សកម្មជនបក្សប្រឆាំងមួយរូបអំពាវនាវរ​កយុត្តិធម៌​ពេលឡើងតុលាការ

សកម្មជនបក្សប្រឆាំង លោក អ៊ុក ពេជ្រសំណាង

សកម្មជនបក្សប្រឆាំងមួយរូប លោក អ៊ុក ពេជ្រសំណាង ស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្តន្ទាទោសរូបគេឲ្យជាប់ពន្ធនាគារ២ឆ្នាំនិងពិន័យជាប្រាក់សរុប១៤លានរៀលទាក់ទិននឹងការតវ៉ាប្រឆាំងការរំលោភដីធ្លីកាលពីឆ្នាំ២០១៤។

លោក អ៊ុក ពេជ្រសំណាង អាយុ៦០ឆ្នាំស្នាក់នៅសង្កាត់ផ្សាចាស់ ខណ្ឌដូនពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នៅពេលសកម្មជនរូបនោះបានចូលរួមតវ៉ាជាមួយអ្នកមានជម្លោះដីធ្លីមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយមកសាលាដំបូងបានសម្រេចផ្តន្ទាទោសលោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពិន័យ៤លានរៀលចូលថវិការដ្ឋនិង១០លានរៀលផ្សេងទៀតឲ្យទៅដើមបណ្តឹងជាប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា ចោទពីបទប្រឆាំងមន្ត្រីរាជការសាធារណៈនិងជេរប្រមាថ ខណៈអ្នកតវ៉ានិងក្រុមសន្តិសុខប៉ះទង្គិចគ្នាជិតផ្ទះនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ។

ក្នុងសវនាការលើបណ្តឹងទាស់នៅថ្ងៃទី៣០ខែមិថុនានេះ លោក អ៊ុក ពេជ្រសំណាង ប្រាប់ចៅក្រមក្នុងអង្គជំនុំជម្រះសាលាឧទ្ធរណ៍ថា លោកគ្មានចេតនាប្រឆាំងមន្ត្រីរាជការនិងជេរប្រមាថដូចការចោទប្រកាន់ទេ ដោយលោកអះអាងថាអ្វីដែលក្រុមអ្នកតវ៉ាដីធ្លីរួមទាំងលោកដង្ហែក្បួនទៅផ្ទះនាយករដ្ឋមន្ត្រីនៅពេលនោះ លោកថាក្នុងបំណងតែមួយគត់គឺស្វែងរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី រឿងជម្លោះដីធ្លី។

លោក អ៊ុក ពេជ្រសំណាង អះអាងទៀតថាពួកគាត់មិនបានជេរប្រមាថកម្លាំងសន្តិសុខដែលដាក់របាំងបិទផ្លូវសាធារណៈនោះទេ ប៉ុន្តែលោកថាសន្តិសុខទាំងនោះទេ បានប្រើហិង្សាយកដំបងវាយសំពងក្រុមអ្នកតវ៉ាដោយសន្តិវិធីឲ្យរងរបួសធ្ងន់ច្រើននាក់។

លោក អ៊ុក ពេជ្រសំណាង ជំរុញឲ្យចៅក្រមទម្លាក់ចោលបទចោទនេះនិងបានជំរុញថាធ្វើយ៉ាងណាកុំឲ្យអ្នកទាមទារយុត្តិធម៌ក្លាយជាជនជាប់ទោស ហើយអ្នកប្រើហិង្សាវាយពលរដ្ឋបានឡើងបុណ្យស័ក្តិ។

សម្តីតតាំងក្នុងអង្គសវនាការដោយមិនសំចៃមាត់របស់លោក អ៊ុក ពេជ្រសំណាង នេះត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក សំរិទ្ធិ សុផល គំរាមច្រើនដងនិងគោះតុឲ្យជនជាប់ចោទរូបនោះឆ្លើយឲ្យត្រូវនឹងសំនួររបស់ចៅក្រម។

ក្នុងសវនាការនោះដែរ ដើមបណ្តឹងលោក គឹម វុត្ថា អះអាងថាលោក អ៊ុក ពេជ្រសំណាង ពិតជាបានប្រឆាំងនឹងអាជ្ញាធរនិងបានព្យាយាមបុកទម្លាយរបាំងនិងបានបង្ហាញមុខសន្តិសុខ៥នាក់ដែលលោកថាបានរងរបួសនិងបានចំណាយថវិកាព្យាបាល ក្រោយប៉ះទង្គិតជាមួយក្រុមអ្នកតវ៉ានោះទៀតផង។

ប៉ុន្តែមេធាវី លោក លី សុចិត្រា ដែលការពារក្តីឲ្យលោក អ៊ុក ពេជ្រសំណាង បានស្នើឲ្យចៅក្រមទម្លាក់បទចោទលើកូនក្តីលោកដោយសំអាងថាដើមបណ្តឹងមិនបានដាក់លិខិតវេជ្ជបញ្ជាឬលិខិតពេទ្យអំឡុងពេលព្យាបាលនោះភ្ជាប់នឹងសំនុំរឿងនេះទេ។

VOD Hot News App

ទោះជាយ៉ាងណា លោក អ៊ុក ពេជ្រសំណាង បានប្រាប់អ្នកសារព័ត៌មានមុនឆ្មាំគុករុញបញ្ចូលរថយន្តទៅឃុំខ្លួនវិញថា លោក គ្មានជំនឿថាតុលាការជាន់ខ្ពស់មួយនេះផ្តល់យុត្តិធម៌ជូនលោកទេ។

លោកថា៖ «ពួកយើងត្រូវគេញុំាំញីណាស់ ពួកយើងត្រូវគេធ្វើទារុណកម្មណាស់ មិនមានការដោះលែងទេ នយោបាយស្អី យកយើងមកធ្វើទារុណកម្ម [យើងរកតែ]បាយស៊ីមួយពេលមិនគ្រប់ផង ធ្វើទារុណកម្មយើងណាស់ យើងខ្លោចផ្សារណាស់ មានតែអ្នកសារព័ត៌មានទេដែលជួយផ្សាយឲ្យអន្តរជាតិដឹងឲ្យពួកគេជួយថ្កោលទោសអ្នកដែលធ្វើបាបយើង»

ជាងនេះទៅទៀតលោក អ៊ុក ពេជ្រសំណាង បានរិះគន់ធ្ងន់ៗទៅលើអាជ្ញាធររដ្ឋដែលបានចាប់ឃុំខ្លួនលោក។

លោកថា៖ «បំផ្លាញអស់សមិទ្ធផលបង្ហាញឲ្យយួនចូលស្រុកខ្មែរ ចាប់យើងយកទៅធ្វើទារុណកម្មយ៉ាងថោកទាប យ៉ាងព្រៃផ្សៃ យើង អ៊ុក ពេជ្រសំណាង និងជជែកវែកញែកតវ៉ាក្រោមច្បាប់ជាតិនិងអន្តរជាតិថ្កោលទោសពួកអ្នកឯង»

យ៉ាងនេះក្តី លោក អ៊ុក ពេជ្រសំណាង នៅជាប់បណ្តឹងមួយទៀតទាក់ទងនឹងការតវ៉ាទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ការតវ៉ាពេលនោះបង្កឲ្យមានហិង្សា ហើយសន្តិសុខណ្ឌដូនពេលដែលធ្លាប់វាយបង្ក្រាបក្រុមអ្នកតវ៉ាច្រើនដងនោះបានរងរបួសវិញច្រើននាក់ដែលសំណុំរឿងនោះ លោក អ៊ុក ពេជ្រសំណាង ត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោកឲ្យជាប់ពន្ធនាគារ៧ឆ្នាំ។

ភរិយាលោក អ៊ុក ពេជ្រសំណាង គឺអ្នកស្រី ទិត្រ ណារិន អាយុ៤៨ឆ្នាំបានទទូចឲ្យរដ្ឋាភិបាលពិចារណាដោះលែងប្តីអ្នកស្រីឲ្យមានសេរីភាពវិញ ដោយអះអាងថាប្តីអ្នកស្រីមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ។

ស្រី្តរូបនោះថា៖ «សូមឲ្យរដ្ឋាភិបាលទម្លាក់កំហុសហ្នឹង ដោះលែងទោសឲ្យគាត់[អ៊ុក ពេជ្រសំណាង]ចេញពីពន្ធនាគារឆាប់ៗនេះមក ព្រោះខ្ញុំលំបាកណាស់ ខ្ញុំគ្មានអីសំណូមពក្រៅពីហ្នឹងទៀតទេ។ ឥឡូវមើលឃើញស្រាប់ហើយនេះ ជាចៅកំព្រាខ្ញុំកំពុងតែជួបការលំបាកលំបាកមែនទែន ខ្ញុំទាមទាររកយុត្តិធម៌ឲ្យគ្រួសារនាងខ្ញុំ»

បើតាមអ្នកវិភាគនិងអ្នកច្បាប់ខ្លះគិតថា បើទោះបីរដ្ឋាភិបាលធ្លាប់អះអាងជាញឹកញាប់ថាការចាប់ខ្លួនសកម្មជនរបស់បក្សប្រឆាំងកន្លងទៅថាជាអំណាចរបស់តុលាការក៏ដោយ ប៉ុន្តែពួកគេថាជនជាប់ចោទទាំងនោះអាចត្រូវដោះលែងវិញដរាបណា មានការចរចាត្រូវរ៉ូវគ្នាផ្នែកនយោបាយ។

យ៉ាងណាក៏ដោយបណ្តឹងទាស់របស់លោក អ៊ុក ពេជ្រសំណាង ដែលសាលាឧទ្ធរណ៍លើកយលកមកជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានក្រុមប្រឹក្សាក្នុងអង្គជំនុំជម្រះលោក សំរិទ្ធិ សុផល ប្រកាសថាសាលដីកានឹងប្រកាសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ