ពលរដ្ឋខ្មែរ​អាមេរិកកាំង​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ស្វាគមន៍​​លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុងឡូវែល

ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​តវ៉ា​កុំ​ឲ្យ​អភិបាល​ក្រុង​ឡូវែល ស្វាគមន៍ លោក ហ៊ុន ម៉ាណែត (រូបភាពពីហ្វេសប៊ុក​អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង)

ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​នៅថ្ងៃ​ពុធនេះ បាន​ចេញមុខតវ៉ា​នៅ​សាលាក្រុង​ឡូវែល រដ្ឋម៉ាស្សាឈូសិត្ស៍សហ​រដ្ឋអាមេរិក​ ដោយ​ទាម​ទារកុំ​ឲ្យអភិបាល​ក្រុងទ្បូវែល ស្វាគមន៍​កូន​ប្រុស​របស់​នាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត។

ពលរដ្ឋខ្មែរអាមេរិកកាំង​ឲ្យ​ដឹង​ថា​តាមគម្រោង លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើង​គោក នឹង​ដឹកនាំគណៈប្រតិភូ​ទៅបំពេញទស្សនកិច្ច​នៅ​រដ្ឋមួយចំនួន​នៅ​សហរដ្ឋអាមេរិក ក្នុង​ឱកាស​ចូល​ឆ្នាំខ្មែរ​ខាងមុខនេះ។​

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ប្រាប់វីអូឌីនៅថ្ងៃ​ពុធនេះ​​ថា​ក្រោយពីការតវ៉ា​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០នាក់ ​កុំ​ឲ្យ​អភិបាល​ក្រុងឡូវែល​​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត  ​សមាជិកនៃ​​ក្រុ​មប្រឹក្សា​ភិបាល​នៃ​ក្រុងឡូវែល​៨នាក់​ក្នុងចំណោម​៩នាក់ ​​បានជំទាស់នឹងគម្រោង​ស្វាគមន៍នេះ។​ លោក​​​បន្ត​ថា​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​របស់នាយករដ្ឋមន្រ្តីហើយ​ការដឹកនាំរបស់​លោក ហ៊ុន សែន ​រងការ​ចោទប្រកាន់​ថា​មាន​​​ការរំលោភសិទ្ធិមនុស្ស បំផ្លាញធន​ធា​ន​ធម្មជាតិ បណ្តេញពលរដ្ឋចេញពីលំ​នៅដ្ឋាន បញ្ហា​ព្រំដែន បញ្ហាអន្តោប្រវែសន៍ខុសច្បាប់ និង​ការគំរាមកំហែង​ចាប់សកម្មជនសិទ្ធិមនុស្ស​ដាក់ពន្ធនាគារជាដើម។​

បើតាមលោក ទូច វិបុល លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​អញ្ជើញ​ដោយ​ប្រធាន​សាខា​គណបក្ស​ប្រជាជនកម្ពុជា​នៅរដ្ឋ​ម៉ាស្សាឈូសិត្ស៍និង​មន្រ្តីទូតខ្មែរ ទៅ​បំពេញទស្សនកិច្ច​នៅរដ្ឋឡូវែល​នៅថ្ងៃទី​១៥និង​១៦ ខែមេសា ខាងមុខនេះ​។

លោក ទូច វិបុល ឲ្យ​ដឹង​ទៀត​​ថា​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​គ្រោង​នឹង​បន្ត​តវ៉ា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​​លោកថា​តាមដឹង​លោក ហ៊ុន ម៉ាណែត​ នឹង​ទៅទីនោះ​។​

វីអូឌីមិនទាន់​អាច​សុំការ​ឆ្លើយ​តបពី​លោក ហ៊ុន ម៉ាណែត បាននៅឡើយទេ។​

12376670_1590746674579897_139303147257544847_n
ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​តវ៉ា​កុំ​ឲ្យ​អភិបាល​ក្រុង​ឡូវែល ស្វាគមន៍ លោក ហ៊ុន ម៉ាណែត (រូបភាពពីហ្វេសប៊ុក​អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង)

គួរបញ្ជាក់​ថា​កាលពីថ្ងៃទី​២៧ខែមីនា ​លោក ហ៊ុន ម៉ាណែត បានសម្រេច​ថា​លោក​​នឹងមិនចូលរួមការដង្ហែក្បួនវប្បធម៌​ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ក្រោយពី​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយ​ចំនួន​បានប្រកាស​ថា​នឹង​ធ្វើ​បាតុ​កម្ម​​ប្រឆាំ​ងរូបលោក។​​ លោក​បញ្ជាក់ថា៖ “វាមិនមែនជាពេលវេលាសម្រាប់បង្ហាញសាច់ដុំដាក់គ្នារវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រទេ ដែលនេះបង្ហាញពីការបែកបាក់រវាងខ្មែរនិងខ្មែរ នាំឲ្យ​ជាតិសាសន៍យើងអាប់អោន។ ក្នុងស្មារតីជាកូនខ្មែរមួយរូប ខ្ញុំមិនចង់ឃើញនូវភាពល្អក់កករនិងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បីបញ្ចៀសអំពើហិង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា ដែលនាំឲ្យ​ខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ

ទោះជា​យ៉ាងណា លោក ហ៊ុន ម៉ាណែត នឹង​រួមកម្មវិធីដែលរៀបចំដោយ​ពលរដ្ឋខ្មែរអាមេរិកកាំងនៅរដ្ឋផ្សេងៗ។

កន្លងទៅ ​លោក ហ៊ុន ម៉ាណែត​ ធ្លាប់បានលើកឡើង​ថា​ការចូលរួមចូលឆ្នាំខ្មែរនៅអាមេរិក​​មិន​មែន​ជា​រឿង​នយោ​បាយនោះទេ។ ចំណែក​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំងធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយ​​លើក​ឡើង​ថា​​​ភាពចម្រូងចម្រាសដែលកំពុងតែកើតមានទ្បើងនេះ គឺមិនមែនជារឿងនយោបាយនោះ​ទេ ប៉ុន្តែជា”រឿងភាពថ្លៃថ្នូរជាមនុស្សនិងសេចក្តីគោរពចំពោះអ្នកដែលត្រូវបានបង្ខំឲ្យក្លាយជាជនរងគ្រោះដោយសាររបបឃោរឃៅនេះ”។ អង្គការ​បាន​បញ្ជាក់ថា៖ “សារដែលបងប្អូនយើងបានផ្ញើនោះគឺច្បាស់ណាស់ថាពលរដ្ឋខ្មែរ-អាមេរិកាំងនឹងមិនស្វាគមន៍​ហើយទទួលយកកូនប្រុសនៃជនផ្តាច់ការដែលជាអ្នកគាំទ្រនូវគោលនយោ​បាយគាប​សង្កត់របស់ឪពុកគាត់នោះបានទ្បើយ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ