កម្មកររោងចក្រមួយនៅភ្នំពេញសុំឲ្យក្រសួងដោះស្រាយករណីក្រុមហ៊ុនបញ្ឈប់ពួកគេ

កម្មករប្រមាណរាប់រយនាក់នៅរោងចក្រកាត់ដេរសំលៀកបំពាក់ ដុងឌូ (Dongdu Textile (Cambodia) Co., Ltd.) ស្ថិតក្នុងសួនវឌ្ឍនៈ បានបន្តតវ៉ាជាថ្មីទៀតនៅព្រឹកថ្ងៃពុធនេះនៅមុខក្រសួងការងារ ដើម្បីឲ្យជួយដោះស្រាយករណីដែលក្រុមហ៊ុនបញ្ឈប់ពួកគេ។

កម្មករឲ្យដឹងថាក្រុមហ៊ុនបានបញ្ឈប់ពួកគេជាបន្តបន្ទាប់ ដោយប្រាប់ថាគ្មានអ្នកបញ្ជាទិញ ប៉ុន្តែពួកគេអះអាងថាក្រុមហ៊ុនបែរជារើសកម្មករថ្មីឲ្យចូលធ្វើការជំនួសទៅវិញ។

កម្មករផ្នែកដេរកញ្ញា ស្តើង ចាន់សិដ្ឋាន ប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនបានបញ្ឈប់កម្មករប្រមាណ៤០០នាក់ដោយមិនបានជូនដំណឹងតាមច្បាប់ការងារឡើយ។ កញ្ញាបន្តថាពេលកម្មករតវ៉ា ក្រុមហ៊ុនមិនអើពើក្នុងការដោះស្រាយនោះទេ ថែមទាំងជួលសន្តិសុខឲ្យប្រើអំពើហិង្សារលើកម្មករទៀតផង។

កញ្ញាបន្ថែមថា៖ “ថៅកែនិយាយអត់មានអ្នកអរឌឺកាម៉ង[អ្នកបញ្ជាទិញ]។ តែពេលដែលពួកខ្ញុំ[កម្មករ]កូដកម្មគាត់[ថៅកែររោងចក្រ]បានជ្រើសរើសកម្មករថ្មីឲ្យចូលធ្វើការវិញ។ ដល់ពេលពួកខ្ញុំតវ៉ា គាត់មិនគួរណាជួលប៉ូលីសមកវៃពួកខ្ញុំទេ ហើយពួកខ្ញុំជាស្រីទៀត”។

ក្រោយការតវ៉ាប្រមាណជា២ម៉ោង មន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សំណាង ឋាន្នារិទ្ធ បានចេញមកប្រាប់កម្មករថាក្រសួងនឹងហៅភាគីតំណាងរោងចក្រនិងកម្មករមកដោះស្រាយនៅក្រសួងការងារថ្ងៃព្រហស្សតិ៍ស្អែកនេះវេលាម៉ោង៩ព្រឹក។

លោកបន្ថែមថា៖ “ថ្ងៃនេះថ្នាក់ដឹកនាំលោក[រដ្ឋមន្រ្តី]រវាល់ប្រជុំដែរ អញ្ចឹងគាត់សន្យាថាស្អែក គាត់នឹងកោះអញ្ជើញខាងក្រុមហ៊ុននិងខាងតំណាងកម្មករដើម្បីប្រជុំដោះស្រាយនៅម៉ោង៩”។

វីអូឌី មិនអាចសុំការឆ្លើយបំភ្លឺពី លោក តាំង ម៉េងស្រស់ នាយករដ្ឋបាលនៃរោងចក្រ ដុងឌូ បានទេ។

ចំណែកប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា យល់ថាករណីដែលក្រុមហ៊ុនបញ្ឈប់កម្មករនេះជារឿងខុសច្បាប់។ លោក ប៉ាវ ស៊ីណា ស្នើឲ្យក្រសួងត្រូវមានវិធានការទៅលើថៅកែររោងចក្រឲ្យចេញមកទទួលខុសត្រូវចំពោះកម្មករ។

លោកបន្ថែមថា៖ “ក្រសួងការងារត្រូវមានវិធានណាមួយតាមផ្លូវច្បាប់លើថៅរោងចក្រឲ្យគាត់ចេញមកទទួលខុសត្រូវដោយឲ្យកម្មករទាំងនេះចូលទៅធ្វើការងារវិញ ពីព្រោះថាការបិទប្រកាសបញ្ឈប់នេះជាការខុសច្បាប់។ ព្រោះថាពួកគាត់[កម្មករ]កូដកម្មមិនត្រូវបានក្រុមហ៊ុនប្តឹងទៅកាន់តុលាការ ដើម្បីសុំដី ដើម្បីបញ្ឈប់ពួកគេទេ គឺការបញ្ឈប់នេះធ្វើឡើយដោយភាគីនយោជកតែម្ខាង”។

លោក ប៉ាវ ស៊ីណា បន្តថា ប្រសិនបើក្រសួងមិនពន្លឿនការដោះស្រាយជូនកម្មករទេ ពួកគេនឹងទៅរកអន្តរាគមន៍ដល់ផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តទៀត។

បើតាមក្រុមកម្មករ រោងចក្រ ដុងឌូ មានកម្មករប្រមាណជិត២០០០នាក់ ដោយក្រុមហ៊ុនបានបញ្ឈប់ជាបន្តបន្ទាប់តាំងពីខែមករារហូតមកដល់ខែសីហានេះមានប្រហែលជិត៥០០នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ