លោក សុខ ទូច ត្រូវបានដំឡើងឋានៈក្រោយថ្លែងគាំទ្រការកែច្បាប់គណបក្សនយោបាយ

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​រាជ​ប​ណ្ឌិត​សភា​កម្ពុជា តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ថ្លែង​គាំ​ទ្រ​សំណើ​​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស់។

នៅ​ក្នុងព្រះ​រាជ​ក្រឹត្យ​​​ដែល​ចុះ​ហត្ថលេខា​ដោយ​​ប្រមុខ​រដ្ឋ​ស្ដី​ទី លោក សាយ ឈុំ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សុខ ទូច ត្រូវ​បាន​ដំឡើង​​ពី​អនុ​ប្រធាន ទៅ​ជា​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា ជំនួស​អ្នក​ស្រី ខ្លូត ធីតា ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើតាម​ព្រះ​រាជ​ក្រឹត្យ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ អតីត​ប្រធាន​រាជ​បណ្ឌិត​សភា អ្នកស្រី​បណ្ឌិត ខ្លូត ធីតា ត្រូវ​បាន​លោក ហ៊ុន សែន តែង​តាំង​ជា​ទីប្រឹក្សា​របស់​លោក មាន​ឋានៈ​ស្មើ​នឹង​ទេស​រដ្ឋ​មន្ត្រី។

ការ​ដំឡើង​ឋានៈលោក សុខ ទូច នេះ ត្រូវ​បាន​ធ្វើ​ឡើង​តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ថ្លែង​គាំ​ទ្រ​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ព្យាយាម​របស់​បក្ស​កាន់​អំណាច ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។

ក្រៅ​ពី​គាំ​ទ្រ​សំណើ​វិសោធនកម្ម​ច្បាប់​នេះ​ហើយ លោក សុខ ទូច កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ​ មាន​បំណង​ចង់ឲ្យ​មាន​ច្បាប់​ហាម​ឃាត់​ការ​ប្រើ​ពាក្យ​មួយ​ចំនួន ដូចជា ពាក្យ “សង្គ្រោះ” និង​ពាក្យ​ “បដិវត្តន៍” ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ