ឧទ្ធម្ភាគចក្រយោធាច្រើនគ្រឿងហោះឆ្វែលនៅក្បែរទីស្នាក់ការបក្សប្រឆាំង

ឧទ្ធម្ភាគចក្រយោធាហោះឆ្វែលនៅក្បែរទីស្នាក់បក្សប្រឆាំង (រូបភាពពីហ្វេសប៊ុក)

ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងបានហោះឆ្វែលនៅក្បែរទីស្នាក់ការគណបក្សប្រឆាំងនៅថ្ងៃនេះ ខណៈគណបក្សនេះកំពុងប្រជុំជាមួយសកម្មជនរបស់ខ្លួននិងលោក កឹម សុខា ដែលកំពុងស្នាក់នៅទីនោះ។

រូបភាពដែលថតបាន បង្ហាញថាមានឧទ្ធម្ភាគចក្រយោធាយ៉ាងតិច៥គ្រឿងបានហោះឆ្វែលចុះឡើងនៅក្បែរស្នាក់ការគណបក្សសង្រ្គោះជាតិនៅចាក់អង្រែលើនៅម៉ោងជិត១២ថ្ងៃត្រង់។ នេះបើតាមវីដេអូដែលផ្សាយដោយហ្វេសប៊ុកកូនស្រីទាំងពីររបស់ លោក កឹម សុខា។

ជាមួយគ្នានោះដែរ ហ្វេសប៊ុករបស់លោក សម រង្ស៊ី បានផ្សាយដែរថា៖ “រហូតមកដល់រសៀលថ្ងៃពុធ ទី៣១ សីហានេះ កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលមានឧទ្ធម្ភាចក្រនិងកាណូតទាហាន ព័ទ្ធជុំវិញទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ”។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បង្ហាញការងឿងឆ្ងល់ចំពោះឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងហោះជុំវិញគណបក្សសង្គ្រោះជាតិ ដោយលោកប្រៀបធៀបករណីនេះថាដូចគ្នា មុនដែលសមត្ថកិច្ចបំបែកក្រុមបាតុករនៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ លោកមានប្រសាសន៍ថា៖ “យើងមិនដឹងថាគេហោះក្នុងគោលបំណងអី ប៉ុន្តែគ្រាន់តែវាចំឡែក ពីមុនមកយើងធ្លាប់ឃើញម្តងគេបង្ក្រាបបាតុកម្មឆ្នាំ២០១៤ ខែ១ គឺឃើញមានការហោះហើរនៅពីលើទីស្នាក់ការគណបក្ស(សង្គ្រោះជាតិ)ដូចគ្នា ក៏ប៉ុន្តែតំាងពីពេលនោះមកអត់ដែលឃើញមានហោះអីទៀតទេ ប៉ុន្តែទើបថ្មីៗនេះ ឃើញហោះទៀត ទើបថ្ងៃនេះឃើញហោះចំពេលដែលឮសូរដំណើរការទៅលើក្តី បើកសវនាការកាត់ក្តីករណីឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ វាជួនគ្នានៅពេលអញ្ចឹង

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ មានប្រសាសន៍ថា ឧទ្ធម្ភាគចក្រដែលហោះរំលងលើគណបក្សសង្គ្រោះជាតិនិងក្បែរតំបន់នោះ លោកថាគ្រាន់តែជាការហ្វឹកហាត់របស់កងទ័ពអាកាសប៉ុណ្ណោះ ដោយលោកថាមិនមានការគំរាមកំហែងមន្ត្រីគណបក្សសង្គ្រោះជាតិនោះទេ៖ “កន្លែងណាក៏ហោះបានដែរប្អូន អត់មានទាក់ទងជាមួយតំបន់ណាទេ ពីព្រោះយន្តហោះវាហោះលើមេឃ វាមិនជាឡាន មិនត្រូវយើងបើកលើដីបានទេ ការហោះនៅលើមេឃ វាតែងតែប៉ះពាល់ដំបូងផ្ទះគេឯង មិនមែនជាតំបន់ហាមឃាត់ឯណា“។

កាលពីម្សិលមិញ លោក គន់ គីម ជាមេទ័ពម្នាក់បានចេញវីដេអូមួយ ដោយព្រមានចាប់ខ្លួន លោក សម រង្ស៊ី និង លោក កឹម សុខា បើមានការបញ្ជា ដោយថាជាការអនុវត្តច្បាប់។

លោកថា៖ “ច្បាប់មិនអនុញ្ញាតឲ្យអ្នកធ្វើជ្រុល ត្រូវតែគោរពច្បាប់។ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវអនុវត្តច្បាប់ ពីព្រោះខ្ញុំជាអ្នកអនុវត្តន៍ច្បាប់ កម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាល ឲ្យតែមានបញ្ជា ខ្ញុំត្រូវតែអនុវត្ត ខ្ញុំត្រូវតែការពាររដ្ឋាភិបាល”។

ជាការឆ្លើយតប នៅថ្ងៃនេះ កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃនេះថា៖ “កម្លាំងកងទ័ពជាតិមានកាតព្វកិច្ចការពាររដ្ឋម្មនុញ្ញ ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនការពារអំពើឬក្រុមណាដែលកំពុងបំផ្លាញរដ្ឋម្មនុញ្ញនិងរបបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ“។

បន្ថែមពីនេះទៀត លោក មុត ចន្ថា ជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិម្នាក់ទៀតក៏បានឆ្លើយតបនឹងការព្រមានរបស់ លោក គន់ គីម ដែរ។ លោក មុត ចន្ថា លើកឡើងថា៖ “ត្រូវបែងចែកតួនាទីនិងភារកិច្ចឲ្យច្បាស់ រវាងមន្រ្តីអនុវត្តច្បាប់និងយោធា។ មន្រ្តីអនុវត្តច្បាប់គឺសំដៅដល់នគរបាលនិងមន្រ្តីនគបាលយុត្តិធម៌មានភារកិច្ចអនុវត្តច្បាប់និងធានានូវសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រីឯយោធាមានកាតព្វកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី។ យោធាអាចដណ្តើមយកតួនាទីនិងភារកិច្ចបស់មន្រ្តីប្រតិបត្តិបាន លុះត្រាតែប្រទេសត្រូវបានប្រកាសដាក់ក្នុងភាពមានអាសន្នដោយព្រះមហាក្សត្រ បន្ទាប់ពីមានការអនុម័តយល់ព្រមដោយរដ្ឋសភា។ បើមិនដូច្នេះទេ ការចូលរួមរបស់យោធាក្នុងការអនុវត្តច្បាប់និងដណ្តាប់សង្រ្គម ជាអំពើផ្ទុយច្បាប់“។

ការព្រមានរបស់លោក គន់ គីម ធ្វើឡើងមុនពេលតុលាការបើកសវនាការនៅថ្ងៃទី៩ខែកញ្ញា ទាក់ទងនឹងអ្វីដែលតុលាការចោទថា ប្រធានស្តីទីគណបក្សប្រឆាំងប្រព្រឹត្តិបទល្មើសជាក់ស្តែងក្នុងការមិនចូលខ្លួនទៅបំភ្លឺករណីដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់នោះ៕ រាយការណ៍បន្ថែមដោយ លោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ