មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទព្រមានចាប់អ្នកថាកម្ពុជាកាត់ដីឲ្យវៀតណាមដាក់គុក

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 10:12 AM | ជម្លោះព្រំដែននយោបាយសន្ដិសុខ | 0 | 15058 រូបភាពតំណាងបង្គោលព្រំដែនកាលពីពេលកន្លងទៅ

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមានចាត់វិធានការ ចាប់អ្នកដែលចោទប្រកាន់ដោយមិនមានភស្តុតាងថា រដ្ឋាភិបាល​កាត់ទឹកដីឲ្យវៀតណាម​ដាក់ពន្ធនាគារ។​

នេះជាការលើកឡើងរបស់ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលត្រូវបានដកស្រង់​សម្តីដោយ គេហទំព័រដើមអំពិល។

ការលើកឡើងរបស់លោក លោក ប៉ុល សារឿន ធ្វើឡើង​នៅពេលលោកជួបជាមួយមេបញ្ជាការយោធភូមិភាគទី៧ វៀតណាម លោក វ៉ មិនលឿង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧។  នៅក្នុងជំនួបនោះ លោក ប៉ុល សារឿន  បានបញ្ជាក់ថា បើអ្នកណាចោទថា រដ្ឋាភិបាលកាត់ទឹកដីឲ្យវៀតណាមនោះ នឹងត្រូវចាប់ដាក់ពន្ធនាគារ ព្រោះលោកថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងខិតខំបោះបង្គោលព្រំដែន​ដើម្បីបង្កភាពងាយស្រួលដល់មនុស្សជំនាន់ក្រោយ។​

ជុំវិញភាពចម្រូងចម្រាស់បញ្ហាព្រំដែន​កម្ពុជា-វៀតណាម​គឺ​ តំ​ណា​ងរាស្ត្រ​បក្សប្រឆាំងពីររូប​មានលោក អ៊ុំ សំអាន និ​​ង​​​​លោក​ ​ហុង សុខហួរ ដែលតែងរិះគន់ហើយចោទថា កម្ពុជាបាត់បង់ដីទៅវៀតណាម​នោះ​ ត្រូវបានតុលាការចាប់ដាក់ពន្ធនាគាររហូត​ពេល​​នេះ។ ដោយឡែក អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ដែលតែងចុះសិក្សាពីបញ្ហាព្រំដែន ឈ្មោះថា «យុទ្ធនាកា​រ១​០​​០រា​ត្រី» នោះ ក៏ត្រូវឃាតកបាញ់ស​ម្លាប់នៅកណ្តា​លថ្ងៃក្នុង​រាជ​ធា​​នី​ភ្នំពេ​ញដែ​រ​៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required