មន្រ្តីសិទ្ធិមនុស្សថាជម្រកសត្វព្រៃមួយកន្លែងនៅខេត្តរតនៈគិរីកំពុងរងការបំផ្លាញ

តំបន់ជម្រកសត្វព្រៃឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនៈគិរី ត្រូវបានមន្រ្តីសិទ្ធិមនុស្សអះអាងថាកំពុងមានចលនាបំផ្លិចបំផ្លាញព្រៃឈើរាប់រយហិកតាយកដីមកធ្វើជាកម្មសិទ្ធិខុសច្បាប់។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍ នៃសមាគមអាដហុកនៅថ្ងៃសុក្រនេះ។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា «លោកមេឃុំកាឡែង បានប្រថាប់ត្រានិងហត្ថលេខា លើលិខិតលក់ទិញដីនៅតំបន់ជម្រកសត្វព្រៃឃុំកាឡែង ដែលមួយលិខិតៗមានទំហំដីពី២០ហិកតា ដល់៤០ហិកតា ដោយមានស្មៀនឃុំកាឡែងជាអ្នកវាស់វែង មានច្រើនរយហិកតាបានវាស់វែងរួច បានឈូសឆាយព្រៃរួច និងប្រមាណ៧០០ហិកតាបានកំពុងកាប់រំលំ ចោះយកឈើប្រណិតរាប់ពាន់ដើមមានគគីរ កកោះ សុក្រម មុនពេលឈូសឆាយដុតព្រៃឈើយកដីជាកម្មសិទ្ធិខុសច្បាប់»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ «តម្លៃដីព្រៃ១ហិកតា៣៥០$ ឈ្នួលសំអាតព្រៃ១ហិកតា៣៥០$ ទៅ៤០០$ និងចូលរួមធ្វើផ្លូវចូល១ម៉ែត្រ ២$ »។

អាដហុក ចាត់ទុកបញ្ហានេះថាជាចលនាមួយបានកំពុងប្រឆាំងនឹងក្រមព្រហ្មទណ្ឌ ច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់តំបន់ការពារធម្មជាតិ និងច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសប្រឆាំងនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍ នៃសមាគមអាហុក មានប្រសាសន៍ថា ដីទាំងនោះជាកម្មសិទ្ធិរបស់រដ្ឋ មិនគួរមានកាប់បំផ្លាញដូច្នេះនោះទេ។

លោកថា៖ «មិនជាក្រុមហ៊ុនទេ អានេះជាលក្ខណៈបុគ្គល តាមពិតវាជាតំបន់ព្រៃសាធារណៈរបស់រដ្ឋ កាលណាយើងនិយាយពីតំបន់ព្រៃចម្រុះ ជម្រកសត្វព្រៃ មានន័យថា ស្ថិតក្រោមការទទួលត្រូវរបស់ក្រសួងបរិស្ថាន គឺដីទាំងអស់ហ្នឹង មិនអាចនរណាប៉ះពាល់បានទេ»។

មេឃុំកាឡែងលោក ស៊ុត សំ បានច្រាលចោលការចោទប្រកាន់របស់មន្ដ្រីអាដហុក ដោយថា នេះជាការចុះហត្ថលេខាអនុញ្ញាតឲ្យពលរដ្ឋដែលខ្វះដីដើម្បីប្រើប្រាស់ និងអភិវឌ្ឍក្នុងតំបន់នេះ។ លោកអះអាងថា មន្ដ្រីពាក់ព័ន្ធក្នុងឃុំកាឡែងបានផ្ដល់ដីដល់ពលរដ្ឋចំនួន៥គ្រួសារ ដោយថា ខ្លះទទួលបាន២ហិកតាំ ខ្លះបាន៣ហិកតា សរុបទៅចំនួន២០ហិកកា។

លោកថា៖ «អត់ទេ អត់ត្រូវអញ្ចឹងទេ គាត់អត់មកចេះតែនិយាយអញ្ចឹង គ្មានផ្ដល់ទេ រដ្ឋហ្នឹងឲ្យយើងគ្រប់គ្រង គ្រប់គ្រងបើយើងខ្វះដី យើងត្រូវធ្វើដី យើងអភិវឌ្ឍដើម្បីគ្រួសារ ខ្ញុំអនុញ្ញាតតែ១ហត្ថ ២ហត្ថហ្នឹង»។ ទោះជាយ៉ាងណា លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍ នៃសមាគមអាហុក អះអាងថា លោកនឹងដាក់ដាក់បណ្តឹងបរិហារពីបទឧក្រិដ្ឋនេះ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅដើមខែមេសា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ