លោក សម រង្ស៊ី ថាគេចង់កែច្បាប់បក្សនយោបាយ ដើម្បីកម្ចាត់ខ្ញុំ

លោក សម រង្ស៊ី (Courtesy of SR Facebook)

បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រីបានប្រកាសនៅសប្តាហន៍នេះ ដោយស្នើឲ្យកែច្បាប់គណបក្សនយោបាយឡើងវិញ អតីតប្រធានគណបក្សប្រឆាំង លោក សម រង្សី បានប្រតិកម្មតបវិញថា ការចង់កែច្បាប់គណបក្សនយោបាយរបស់លោកនាយករដ្ឋមន្ត្រី គឺដើម្បីកម្ចាត់រូបលោកចេញពីឆាកនោយបាយ។

កាលពីថ្ងៃទី២៩មិថុនាម្សិលមិញ នៅលើទំព័រហ្វេសប៊ុកផ្លូវការ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានរិះគន់ខ្លាំងៗ ទៅលើចេតនាចង់កែប្រែច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ ហើយថា ការប្រកាសធ្វើវិសោធនកម្មនេះ ដោយគ្រាន់តែចង់កម្ចាត់រូបលោកចេញពីឆាកនយោបាយតែប៉ុណ្ណោះ។

លោក សម រង្ស៊ី បន្តថានេះ គឺជារឿងខុសឆ្គង និងផ្ទុយពីការធ្វើច្បាប់ក្នុងសង្គមប្រជាធិបតេយ្យ ដែលធ្វើឡើងដើម្បីការពារប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋ ជាជាងដើម្បីកម្ចាត់គ្នាទៅវិញទៅមក។

បើតាមហ្វេសប៊ុក លោកសរសេរថា៖ «គេកែចុះកែឡើង ហើយយកច្បាប់នេះមកលេងសើច គ្រាន់តែក្នុងគោលបំណងចង់កម្ចាត់ខ្ញុំពីឆាកនយោបាយ កុំឲ្យខ្ញុំអាចប្រកួតប្រជែងជាមួយគេបានទៀត។ តែអ្នកដែលមានគំនិតបែបនេះ ជាមនុស្សល្ងង់ផុតលេខ ពីព្រោះសម័យនេះ មិនអាចរារាំង ឬទប់ស្កាត់ការផ្សព្វផ្សាយការពិត គំនិតស្នេហាជាតិ គំនិតយុត្តិធម៌ និងគំនិតជឿនលឿនបានទេ តាមរយៈបច្ចេកវិទ្យាទំនើប ដូចជា អ៊ីនធើណេតនិងហ្វេសប៊ុក»។

លោក សម រង្ស៊ី យល់ថា ការប្រកាសកែប្រែច្បាប់នយោបាយនេះឡើងវិញ គឺលោក ហ៊ុន សែន ទំនងជាកពុងភ័យស្លន់ស្លោ បន្ទាប់ពីលោកបានជួលឲ្យក្រុមហ៊ុនអន្ដរជាតិមួយ ធ្វើការស្ទង់មតិអំពីប្រជាប្រិយភាព មុនការបោះឆ្នោតនៅឆ្នាំក្រោយ ដោយរកឃើញថា សំឡេងគាំទ្ររបស់លោក ហ៊ុន សែន មានធ្លាក់ចុះ។

ក្នុងពិធីរំលឹកខួបលើកទី៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសឲ្យកែប្រែបន្ថែមទៀតទៅលើច្បាប់ស្តីពីគណបក្សនយោបាយ ដោយថា កុំឲ្យអ្នកទោសអាចធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ «យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពី[ច្បាប់]បក្សនយោបាយ ដែលមុននេះមិនតម្រូវឲ្យអ្នកទោសទទួលតួនាទីជាមួយនឹងឋានៈណាមួយនៅក្នុងគណៈនាយក ឬប្រធានបក្សនោះទេ។ ប៉ុន្តែឥឡូវនេះ ការចេញមុខរបស់មនុស្សដែលគ្មានការអៀនខ្មាស តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច? អ្នកទោសវាតែងបាត់បង់សិទ្ធិបោះឆ្នោត ហេតុអ្វីអ្នកទោសបែរក្លាយទៅជាអ្នកដែលបង្កសង្គ្រាមឥតចេះឈប់?»។

ករណីនេះ ក្រុមអ្នកវិភាគ និងមន្ដ្រីគណបក្សប្រឆាំង ចាត់ទុកថា ជាការគាបសង្កត់បន្ថែមទៀតទៅលើគណបក្សប្រឆាំង ដោយចង់រារាំងមិនឲ្យលោក សម រង្ស៊ី អាចបន្ដនយោបាយគាំទ្រពីក្រោយគណបក្សសង្គ្រោះជាតិ។

ច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានអនុម័ត កាលពីឆ្នាំ១៩៩៧ និងត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញម្តងរួចមកហើយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧។ ហើយច្បាប់នេះ ​បាន​ចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៧ខែមីនាដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ដែលកាលនោះព្រះអង្គបានយាងទៅប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ