លិខិតមិត្តអ្នកអាន៖ វិញ្ញាសាហេង-ស៊យ

មកដល់ពេលនេះនៅតែមានការត្អូញត្អែរលើការផ្តល់សេវាសុខាភិបាល ខ្លះថាមកពីការិយាធិបតេយ្យក្នុងពេទ្យ ខ្លះនិយាយថាគ្រូពេទ្យយកប្រាក់មុនជួយជីវិត ខ្លះទៀតថាទោះបីទៅពេទ្យឯកជនហើយក៏នៅតែស្លាប់ដែរ បើគ្រាន់តែឈឺចង្កេះបន្តិចបន្តួចដូចទៅឱ្យគេចាក់ថ្នាំសម្លាប់ ចុងបញ្ចប់បានត្រឹមសម្រុះសម្រួលដោយស្ងាត់ៗ គ្លីនិកបិទហើយបើកវិញ(ស្រួលៗ!)។

កាលពីមុនធ្លាប់ឃើញអត្ថបទរិះគន់ថាក្រសួងដើរយឺត ហើយក៏ឃើញក្រសួងចេញសេចក្តីថ្លែងការវាយបកភ្លាមៗ អមដោយអង្គភាពសុខាភិបាល(អែបអប)គ្រប់ទិសទីចេញសេចក្តីគាំទ្រចំពោះសេចក្តីថ្លែងការណ៍នោះព្រោងព្រាតផងដែរ។ វិស័យសុខាភិបាលនេះ ក៏ត្រូវបានលោកបណ្ឌិត កែម ឡី ធ្លាប់បានលើកឡើងដែរថាមិនមែនត្រឹមតែកែទម្រង់នោះទេ គឺត្រូវធ្វើបដិវត្តន៍តែម្តង ប៉ុន្តែគ្មានអ្នកណាយកភ្នែកមើលទេ ខ្លាចគេថាយករបស់គេគឺអន់ មានឯណាគ្មានអ្វីឃើញជាដំកំភួនឡើយ សិស្សពេទ្យប្រឡងធ្លាក់ដាក់ញត្តិជូននាយករដ្ឋមន្ត្រីសុំជាប់វិញ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យក្រសួងបានបើកឲ្យមានការប្រឡងប្រជែងក្របខ័ណ្ឌសុខាភិបាល សិស្សចេញមកវិញនាំគ្នាជជែកបណ្តើររអ៊ូបណ្តើរហើយឆ្ងល់ថាហេតុអីក្រសួងចេញវិញ្ញាសាក្រឡេះខេះអញ្ចឹង?

គេថាដាំស្អីបានផ្លែហ្នុង អំពីវិញ្ញាសាប្រឡងយកក្របខ័ណ្ឌពេទ្យនេះស្ទើរតែរាល់ឆ្នាំទៅហើយ ជំនាញសុខាភិបាលក្នុងចំណោមជាងម្ភៃសំណួរមានតែ២៥ភាគរយប៉ុណ្ណោះ ដែលជាសំណួរផ្តោតលើជំនាញ ក្រៅពីនោះជាសំណួរដែលគេសំដៅដល់វប្បធម៌ទូទៅ ១ ២ ៣ ៤។ ឧទាហរណ៍ គេសួរអំពីផ្លូវរថភ្លើងស្រុកខ្មែរមានប៉ុន្មានខ្សែ ពីណាទៅណាខ្លះ មានប៉ុន្មានគីឡូម៉ែត កសាងឆ្នាំណា? សម្តេចទាំងបួនមានគោរមដូចម្តេចខ្លះ ស្ពានអាកាសមានប៉ុន្មាន ប្រាសាទនានា ។ល។ និង ។ល។

ប្រឡងប្រជែងជ្រើសរើសជំនាញ គួរណាស់តែផ្តោតខ្លាំងលើជំនាញយ៉ាងហោចណាស់ក៏បាន៥០ភាគរយនៃសំណួរទាំងអស់ដែរ។ អង្គភាពរដ្ឋខ្លះមានវិញ្ញាសាជំនាញផ្សេង ចំណេះដឹងទូទៅផ្សេង ភាសាអង់គ្លេសផ្សេង ចុះហេតុអីក៏ចម្លែកតែក្រសួងសុខាភិបាលមួយហ្នឹងបែបនេះ ឬចង់ឲ្យសិស្សពេទ្យចេះរឿងស្ថាបត្យកម្មបានជាសួរពីផ្លូវថ្នល់ ឈ្មោះស្ពាន ឈ្មោះប្រាសាទអញ្ចឹង ឬចង់ឱ្យមន្ត្រីពេទ្យដកដង្ហើមចេញចូលនឹកឃើញតែគោរមងាររបស់សម្តេចទាំងបួន ឬឲ្យចេះលើកជើងពេលបានចូលធ្វើការ? ឬមួយចង់ឲ្យអ្នកកែងាយស្រួលក្នុងការកែ ឆាប់រួច ហើយថាក្រសួងធ្វើការបានលឿន? ពិតជាការខកចិត្តមែន!

ឃើញមាននៅក្នុងសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីនិយាយពីអ្វីដែលសិស្សត្រូវត្រៀមដូចជាពាក់ព័ន្ធនឹងច្បាប់ បទបញ្ញត្តិនានា និងគោលនយោបាយរាជរដ្ឋាភិបាលជាដើម ប៉ុន្តែបេក្ខជននិយាយថាគេបានត្រៀមដែរតែក្រសួងជ្រលឆ្វេងវាយស្តាំ។ នឹកឃើញរឿងនេះ កាលពីឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានចេញសំណួរមួយដែរគឺសួរថា តើរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតសព្វថ្ងៃ ជារដ្ឋាភិបាលស្របច្បាប់ឬទេ? បើសំណួរសួរមកចឹងៗ តើនរណាហ៊ានថាមិនស្របច្បាប់? បើរដ្ឋាភិបាលមិនស្របច្បាប់ តើមានក្រសួងឯណាចូលធ្វើការនៅពេលប្រឡងជាប់? ចុះហេតុអីគណៈកម្មការប្រឡងមិននឹកឃើញចោទសួរសំណួរបែបនេះដែរទៅ បើខ្លួនជាសេនាធិការរដ្ឋាភិបាល?

ឧបមាថាបើ៧៥ភាគរយ ជាសំណួរចំណេះដឹងទូទៅហើយជាសំណួរបិទបែបនេះ សាកស្រមៃទៅមើលថាតើសិស្សអនុវិទ្យាល័យអាចប្រឡងជាប់ដែរទេ បើពួកគេមិនបានចូលរៀនថ្នាក់ពេទ្យ ឬ វេជ្ជបណ្ឌិតនោះ? ខ្ញុំថាពួកគេអាចជាប់ ទោះពួកគេចេះឆ្លើយត្រឹមតែ៧៥ភាគរយនោះក៏ដោយ ព្រោះចម្លើយជាចំណេះដឹងទូទៅមិនចាំបាច់វិភាគនោះទេ។

ដើម្បីជៀសវាងការរិះគន់ទោះបីក្រសួងខំរឹតបន្តឹងយ៉ាងណា មានតម្លាភាព និងយុត្តិធម៌យ៉ាងណាក៏ដោយ បើចេញសំណួរបែបហ្នឹងគឺវាមិនបានបញ្ជាក់ពីគុណភាពរបស់មន្ត្រីនោះទេ។ ជំនាញជាអ្វីមួយដែលចាំបាច់ រីឯចំណេះដឹងទូទៅ ក្រមសីលធម៌ជារឿងមួយមិនអាចខ្វះបាន។ តាមយោបល់ខ្ញុំ ក្រសួងមិនចាំបាច់ចេញសំណួរច្រើនដល់ម្លឹងទេ គ្រាន់តែកែប្រែខ្លះៗប៉ុណ្ណោះដូចជា៖

១-ប្រឡងត្រូវធ្វើឡើងមួយថ្ងៃពេញ ពោលគឺញែកឲ្យដាច់រវាងវិញ្ញាសាជំនាញ និងចំណេះដឹងទូទៅ ដោយពេលព្រឹក២ ឬ៣ម៉ោងប្រឡងចំណេះដឹងទូទៅ ពេលរសៀល២ម៉ោងប្រឡងវិញ្ញាសាជំនាញ។ សំណួរជំនាញមិនគួរសួរសំណួរដែលត្រូវឆ្លើយខ្លីៗនោះទេ សួរតិចឆ្លើយច្រើន និងអាចបញ្ចេញគំនិតបាន។

២-វិញ្ញាសាចំណេះដឹងទូទៅគួរចេញតែមួយ ឬពីរសំណួរបានហើយ ដោយផ្តោតលើគោលនយោបាយណាមួយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យសុខាភិបាល និងក្រមសីលធម៌មន្ត្រីសុខាភិបាល ដើម្បីឱ្យមន្ត្រីទាំងអស់ធ្វើការគិតដល់គោលនយាបាយ និងគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាដល់រាស្ត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ពេលបំពេញវិជ្ជាជីវៈ។ សំណួរចំណេះដឹងទូទៅគួរណាស់តែជាសំណួរបែវិភាគ យល់ដឹងជ្រៅជ្រះ ព្រោះជាការប្រឡងកម្រិតឧត្តមសិក្សា មិនមែនកម្រិតសាលាចំណេះទូទៅនោះទេ ដូចនេះមិនត្រូវចេញសំណួរបិទ ខ្លីៗ ឆ្លើយខុស គឺខុសត្រូវ គឺត្រូវនោះទេ។ សំណួរបែបនេះគេច្រើនប្រើនៅពេលប្រឡងផ្ទាល់មាត់ពេលមេប្រយោគធំសួរអស់សំណួរវិភាគរួចហើយ ក៏ឡែបខាយសំណួរកំប៉ិកកំប៉ុកទៅ ដូចជាសួរថាវិមានឯករាជ្យមានកាំជណ្តើរប៉ុន្មានកាំជាដើម។

សរុបមក ប្រសិនបើចង់បានមន្ត្រីល្អត្រូវរកវិញ្ញាសាសម្រាំងទើបវិស័យសុខាភិបាលអាចមានសង្ឃឹម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ