អង្គការលើកលែងទោសអន្តរជាតិថា លោក ហ៊ុន សែន ប្រើប្រព័ន្ធយុត្តិធម៌កម្ចាត់អ្នករិះគន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

អង្គការអន្តរជាតិមួយ បា​ន​ចេញរបាយការណ៍ ដោយចោទប្រកាន់មេ​ដឹក​នាំបក្សកាន់អំណាច លោក ហ៊ុន សែន ថាកំ​ពុង​​យ​កប្រព័​​ន្ធ​យុ​​ត្តិ​ធម៌ធ្វើយុ​ទ្ធនា​កា​​​រ​​ជាប្រព័ន្ធ​កម្ចាត់​អ្នក​រិះ​គ​ន់។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​ បាន​ចេញរបាយការណ៍ លើកឡើងថា​ បក្ស​កា​ន់អំណាច ហាក់បានប្រើវិធា​នកា​​រ​បំបាត់សិទ្ធិសេរីភាពបញ្ជេញមតិ ការជួបជុំដោយសន្តិវិធី បានកើ​ត​​ឡើ​ងមុ​នកា​រ​បោះឆ្នោតឆ្នាំ២០១៧ និង២០១៨។

របាយការណ៍ដដែលនេះបានលើកឡើងទៀតថា អាជ្ញាធរវិញ បានប្រើប្រព័ន្ធយុត្តិធម៌កាន់តែខ្លាំង ហើ​យក​ម្លាំ​ង​សន្តិ​សុខ ឲ្យនៅតែបន្តយាយី និងធ្វើទារុ​ណកម្មលើ​សង្គមស៊ីវិល និងបំបិតសំឡេងរិះគន់។ អ្នក​ការ​ពារ​សិ​ទ្ធិម​នុស្សត្រូវបានចាប់និងឃុំខ្លួន អ្នកនយោបាយ បក្សប្រឆាំង ត្រូវក្លាយជាមុខសញ្ញា ចោទប្រកាន់ឃុំខ្លួនដ៏យូរ និងថាអ្នកដែ​ល​ហ៊ា​នចេញ​មុខ​​​​និយា​​យ​រឿងនយោបាយត្រូវបានសម្លាប់ ហើយអ្នកប្រព្រឹត្តបទ​ល្មើស​​នៅតែគ្មានទោ​ស​។

អង្គការលើកលែងទោសអន្តរជាតិមួយនេះ បានចាត់ទុកថា ការឃុំខ្លួនសកម្មជនតំបន់បឹងកក់ អ្នកស្រី ទេព វន្នី  ការចាប់ខ្លួនមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប សកម្មជនបក្សប្រឆាំង និងការយាយីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជាដើ​ម​ថា រ​ដ្ឋា​ភិបាលរបស់លោក ហ៊ុន សែន «ហាក់បីដូច​ជាបានចា​​ប់ផ្តើម​ធ្វើយុ​ទ្ធនា​ការជា​ប្រព័ន្ធមួយ ដើ​ម្បីកម្ចាត់អ្នកដែលហ៊ានរិះគន់ តាមរយៈសំ​ណុំរឿ​ងព្រហ្មទណ្ឌគ្មានហេតុផល និង​ប្រឌិត»។

អ្ននាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានច្រានចោលរបាយការណ៍នេះ ដោយលោ​កចា​ត់ទុក អង្គការអន្តរជាតិមួយនេះថាកំពុងព្យាយាមបំភ្លៃការពិតនៅកម្ពុជា។

លោកថា៖ «យើងបានគិតហើយថា នេះជានយោបាយបំភ្លើស បំភ្លៃ បំផ្លែង និងបំភ័ន្តព័ត៌មានសាធារណមតិ ព្រោះអ្វីដែលយើងធ្វើ គឺធ្វើនៅលើក្របខណ្ឌច្បាប់ របស់ជាតិ។ អញ្ចឹងបញ្ហានេះ គណបក្សរបស់យើងកាន់អំណា យើងមិនបានលូកលាន់ទៅលើប្រព័ន្ធយុត្តិធម៌នូវអ្វីដែលគេមានទេ។​ តែប្រព័ន្ធយុត្តិធម៌គេអនុវត្តនយោបាយអនុវត្តច្បាប់គឺជារឿងកសាងនីតិរដ្ឋ។ អញ្ចឹងអ្វីដែលអង្គការអន្តរជាតិនៅខាងក្រៅធ្វើហ្នឹង គឺបានព្យាយាមលូកលាន់អធិបតេយ្យភាព របស់ខ្មែរយើង តែប៉ុណ្ណឹង»

ប៉ុន្តែប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត យល់ថាការលើកឡើងរបស់អង្គការអន្ត​រជាតិ​មួយនេះពិតជាបានឆ្លុះបញ្ចាំងពីស្ថានការណ៍ពិតដែលកំពុងកើតមាននៅកម្ពជា។ លោកជំរុញឲ្យមន្ត្រីរដ្ឋាភិបាល​​គួរ​តែ​រៀនទទួលយកការពិតទៅធ្វើកំណែទម្រង់ ជាជាងប្រតិកម្មដោយការពារភាពអសកម្ម ហើយទុក​បញ្ហា​​ឲ្យនៅប​ន្តរីកធំក្នុងសង្គម។

លោកថា៖ «រដ្ឋជាភាគីត្រូវតែមានកាតព្វកិច្ចអនុវត្តទៅតាមបទដ្ឋានអន្តរជាតិហ្នឹងឲ្យបាន និងស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីធានានិងលើកកម្ពស់ក៏ដូចជាការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជា អាហ្នឹងបាន ប្រទេយើងគេចផុតពីការរិះគន់»

ទោះជាយ៉ាងណា អង្គការលើកលែងទោសអន្តរជាតិ បានផ្តល់អានុសាសន៍ឲ្យបក្សកាន់អំណាច ឈប់ប្រើប្រព័ន្ធយុត្តិធម៌ បង្ក្រាបសំឡេងរិះគន់ និងអំពាវឲ្យទម្លាក់​ចោលបទចោ​ទ​ប្រកាន់ទៅ​លើ​​កមន្ត្រីសិទ្ធិមនុស្ស សកម្មជនដីធ្លី និងមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំ និងត្រូវធានាថាតុ​លាកា​រជាស្ថាប័នឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ