អ្នកវិភាគថា ការប្រកាសរំលាយគណបក្សសិទ្ធិមនុស្សជាព្រួញមុខពីរ

អ្នក​វិភា​គបញ្ហា​សង្គម​ បាន​លើកឡើងប្រហាក់ប្រហែលគ្នាថា ការដែលគណបក្សសិទ្ធិមនុស្សប្រកាស​រំលាយ​ខ្លួន​ឯង​កាល​ពី​ពេល​ថ្មីៗ​​នេះ អាចជាព្រួញមុខពីរ។

គណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី២៨ ខែមករា បានផ្ញើលិខិតមួយ​ប្រាប់ទៅក្រសួង​មហាផ្ទៃថា ខ្លួនសម្រេច​​​រំលាយ​ខ្លួនឯងចេញពីឆាកនយោបាយចាប់​ពី​ថ្ងៃ​ជូនដំណឹងទៅ​ហើយ។

ការប្រកាសរំលាយខ្លួន​របស់គណបក្ស​មួយ​នេះ ធ្វើឡើងចំពេល​អតីតមេដឹកនាំ​បក្សប្រឆាំង លោ​ក ​សម រង្ស៊ី ដែល​កំពុងរស់នៅ​និរទេសខ្លួនឯង​នៅឯ​ក្រៅប្រទេស​នោះ បាន​ប្រកាសបង្កើតចលនាសង្គ្រោះជាតិ ទាំងគ្មានការយល់ព្រមពីលោក កឹម សុខា ដែលកំពុងជាប់ឃុំ​ ក្រោយពី​ការ​​រំលា​យគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោត​ពីសំណាក់​តុលាកា​រកំពូ​ល​ ​តាមបណ្តឹ​ងរ​បស់​ប​ក្ស​​កា​​​ន់​​អំ​ណាចជាដើម។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា វិភាគថា ការប្រកាសរំលាយរបស់គណបក្សសិទ្ធិមនុស្ស អាច​ជា​សា​រប្រាប់ទៅអ្នកគាំទ្រថា បើទោះបីជាមេដឹកនាំពេលនេះ មា​នការខ្វែងគំនិតគ្នាខ្លះក៏ដោយ ប៉ុន្តែ ពួក​គេនឹ​ង​មិ​ន​បែ​កបាក់គ្នាទេ។

លោ​ក ប៊ូ បញ្ញា វិភាគទៀតថា កត្តាទី២ អាចជាយុទ្ធសាស្ត្រ​រុញទូកបណ្តោ​យទឹក ចង់ដាក់សម្ពាធនទៅដៃគូប្រកួត តា​​ម​រយៈស្វែងរកជំនួយពី​សហគម​ន៍អន្តរជា​តិ ឲ្យចាប់អារម្មណ៍កាន់តែខ្លាំ​ងពីបញ្ហានយោបា​យដែលកំពុងកើត​មា​ន​​នៅកម្ពុជា។

លោកថា៖«រុញ​ទូក​បណ្តោយ​ទឹក​នេះ មាន​ន័យ​ថា រុញស្ថានការណ៍ហ្នឹងឲ្យទៅមុខ​ ទៅតាមអ្វីដែលគ​ណបក្សប្រជា​ជនកម្ពុ​​ជាចង់បាន មានន័យថា រលាយអស់ហើយ ឲ្យអន្តរជាតិមើលឃើញថា គណបក្ស​ប្រឆាំងក្លាយជា​អ្នក​រងគ្រោះកាន់តែខ្លាំង ហើយអាចនឹងដាក់សម្ពាធណាមួយកាន់តែខ្លាំងទៅថ្ងៃអនាគត ពីព្រោះ​​គណបក្ស​ប្រឆាំ​ង​លែ​​​ង​មានន​រណាចូលរួមបានហើយ ព្រោះរំលាយគ​ណបក្សសិទ្ធិ​មនុស្សចោ​លហើយហ្នឹ​ង»។

គណ​ប​ក្សសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា កាល​ពី ១១​ឆ្នាំ​មុន ហើយ​បាន​ឈ្នះ​បាន​អាសនៈ​ចំនួន ៣​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨ និង​អាសនៈ​ជាច្រើន​ទៀត​នៅ​ក្នុង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ មុន​នឹង​គណបក្ស​នេះ​ប្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​ សម រង្ស៊ី បង្កើត​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១២។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី វិភាគថា ការប្រកាសរំលាយនេះ អាចជាយុទ្ធសាស្ត្រ មិនចង់ឲ្យ​ដៃ​​​គូ​​ប្រ​​កួត​យកបញ្ហានៃការចាប់ឃុំខ្លួនលោក កឹម សុខា​ ទៅរំលាយគណបក្សសិទ្ធិមនុស្ស​ទៅថ្ងៃអនាគត ដូចករ​ណី​រំលាយ​​គណបក្សសង្គ្រោះជាតិ និងថា មួយវិញទៀត អាចជាសារប្រាប់ថា ពួកគេនឹងមិ​នវិលទៅរកទ្រនុំ​ចាស់​រៀ​ង​ៗខ្លួននោះ​ឡើយ។

លោកថា៖ «ខ្ញុំមើលទៅអ្នកទាំងពីរហ្នឹង ហាក់កំពុងតែលេងល្បែងជាមួយគ្នា។ ចំណែកគណបក្សប្រជាជនកម្ពុជា ក៏ដូ​ច​​ជា​មិនស្រួ​​លចិត្តប៉ុន្មាន​ទេ ក្នុងការតាមដានមើលការវិវឌ្ឍនយោបាយ ពិសេសការប្រែ​ប្រួលរបស់គ​ណបក្ស​ស​ង្គ្រោះ​​ជាតិនោះបាទ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគប្រហាក់ប្រហែលថា ការប្រកាសរំលាយទ្រនុំចា​ស់ចោ​ល​នេះ​​​​ អាចផ្តល់ទំនុកចិត្តឡើង​វិញដល់អ្នកគាំទ្រថា បក្សប្រឆាំងបើទោះបី​ពួកគេជួបព្យុះភ្លៀង​ក៏​ដោយ ក៏​ពួកគេមិនបែកបាក់គ្នា​ទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ ពន្យល់ថា បើទោះបីជាពេលនេះ អ្នកនយោបាយកំពុង​ប្រើ​ល្បិ​ត​ស្នៀ​ត យកឈ្នះគ្នាតែរៀងៗខ្លួនក៏ដោយ ប៉ុន្តែថា អ្វីដែលនាំនាវាកម្ពុជា​ទៅរកភាពរីក​ចម្រើនដ៏ពិ​តប្រា​កដមួយ គឺ​ការ​​ស្វែងរកដំណោះស្រាយឈានទៅ​ធានាកា​របោះឆ្នោតមួ​យដោយត្រឹម​​ត្រូ​វ ​និ​​​ងយុត្តិធម៌ ឈរលើ​ស្មា​តី​បង្រួបបង្រួមជាតិ។

លោកថា៖ «បើសិនជាមានការសម្របសម្រួលនយោបាយ ដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិនោះ ខ្ញុំគិតថា អាហ្នឹ​ងអាចមានកា​រអនុញ្ញាតិ​ឲ្យមានការចូលរួមការបោះ​ឆ្នោត និងអាចធ្វើឲ្យ​សង្គ្រោះជាតិរស់ឡើ​ងវិញនោះ។ ប៉ុ​ន្តែ បើសិ​​ន​ជាគ្មានការសម្របសម្រួលនយោបាយទេ ខ្ញុំគិតថា នឹងគ្មានអ្វីកើតឡើងទេ។ អ្វីដែលខ្ញុំសង្ឃឹមនោះ គឺចង់ឃើញដំណើរការប្រកួតប្រជែងនៅកម្ពុជានោះ ដោយប្រក្រតីភាព មិនចង់​ឃើញ​​​ខ្មែរចាត់ទុកគ្នាជាសត្រូវ ហើយកម្ទេចគ្នាទៅវិញទៅមកនោះទេ»។

យ៉ាងណាក៏ដោយ គណបក្សសិទ្ធិមនុស្សបញ្ជាក់ថា ការប្រកាសរំលាយនេះ មានសារ ៣សំខាន់ គឺ​ដើម្បី​បញ្ជា​ក់ពី​ជំហរនៃ​ការរួបរួមក្រោមស្លាកកគណបក្សសង្រ្គោះជាតិតែមួយ មិនមានការបែ​កបាក់របស់អ្នក​ប្រជា​ធិ​ប​​តេយ្យ​ និង​មិ​ន​ធ្វើ​តាម​​អ្វីដែលគូប្រកួ​តចង់ឲ្យដើរ ក្រោយពីការរំលា​យគណបក្សស​ង្រ្គោះ​ជា​តិ និងទី៣​ គឺ​​គោរពឆ​ន្ទ:​​ម្ចាស់​​ឆ្នោត​​​ជាង​ ៣លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ