គ.ជ.ប ថាសម្រួលឲ្យព្រះសង្ឃចុះឈ្មោះបោះឆ្នោតបានតាមរយៈឯកសារបញ្ជាក់អត្តសញ្ញាណ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថាព្រះសង្ឃអាចចុះឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនំាដូចប្រជាពលរដ្ឋធម្មតាដែរ ដោយថាតម្រូវឲ្យមានឯកសារបញ្ជាក់អត្តសញ្ញាណ។

ការលើកឡើងនៅពេលនេះហាក់ផ្ទុយគ្នានឹងការអះអាងរបស់អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ដែលធ្លាប់ឡើងកន្លងមកដែលថាព្រះសង្ឃមិនអាចចុះឈ្មោះបោះឆ្នោតបានទេ ដោយលោកថាក្រសួងមហាផ្ទៃមិនធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យព្រះសង្ឃ។

ប៉ុន្តែក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ខែសីហានេះ ស្តីពីនីតិវិធីនិងច្បាប់បោះឆ្នោតដែលធ្វើនៅក្រសួងព័ត៌មាន លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងថា បើទោះជាក្រសួងមហាផ្ទៃមិនចេញអត្តសញ្ញាណប័ណ្ណឲ្យព្រះសង្ឃក៏ដោយ លោកថាព្រះសង្ឃក៏អាចមានសិទ្ធិចុះឈ្មោះបោះឆោ្នតបានតាមរយៈធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ។ លោកបន្តថា៖ “បើយើងជជែកនៅក្នុងច្បាប់ ព្រះសង្ឃពិតជាអត់មែន ប៉ុន្តែដើម្បីសម្រួល ព្រះសង្ឃក៏ជាប្រជាពលរដ្ឋខ្មែរដែរ ព្រះសង្ឃដែលអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រោះអង្គនិមន្តទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណដូចឧបាសក ឧបាសិកា ត្រូវបំពេញលក្ខខណ្ឌបី មានសំបុត្រកំណើតនិងមានរូបថតពីរសន្លឹក ព្រះសង្ឃទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ ព្រះអង្គនិមន្តទៅចុះឈ្មោះបោះឆ្នោត“។

លោក សោម សូរីដា បន្តថាបើករណីព្រះសង្ឃដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមុនទៅបួស គឺព្រះសង្ឃនោះមិនទាន់ផ្សឹក ព្រះសង្ឃអាចយកអត្តសញ្ញាណប័ណ្ណនោះទៅចុះឈ្មោះបោះឆ្នោតបានដែរ។

គ្រូបង្រៀនបាលីសំស្ក្រឹត ព្រះតេជគុណ សឹម សោន មានថេរដីកាថា ព្រះអង្គកំពុងពិចារណាថានឹងទៅស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើឲ្យការបោះឆ្នោតឬយ៉ាងណា ដោយរង់ចំាការសម្រេចរបស់សម្តេចសង្ឃជាមុនសិន៖ “បើសិនជាអត់ឃើញច្បាប់ឬក៏ស្តេចសង្ឃអត់មានប្រកាសអីផង មានតែច្បាប់អាណាចក្រដល់តែខាងពុទ្ធិចក្រដូចអត់ឃើញឯកភាព ពិបាកបើសិនជាអាត្មាឆ្លើយសំខាន់ច្បាស់លាស់ពីហ្នឹងសិន រឿងការចុះឈ្មោះអាត្មាក៏អាចបំពេញតួនាទីកាតព្វកិច្ចមួយដែរ ព្រោះសំបុត្រកំណើតក៏មាន សៀវភៅគ្រួសារក៏មាន ឆៃយ៉ាក៏មានបានម័យថាងាយ“។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ព្រះសង្ឃអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើឲ្យការបោះឆ្នោតបាន ដោយមិនចំាបាច់មានការឯកភាពពីសម្តេចសង្ឃនោះទេ ពោលព្រះសង្ឃត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ទីលំនៅ រួមទំាងសំបុត្រកំណើតជាដើម។ លោកបន្តថា៖ “សម្រាប់ គ.ជ.ប មិនទាមទារឲ្យមានលិខិតគួបផ្សំបន្ថែមពីស្ថាប័នណានោះទេ ទីមួយបើសិនជាព្រះសង្ឃមានអត្តសញ្ញាណប័ណ្ណរួចហើយ លោកអាចទៅសុំចុះឈ្មោះបោះឆ្នោតបាន ទីពីរបើសិនជាលោកអត់មានទេ លោកត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត ដោយលោកប្រើសំបុត្រកំណើត ហើយនិងលិខិតបញ្ជាក់ទីលំនៅ គឺអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើឲ្យការចុះឈ្មោះបោះឆ្នោត ហើយអាចចុះឈ្មោះបានហើយ“។

បើតាម គ.ជ.ប មកដល់ពេលនេះ ក្រសួងមហាផ្ទៃបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានជិត៩លានសន្លឹកហើយ (៨ ៩៩០ ០០០) ក្នុងចំណោមពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោតមានចំនួនជាង៩លាន៦សែននាក់ (៩ ៦៦៤ ២១៦)។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅ ERA លោក យង់ គិមអេង ជំរុញឲ្យព្រះសង្ឃដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណនៅក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់យកចុះឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស។ លោកបន្តថា៖ “ព្រះសង្ឃគ្រប់អង្គ ព្រះអង្គត្រូវតែទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីអាចនឹងទៅចុះឈ្មោះបោះឆ្នោតបាន នៅក្នុងការបោះឆ្នោតដោយសេរីនឹងយុត្តិធម៌កាលណាដែលប្រជាពលរដ្ឋទំាងអស់ មានឱកាសស្មើៗគ្នា ហើយមានសិទ្ធិដូចគ្នានៅក្នុងការចុះឈ្មោះទៅបោះឆ្នោត គឺធ្វើឲ្យការបោះឆ្នោត គឺធ្វើឲ្យការបោះឆ្នោតគឺបានបំពេញផ្នែកមួយនៃសេរី និងយុត្តិធម៌ហើយ“។

គួរបញ្ជាក់ថាព្រះសង្ឃបានទៅបោះឆ្នោតកាលពីឆ្នាំ១៩៩៣ដែលរៀបចំដោយអ៊ុនតាក់ ប៉ុន្តែការបោះឆ្នោតក្រោយៗទៀត ព្រះសង្ឃមិនមានសិទ្ធិបោះឆ្នោតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ