សហគមន៍​​នៅក្រោយ​សាលាតិច​ណូនាំ​គ្នា​តវ៉ា​រឿង​តម្លៃ​ទឹក​​ឡើង​ទ្វេរដង

ពល​រដ្ឋ​នៅ​សហគមន៍​ចំនួន​ពីរខាង​ក្រោយសាលា​​តិច​ណូ​ ស្នើឲ្យ​រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ​ឲ្យ​ជួយអន្ត​រាគមន៍​ក្នុង​ការ​ទូ​រទាត់​តម្លៃ​នៃ​ការ​ប្រើ​ប្រាស់​ទឹក​ដែល​ពួក​គេ​ថាកើ​ន​លើស​ពីតម្លៃ​នៃ​ការ​ប្រើប្រាស់​ធម្មតា​មួយទ្វេរ​ពីរ។

ពល​រដ្ឋជិត​​២០​នាក់​ដែលតំណាង​ឲ្យជិត​​៥០​គ្រួសានៅ​ភូមិ​១៥និង​១៦​ ក្នុងសង្កាត់​ទឹក​ល្អ​ក់​១​ ​បាន​នាំ​គ្នា​មក​ដាក់ញ្ញាត្តិ​នៅ​រដ្ឋាករ​ទឹក​ភ្នំពេញ បន្ទាប់​ពី​ពូកគេ​ថា​វិក័យ​ប័ត្រ​ទឹក​សម្រាប់​ពីរ​ខែ​ចុង​ឆ្នាំ​២០១៦​ មាន​​​ភាព​មិន​ប្រក្រតី​ ដោយ​សារ​មាន​ការ​កើន​តម្លៃ​លើស​ពី​ការ​ប្រើប្រាស់​ខែ​មុនៗ​ ពី​២០០ទៅ​៣០០​ភាគ​រយ។

តំណាង​ពលរ​ដ្ឋ​ដែល​បាន​មក​ដាក់​ញ្ញាត្តិ អ្នកស្រី ទិត សៀប​ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថាក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៦តម្លៃ​នៃ​ការ​ប្រើ​ប្រាស់​​ទឹក​របស់​គ្រួសារអ្នកស្រី​គឺ​ធម្មតាទេចន្លោះ​ពី​៣០​ម៉ែត្រ​គូប ទៅ​៤០ម៉ែត្រ​គូប ​តែរយៈពេល​២ខែ​ចុង​ឆ្នាំការ​ប្រើ​ប្រាស់​​ទឹក​របស់​គ្រួសារ​អ្នក​ស្រី​កើន​ដល់​ជាង​១០០​ម៉ែត្រ​​​គូប ដែល​អ្នក​​ស្រី​ថា​នេះ​ជា​ភាព​មិន​ប្រក្រតី​មួយដែលមិន​អាចទទួល​យក​បាន​​​។

អ្ន​ក​ស្រី​​ថា៖ «ពល​រដ្ឋ​ផ្សេង​ទៀត​គាត់​រៀបរាប់​ថា​គ្រួសារ​របស់គាត់​ហ្នឹងគាត់បរិមាណ​នៃ​ការ​ប្រើ​ប្រាស់​របស់​គាត់​ហ្នឹង​តែ​៣ម៉ឺន​ទៅ​បួន​ម៉ឹន​អញ្ចឹង​ តែ​ខ្លះ​ឡើង​ដល់​៣០​ម៉ឺន តែ​ខាង​រដ្ឋាករ​គាត់​បន្ទោស​បុគ្គលិក​ថា​បុគ្គលិកគាត់​អ្នកកត់​លេខ​សល់ពី​ខែ​មុន​ពី​ឆ្នាំ​មុ​ន​អី​អញ្ចឹង​។ ហើយ​យក​មក​បូក​ជា​មួយ​ខែ​១១ ១២​នេះ តែ​របស់​ខ្ញុំ​អត់​មាន​ខុស​ទេទាំង​លេខ​អាន​ និង​លេខ​ក្រដាសគាត់​សរសេរ​ត្រូវ​គ្នា​ទាំង​អស់ ពល​រដ្ឋ​អ្នក​អាច​ទទួល​យក​បាន​ទេ! ហើយ​ថ្ងៃ​ស្អែក​ប្រជុំ​ទៅ​អត់​មាន​ប្រសិទ្ធភាព​ពួក​​ខ្ញុំ​ប្រហែល​ឡើង​ដល់​សម្តេច​ ហ៊ុន សែន ​ហើយ»។

តំណាង​ពល​រដ្ឋ​ម្នាក់​ទៀតលោក ភឿង ពិសី បាន​ឲ្យ​ដឹងថាពល​រដ្ឋដែល​រងផល​ប៉ះពាល់​ទាំង​អស់​នោះ​គឺ​មិន​ព្រម​បង់​ប្រាក់​តាម​វិក័យ​ប័ត្រ​​​នេះ​ទេ ក៏ព្រោះ​តែ​តម្លៃ​ហួស​ពី​អ្វី​ដែល​ពួកគេ​អាចទទួល​យក​បាន។ លោក​​ថា​ពល​រដ្ឋ​ធ្លាប់​ឡើងតវ៉ាពីរ​ដង​រួច​​មក​ហើយ​តែ​រដ្ឋាករ​ទឹក​ហាក់​ដូច​ជា​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​​ពួកគេ​នោះ​ទេ។

លោក​ ពិសី៖ «បើ​គិត​ជា​លុយ​ចំពោះ​ខែ​មុន​ៗ ខ្ញុំ​ប្រើ​អស់​តែ​១១ម៉ឺន​ប្រាំ​រយ​ទេ តែ​ដល់​ខែ​១១ និង​១២​នេះ​ខ្ញុំ​ចំណាយ​ដល់​ទៅ​២២ម៉ឺនបួនពាន់​ប្រាំ​បី​រយ​ហាសិប គឺ​ទ្វេ​រដង។ ហើយ​មាន​អ្នក​ខ្លះ​មិន​ត្រឹម​តែ​ទ្វេ​ដង​ទេ​គឺ​មួយ​គុណ​ជា​បី​គុណ​ជា​បួនហ្នឹង​ផ្ទះ​អ្នក​​ផ្សេង​ទៀត!​ ហើយ​ការ​ឡើង​មក​តវ៉ា​នៅ​ថ្ងៃ​នេះ​គឺ​ដើម្បីភាព​ត្រឹម​ត្រូវ​មួយ​សម្រាប់​សហគមន៍​ខ្ញុំ​ទាំង​អស់​គ្នា»។

អគ្គនាយិការ​ង​រដ្ឋាករ​ទឹក​ភ្នំពេញ​លោកស្រី ងិន ចន្ទ្រា បាន​បកស្រាយ​ថា ​មូល​ហេតុ​ដែលមានការ​គិត​តម្លៃ​ពីរ​ខែ​ចុង​ឆ្នាំ​កើន​ច្រើ​នខុស​ពី​ធម្មតា​នោះ​ មក​ពី​ការ​សរុប​ប្រចាំ​ឆ្នាំ​ដោយ​ប្រព័ន្ធ​ថ្មី​របស់​រដ្ឋាករ​ទឹក​រក​ឃើញថា​មាន​ភា​ព​មិ​ន​ប្រក្រតី​នៃ​កុង​ទ័រ​ទឹកហើយ​ភាព​មិន​ប្រក្រតីនេះ​កើត​ឡើង​​ដោយ​សារ​តែកំហុស​របស់​​មន្ត្រី​ចុះមើល​លេខ​នាឡិកា​​ទឹក​។ ទោះ​ជា​យ៉ាង​ណា​លោក​ស្រី​​ទទួល​កំហុស​នេះ​ ដោយ​រដ្ឋា​ករ​ទឹក​ក៏​បាន​សម្រេច​ឲ្យ​​​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះ​បង់​រំលោះ​ទៅលើ​ប្រាក់ទូ​ទាត់​នេះ​ ហើយ​​រដ្ឋាករ​ទឹក​នឹង​គិតតម្លៃ​ជាមធ្យម​នៃ​ការ​ប្រើ​ប្រាស់ជូនពួកគេ។

លោក​ស្រីថា៖ «នេះ​ជា​កំហុស​របស់​ពួក​ខ្ញុំ​ ហើយ​ពួក​ខ្ញុំ​នឹង​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​សំណូម​ពរ។ តាម​ពិត​សំណូមពរ​របស់ពួកគាត់​គាត់​មាន​រូប​មន្តហើយ​អស់​ហើយ យើង​ត្រូវ​តែ​ដក​អ្វី​ដែល​គាត់​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​កំរិត​ពីរ។ … នេះ​ព្រោះ​តែ​បញ្ហា​ដែល​គាត់​(​អ្នក​ចុះ​មើល​កុង​ទ័រ)មិន​អាន! ដល់​ពេល​មិន​អាន​គាត់​ប៉ាន​ស្មាន​ៗ​យក។ ឧទាហរណ៍​ផ្ទះមួយ​មិញ​ពីរ​ខែ​អស់​តែ​៣០​ម៉ែត្រ​គូប​ទេ មួយ​ខែ​​គាត់​ប្រើ​តែ​១៥​ម៉ែត្រ​គូប​ទេ​ តែ​គាត់(អ្នក​ចុះ​មើល​​កុងទ័រ) ​ស្មាន​​ប៉ុនហ្នឹង​រហូត តែ​ការពិត​គាត់​ប្រើ​ដល់​៤០​ម៉ែត្រ​គូប​ មិន​សល់​ដប់​ម៉ែត្រ​គូប​ដល់​គាត់​ចេះ​តែ​ស្មាន​ៗ​ អា​ដប់​ម៉ែត្រ​មួយ​វគ្គ​ៗ​ទៅ​វា​ចូល​ដល់​រយ​ម៉ែត្រ​គូប​ហើយ ធ្វើ​ឲ្យ​កំរិត​នៃ​ការ​ទូ​រទាត់​របស់​គាត់​វា​ចូល​ដល់​កំរិត​ពីរ​និង​កំរិ​ត​បី​វា​ថ្លៃ​»។

បើ​តាម​លោក​ស្រី ចន្ទ្រា មន្ត្រី​ដែល​ចុះ​ទៅ​មើ​ល​នាឡិកាទឹក​ដែ​ល​ធ្វេស​ប្រហែសនោះ​នឹង​ត្រូវ​ចូលខ្លួនទៅ​ទទួល​កំហុស​នៅ​ចំពោះ​មុខ​​ក្រុម​ប្រឹក្សា​វិន័យ ដែល​​អាច​នឹង​ត្រូវ​​បណ្តេញ​ចេញ​ពី​ការ​ងារ​ផង។

ទោះ​ជាយ៉ាង​ណា​ពល​រដ្ឋ​ដែល​តវ៉ា​នៅ​ថ្ងៃ​នេះ​មួយ​ចំនួន​នៅ​តែ​ទទួច​ឲ្យ​រដ្ឋាករ​ទឹក​ទម្លាក់​ចោល​តម្លៃ​ដែល​ពួកគេ​ថាបានបង់លើសនេះ ដោយ​ព្រមាន​ពី​ការ​តវ៉ា​ជា​ថ្មី​ទៀត​បើ​សិន​ជា​មិន​មាន​ដំណោះ​ស្រាយ​ណា​​សម​រម្យ​​សម្រាប់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ