រដ្ឋាភិបាលឈប់យកថ្លៃសេវារថយន្តដឹកសពនៅតាមមន្ទីរពេទ្យរដ្ឋ

ក្រសួងសុខាភិបាលបានសម្រេចបញ្ឈប់ការយកលុយថ្លៃសេវាដឹកសពប្រជាពលរដ្ឋដោយប្រើរថយន្តរដ្ឋ ដោយថានឹងប្រើប្រាស់ថវិកាជាតិជំនួសវិញ។

នេះជាការបញ្ជាក់ក្នុងលិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩សីហាម្សិលមិញ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ថែមថាការសម្រេចនេះគឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកុំឲ្យមានការចំណាយបន្ថែមទៅលើករណីនេះនិងដោយពេលនេះរដ្ឋទទួលបានជំនួយជារថយន្តសង្គ្រោះបន្ទាន់ច្រើននិងមន្ទីរពេទ្យមានចំណូលដើម្បីជំនួសនូវសេវាដឹកសពនេះ។

លោកបន្តថា៖ ព្រោះកន្លងមកនេះយើងមាន Ambulance ឡានសង្គ្រោះនោះមកពីសាធារណៈរដ្ឋប្រជាមានិតចិននិងមានថវិកាដែលរកចំណូលបានមកពីមន្ទីរពេទ្យច្រើន។ ពីមុនយើងប្រើឡានដឹក ច្រើនជាឡានឯកជនទេ ដែលប្រើសេវាដើម្បីជួយនោះ ដូច្នេះដើម្បីបង់ថ្លៃដល់អ្នកដែលបើកបរហ្នឹង ក្នុងការហូបចុកមួយក៏ដឹកជញ្ជូន ដូចជាចាក់ប្រេងចាក់អីហ្នឹង។ បច្ចុប្បន្នយើងមានលទ្ធភាពគ្រប់គ្រាន់ បានជាយើងសម្រេចចិត្តអញ្ជឹង”។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ថែមថា ប្រសិនជាមានការទារលុយថ្លៃសេវាដឹកសពនេះទៀតឬមានភាពមិនប្រក្រតីទាក់ទងទៅនឹងវិស័យសុខាភិបាល លោកស្នើឲ្យប្រជាពលរដ្ឋរាយការណ៍មកមន្ទីរឬក្រសួងសុខាភិបាល ឬតាមរយៈលេខ១១៥ ដើម្បីរាយការណ៍ពីភាពមិនប្រក្រតីទាំងនេះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ សាទរចំពោះការសម្រេចនេះ តែលោកយល់ថានេះជាជំហានមួយដែលក្រសួងសុខាភិបាលកំពុងតែកែប្រែមុខមាត់ខ្លួន បន្ទាប់ពីមានបញ្ហាជាមួយអាចារ្យអេ។ លោកនៅតែមានការបារម្ភពីការឆ្លើយតបរបស់សេវានេះដល់ប្រជាជន។

លោកយល់ថា៖ “ចំណុចនេះយើងទាមទារឲ្យមានការរៀបចំប្រព័ន្ធការគ្រប់គ្រងហើយនិងប្រព័ន្ធឆ្លើយតបពីមន្ត្រីសុខាភិបាលទៅគ្រួសារសពឲ្យមានភាពរលូន។ ជៀសវាពេលដែលមានតម្រូវការ ពេលដែលសួរទៅអត់មានអ្នកណាម្នាក់អាចឆ្លើយបាន។ អ្វីដែលគេអាចលឺគឺឡានរវល់។ខ្ញុំមើលទៅគ្រាន់តែការបង្កើតទូរសព្ធទំនាក់ទំនងនេះការបង្កើតលេខ hotline សម្រាប់ឆ្លើយតប សម្រាប់ទទួលបណ្តឹងពីអ្នកប្រើប្រាស់សេវា ខ្ញុំថាមិនទាន់គ្រប់គ្រាន់ទេពីព្រោះនេះជាយន្តការចាស់“។

លោកបន្ថែមទៀតថា៖ “ចាំបាច់ត្រូវបង្កើតការឆ្លើយតបនៅក្នុងមន្ទីរពេទ្យហ្នឹងតែម្តង មានការិយាល័យមួយសម្រាប់ធ្វើការទំនាក់ទំនង។ ហើយត្រូវតែមានមន្ត្រីប្រចាំការនៅហ្នឹង ឲ្យមានការទទួលខុសត្រូវជាក់លាក់មានការវិភាគក៏ការកំណត់របាយការណ៍នៃការប្រើប្រាស់រថយន្តដឹកសពឲ្យបានច្បាស់ ជាពិសេសដើម្បីឲ្យមានប្រព័ន្ធមួយឲ្យមានតម្លាភាព“។

លោក សន ជ័យ បន្ថែមថាដើម្បីការលើកមុខមាត់វិស័យសុខាភិបាលឡើងវិញ រដ្ឋាភិបាលគួរមានការបែងចែកសថឲ្យមានប្រសិទ្ធិភាព ឥរិយាបថ និងក្រមសីលធម៌គ្រូពេទ្យ ការវិនិយោគផ្នែកសុខាភិបាល ជាពិសេសបើកឲ្យមានការចូលរួមវាយតម្លៃពីសង្គមស៊ីវិលចំពោះវិស័យសុខាភិបាល និងបង្កើនការផ្សព្វផ្សាយព័ត៌មានពីការវិវត្តនៃវិស័យនេះឲ្យបានទូលំទូលាយនិងងាយស្រួល។

វិស័យសុខាភិបាលនៅកម្ពុជាត្រូវបានទទួលការរិះគន់ជាបន្តបន្ទាប់ រហូតមានរិះគន់តាមលិខិតមិត្តអ្នកម្នាក់ដែលបានចុះផ្សាយនៅលើសារព័ត៌មានភ្នំពេញប៉ុស្តិមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈសុខាភិបាលសម្ងំដេក»។ បន្ទាប់ពីការចុះផ្សាយលិខិតអ្នកអាននេះមក ក្រសួងសុខាភិបាលបានចេញលិខិតចំហមួយ ដោយបានបង្ហាញពីសមិទ្ធផលនានាដែលក្រសួងនេះអះអាងថាបានសម្រេចឡើងនាពេលកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ