គ.ជ.ប បញ្ជូន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភាទៅ​គណៈកម្មាធិការរាជធានី​ខេត្ត​បន្ត​នីតិ​វិធី

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 5:22 PM | បោះឆ្នោត | 0 | 1502

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ឲ្យ​ដឹង​ថា ឈ្មោះ​អង្គ​បោះឆ្នោត ឬអ្នកមានសិទ្ធិបោះឆ្នោត​​ជាង​១ម៉ឺន​នាក់ ត្រូវ​បាន​ គ.ជ.ប បញ្ជូនទៅ​កាន់​គណៈកម្មាធិការ​រាជ​ធានី​ ខេត្ត​ក្នុង​ការ​បិទ​ផ្សាយ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នា​ចុង​ឆ្នាំ​នេះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៨​ខែធ្នូ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា នីតិ​កាល​ទី​៤ ឆ្នាំ​២០១៨​ទៅ​កាន់​គណៈកម្មការ​រាជធានី ខេត្ត សម្រាប់​បិទ​ផ្សាយ​នៅ​តាម​ការិយា​ល័យ​បោះឆ្នោត​ចំនួន​៣៣ ​នៅ​ថ្ងៃ​ទី​៣០ ធ្នូ​ខាង​មុខហើយ​ ដោយ​មាន​អង្គ​បោះឆ្នោត​សរុប​ចំនួន​ ១១ ៦៩៥នាក់ ក្នុង​នោះ​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ មាន​១១ ៥៧២នាក់ និង តំណាង​រាស្ត្រ​ ១២៣នាក់។

គ.ជ.ប ឲ្យ​ដឹង​ទៀត​ថាបញ្ជី​នេះ​ត្រូវ​បាន​បិទ​ផ្សាយ​សម្រាប់​រយៈពេល១០​ថ្ងៃ ដើម្បី​ឲ្យ​ប្តឹង​តវ៉ា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលស្គាល់ជាផ្លូវការគណបក្សចំនួន ៤ សម្រាប់​​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ​សភា​នីតិកាលទី ៤ ឆ្នាំ២០១៨ ដែល​មាន​គណបក្សប្រជា​ជន​កម្ពុជា គណបក្សហ៊្វុនស៊ិនប៊ិច គណបក្សខ្មែររួប​រួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា។

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ឆ្នាំ ២០១៨ មានចំនួន ៦២រូប ដែលសមាជិក ២រូបត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភាមតិ​ភាគ​ច្រើន ហើយ​សមាជិកព្រឺទ្ធសភាផ្សេងទៀតត្រូវជ្រើសរើសដោយការបោះឆ្នោតអសកល មិន​ចំពោះ​តាម​វិធី​ជ្រើស​​រើសឆ្នោតជាសម្ងាត់។

កាលពីដំបូងឡើយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកំណត់ថ្ងៃទី១៤ ខែមករា ប៉ុន្តែក្រោយ​មក​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាសលើកពេលទៅថ្ងៃទី២៥ខែកុម្ភៈវិញ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required