គៀត សុវណ្ណាឡាង ​វិល​ចូល​​​​ការ​សម្ដែង ​ក្រោយ​​​អាជីព​ចម្រៀង​បរាជ័យ

នៅទីបំផុតតារាចម្រៀងប្រចាំផលិតកម្ម Pleng Record  របស់ហង្សមាសបានប្រកាសយ៉ាងមុតមាំថានាងឈប់វង្វេងផ្លូវចេញពីការសម្ដែងកុនដូចមុនទៀតហើយ បន្ទាប់ពីការប្រឡូកចម្រៀងរបស់នាងអស់ជិត៥ឆ្នាំ ទទួលបានផ្លែផ្កាយ៉ាងស្ដួចស្ដើង។ នាងប្រកាសជំហរមិនត្រាំត្រែងក្នុងអាជីពចម្រៀងដូចមុនទៀតទេ បន្ទាប់ពីកុងត្រារវាង និងហង្សមាសក៏ត្រូវបញ្ចប់នៅចុងឆ្នាំ២០១៦នេះ។

តារាចម្រៀងប្រចាំផលិតកម្មPleng Record របស់ហង្សមាសរូបនេះបានអះអាងកាលពីល្ងាចថ្ងៃទី៣០ ឧសភា ថាក្រោយប្រឡូកអាជីពជាតារាចម្រៀងជិត៥ឆ្នាំនៅក្នុងផលិតកម្មហង្សមាសបានធ្វើអោយនាងមើលឃើញយ៉ាងច្បាស់ថានាងមិនអាចជោគជ័យក្នុងអាជីពមួយនេះដូចគ្នានឹងការសម្ដែងបានទេ ទើបនាងសម្រេចចិត្តវិលមកកាន់ក្នុងអាជីពសម្ដែងវិញ។ នាងថាខ្សែរឿង«Hello Phnom Penh »គឺជារឿងទី១ក្នុងចំណោមរឿងទាំងអស់ដែលនាងបានសម្ដែងសម្រាប់ភាពយន្តក្នុងកុន បន្ទាប់ពីមុននេះបន្តិចខ្សែរឿង«មេដោះក្រមុំ»របស់ទូរទស្សន៍បាយ័ន ដែលនាងថតអោយផលិតកម្មLD Picture ក៏បានដំណើរការចាក់ផ្សាយផងដែរ។ នាងថាប្រឡូកអាជីពចម្រៀងមានផ្លែផ្កាតិចណាស់ ទើបនាងមិនមានគម្រោងសុំអោយហង្សមាសបន្តកុងត្រា ក្នុងពេលដែលនាង និង Phleng Record ត្រូវដាច់កុងត្រានៅចុងឆ្នាំនេះឡើយ។ នាងហាក់សប្បាយចិត្តនឹងការវិលមកកាន់អាជីពសម្ដែងដូចមុន ដោយបានទាំងចាត់ទុកថាផ្លូវដែលនាងជម្រើសយកនេះ ជួយអោយនាងទទួលបានលុយកាក់ និងមុខមាត់ខុសពីពេលសម្ងំច្រៀងតែមួយមុខនោះផង។

ជាក់ស្ដែងនាងហាក់រំពឹងយ៉ាងខ្លាំងថារឿង«Hello Phnom Penh» ដែលបានប្រកាសដាក់បញ្ចាំងនេះ នឹងធ្វើអោយនាងកាន់តែមានទីផ្សារបន្ថែមទៀត នៅក្នុងអាជីពសម្ដែង។ នាងថាមុនពេលក្លាយជាតារាចម្រៀងរបស់Pleng Record  នាងបានទទួលជោគជ័យយ៉ាងខ្លាំងតាមរយៈការសម្ដែងក្នុងរឿង«ស្នេហាមួយនៅវិទ្យាល័យ» និងរឿង«ទឹកចិត្តបងស្រី» ប៉ុន្តែដោយសារតែចង់ប្រឡូកក្នុងអាជីពចម្រៀងទើបប្រថុយឈប់សម្ដែងហើយងាកទៅលក់សំឡេងដាក់ឌីសវិញ។ គៀត សុវណ្ណាឡាង និយាយថា៖ “សម្រាប់អាជីពចម្រៀងខ្ញុំគិតថាគ្រប់គ្រាន់ហើយ ឥឡូវខ្ញុំមើលឃើញតែអាជីពសម្ដែងទេដែលគិតថាជោគជ័យ ជាក់ស្ដែងតាំងពីខ្ញុំដោះស្រាយជាមួយហង្សមាស ហើយអាចទទួលសម្ដែងបានមក គឺ មានរឿងជាច្រើនទាក់ទងអោយខ្ញុំធ្វើតួឯក ដោយគ្រាន់តែនៅផលិតកម្ម LD Picture មានពីរបីរឿងហើយក្រៅពីរឿង«Hello Phnom Penh » ដែលទើបដាក់បញ្ចាំងនេះ!”។  នាងថានៅមានខ្សែរឿងជាច្រើនទៀត ដែលនាងសម្ងំថតហើយមិនទាន់ចេញផ្សាយ ក្នុងនោះក៏មានរឿងថ្មីមិនទាន់ចេញថតជាហូរហែរផងដែរ ទើបនាងនាងប្រកាសត្រូវតែសម្ដែងអោយពេញទំហឹង ហើយប្រហែលជាឈប់ស្រម៉ៃនឹងដល់អាជីពចម្រៀងបន្តទៀត។

លោកលៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានអះអាងថាគៀត សុវណ្ណាឡាង គឺជាតារាចម្រៀង ដែលលោកបានស្នើសុំពីផលិតPleng Record របស់ហង្សមាស អោយមកសម្ដែងបានមុនគេ។ ក្រៅពីរឿង២ដែលមួយត្រូវបានដាក់បញ្ចាំងនៅលើទូរទស្សន៍បាយ័ន និងមួយទើបបើកឆាកបញ្ចាំងក្នុងរោងនេះ លោកនៅមានខ្សែរឿងមួយចំនួនទៀត ដែលនឹងផ្ដល់ឱកាសអោយនាងសម្ដែងតួឯក។ យ៉ាងណាមិញ លោកថាទីផ្សាររបស់នាងអាចខ្លាំងឬមានកម្រិត ក៏ត្រូវស្ទាបស្ទង់តាមរយៈស្នាដៃរឿង«Hello Phnom Penh  » នេះផងដែរសម្រាប់ជំហានបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ