆាំងត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ដូចគ្នា ដូចជាអភិបាលរងខណ្ឌដូនពេញ លោក សុ​ខ​ ពេ​​ញ​វុធ ពេលនេះ​ត្រូវបានតម្លើងឋានៈទៅជាអភិបាលខណ្ឌនេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថា ការតម្លើងឋានន្តរស័ក្តិដល់អ្នក​ប្រើ​ហិ​ង្សា​នេះ​បង្ហាញថា បញ្ហានិទណ្ឌភាពនៅកម្ពុជាកំពុងកើនឡើង រីឯអ្នកហ៊ានប្រើហិ​ង្សា​នៅទីសាធារណៈ កំ​ពុង​​ត្រូវ​បានលើ​កទឹ​ក​ចិ​​​​ត្ត​។

លោកថា៖ «អ្នកដែលប្រើអំពើហិង្សា ដែលយើងឃើញមកដល់ពេលនេះ ដែលទាក់ទ​ងនឹងរឿងហិ​ង្សាន​យោបាយហ្នឹង ច្រើនតែត្រូវបានតម្លើងឋានន្តរស័ក្តិ។ ហើយយើងមើ​លរឿង​ស្រដៀល​គ្នាហ្នឹង​ដែរកាលពីកម្លាំងសន្តិសុខមក​វាយធ្វើបាបពលរ​ដ្ឋដែលត​វ៉ារឿ​ងដី​​ធ្លី​នោះ ក៏យើងស​ង្កេតឃើញថា ទីបំផុ​ត​កាកបាទក្រហមចេញមុខ ចូលទៅសួរសុខទុក្ខ អ្នកដែលគេ​បញ្ជូ​នម​​កឲ្យ​ទៅវ៉ាយពលរដ្ឋ រីឯព​លរដ្ឋដែល​រងគ្រោះ វាទៅជាអ្នកជាប់គុក​ទៅវិញ។​ បើអញ្ចឹ​ងទោះ​បីរឿង​អស់​ហ្នឹង​យើ​ង​​​មិនហ៊ានចោទ ក៏ប៉ុន្តែអា​ទង្វើចេ​ញមក​ម្តងមួយៗហ្នឹង គឺវាបាន​ធ្វើឲ្យ​ពលរ​ដ្ឋទូទៅហ្នឹង បានយ​ល់​ដឹងដោយខ្លួនឯងតែម្តង ទៅលើស្តង់ដាពីររបស់តុ​លាការ»។

បើតាមលោក មាស នី បើរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តដល់អ្នកដែលប្រើអំពើហិង្សា លោកបារម្ភថាអំ​ពើទាំងនោះ នឹងធ្លាក់ដល់រដ្ឋាភិបាលវិញនៅពេលខ្លួនបាត់បង់អំណាចនៅពេលណាមួយនោះ។

ទោះ​ជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីធ្លាប់អះអាងថា ការចុះទប់ស្កាត់អ្នកតវ៉ាដីធ្លី អ្នកធ្វើយុទ្ធនា​ការ​ថ្ងៃច​ន្ទ​ពណ៌ខ្មៅ លោកថាជាវិធានការទប់ស្កាត់កុំ​ឲ្យមានបដិវត្តព​ណ៌ឈាន​ទៅ​ផ្តួលរំលំ​រដ្ឋាភិ​បាលស្រ​បច្បា​ប់ និ​ងថាដើម្បីការពារសន្តិភាពនៅកម្ពុជា។

ប៉ុន្តែសម្រាប់អ្នកវិភាគវិញអះអាងថា ដរាបណាគម្លាតរវាងអ្នកមាននិងអ្នកក្រនៅឆ្ងាយដាច់ពីគ្នា ភាពអយុ​ត្តិធម៌ស​ង្គមនូវតែបន្តកើនឡើង ពលរដ្ឋនៅបន្តលាបពណ៌គ្នាតាមនិន្នាការនយោបាយ ដូចពេលនេះពួ​ក​គេព្រមាន​​ថា ការរំ​ពឹងពី​សន្តិ​ភា​ពរបស់រដ្ឋាភិបាល ហាក់ស្ថិ​តក្នុ​​ងកម្រិតគួរឲ្យព្រួយបារម្ភមួយ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required