សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលពិនិត្យមុនផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ

អង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យរដ្ឋាភិបាលត្រួតពិនិត្យឲ្យបានដិតដល់ចំពោះការសម្រេចផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនធ្វើអាជីវកម្មរុករករ៉ែ ដោយថា ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងពលរដ្ឋ។

ថ្លែងក្រោយកិច្ចប្រជុំមួយធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ នៅថ្ងៃអង្គារនេះ លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ប្រាប់ VOD ថា អង្គការរបស់លោកបានសង្កេតឃើញមានផលអវិជ្ជមានមួយចំនួនកើតចេញពីក្រុមហ៊ុនដែលរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យជីកយករ៉ែ ដោយលោកថា បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាពលរដ្ឋនៅក្បែរតំបន់នោះ។ លោកអះអាងថា មានក្រុមហ៊ុនវិនិយោគបរទេសមួយនៅខេត្តមណ្ឌលគិរី បានជីករុករករ៉ែ ដោយមិនបានទទួលការវាយតម្លៃអំពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវអស់រយៈពេលជាង១៤ឆ្នាំមកហើយ។

លោកថា៖ ​«កន្លងមក បទពិសោធន៍យើងឃើញមានក្រុមហ៊ុនមួយចំនួន អាហ្នឹងជាបទពិសោធន៍មិនល្អ។ យើងឃើញ នៅក្នុងកំឡុងពេលនៃការសិក្សាស្រាវជ្រាវយូរអង្វែង ដូចខ្ញុំលើកក្រុមហ៊ុនមួយនៅឃុំចុងផ្លាស់ ខេត្តមណ្ឌលគិរី ក៏ជាបទពិសោធន៍មួយដែរ ដែលរយៈពេលនៃការសិក្សារហូតដល់ពេលនេះមានរហូតដល់១៤ឆ្នាំហើយ អត់ទាន់បំពេញទាក់ទងរបាយការណ៍វាយតម្លៃ ហើយប៉ះពាល់បរិស្ថានពេញលេញទេ»។

លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ចាត់ទុកការលើកឡើងនេះថា បណ្ដាលមកពីកង្វះការទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយថា ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពនោះ គឺស្ថិតនៅដំណាក់កាលសិក្សា ស្វែងរុករក មិនទាន់ឈានដល់ការធ្វើអាជីវកម្មនោះទេ។ លោកថា មុននឹងក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ក្រសួងបានធ្វើការវាយតម្លៃពីគោលការណ៍បរិស្ថាន សង្គម និងសេដ្ឋកិច្ច ពិសេស ការឆ្លើយតបរបស់ក្រុមហ៊ុន ពេលមានកង្វល់ពីប្រជាពលរដ្ឋនៅតំបន់នោះ។

លោកថា៖ «ការលើកឡើងនេះ ខ្ញុំគិតថាមកពីបញ្ហាខ្វះព័ត៌មានច្រើនជាង អង្គការសង្គមស៊ីវិលមិនទាំងអស់ទេ មានអង្គការសង្គមស៊ីវិលមួយចំនួន គាត់លើកឡើងជារបៀបចោទប្រកាន់ថា ក្រសួងផ្ដល់អាជ្ញាប័ណ្ណដោយគ្មានការសិក្សា គ្មានការត្រួតពិនិត្យ ប៉ុន្ដែតាមពិតរាល់ការផ្ដល់អាជ្ញាបណ្ណទាំងអស់សុទ្ធតែឆ្លងកាត់ការសិក្សាត្រួតពិនិត្យម៉ត់ចត់ណាស់»។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក វ៉ាន់ សុផាត អ្នក​សម្រប​សម្រួល​គម្រោង​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានចោទសួរតំណាងក្រសួងរ៉ែ និងថាមពល ថាតើក្រសួងនឹងមានវិធានការដូចម្ដេច ដើម្បីលុបបំបាត់បទល្មើលរុករករ៉ែខុសច្បាប់ និងដើម្បីដាក់ទោសក្រុមហ៊ុនវិនិយោគដែលបំពានគោលការណ៍ទាំងនោះ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក ប៉េង ណាវុធ បញ្ជាក់ថា​ ក្រសួងនឹងចាត់វិធានការរដ្ឋបាល ដោយដកហូតអាជ្ញាប័ណ្ណមកវិញ​ និងថា​ ក្នុងករណីធ្ងន់ធ្ងរ ក្រសួងនឹងស្នើឲ្យតុលាការផ្ដន្ទាទោសតាមច្បាប់។

លោកថា៖ «​ឆន្ទៈរបស់ក្រសួង គ្រប់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ គឺត្រូវតែមានទោស អនុវត្តនូវវិធានការច្បាប់ និងរដ្ឋបាលទៅព្រមគ្នា។ ចំពោះក្រុមហ៊ុន​ដេលមាននូវអាជ្ញាបណ្ណរបស់ក្រសួង បើធ្ងន់ធ្ងរ គឺវិធានការរដ្ឋបាល គឺដកនូវអាជ្ញាប័ណ្ណ ហើយរុញទៅតុលការ»។

របាយការណ៍ក្រសួងរ៉ែ និងថាមពលឲ្យដឹងថា​ នៅឆ្នាំ២០១៥ រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណរុករករ៉ែដល់ក្រុមហ៊ុនវិនិយោគចំនួន១០៦ និងត្រូវបានកាត់បន្ថយមកត្រឹម៦៤អាជ្ញាប័ណ្ណនៅឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ