បទយកការណ៍​៖ ស្ដ្រីនិងអាជីពបរឡានដឹកដី

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 2:56 PM | បទយកការណ៍ | 0 | 2965 អ្នកស្រី លឹម លីហេង ជាអ្នកបញ្ជារថយន្តដឹកដី

ស្នូរសន្ធឹកគ្រឿងចក្រជីកកកាយដី (អេស្កាវ័រទ័រ) លាន់ខ្ទរពេ​ញវាលស្រែ​។ ទីនោះហើ​យ ដែលយើង​បានជួប​ស្ត្រីម្នា​ក់ ចាប់យកអាជីពជាអ្នកបញ្ជារថយន្តដឹកដី ដូចបុរសមួយចំនួនទៀតដែរ។

អ្ន​កបររថយន្តចំនួន១០នាក់ ដែលកំពុងមមាញឹកបញ្ជារថយន្ត បន្តកន្ទុយគ្នាឥតដាច់ ដើម្បីបាន​ចូលទៅ​ដឹក​ដី​​នោះ គេមិនឃើញមានអ្នកបើកបរណាផ្សេងទៀតជាស្ត្រី ក្រៅពីស្រ្តីម្នាក់នោះឡើយ។

មិនត្រឹមតែចំឡែកត្រង់ថា អ្នកបើកបរទាំងអស់ សុទ្ធតែជាបុរសប៉ុណ្ណោះទេ សូម្បីតែរថយន្តដែ​ល​​​ស្ត្រី​​​​​​​នោះ​អង្គុ​​​​យ​បញ្ជា ក៏មើលទៅហាក់ចម្លែកពីគេដែរ ដោយមើលទៅឃើញរថ​យន្តបុរសទាំង៩ ហាក់ច្រឡំគ្នា តែ​​​ដោ​យ​​​​ឡែក​រ​ថយន្ត ​ស្រ្តីម្នាក់នោះមាន​តុបតែងប្លែកពីគេ ដូចជាមានបាំងវាំងននពណ៌លឿង ពី​ចំ​ហៀង​ឆ្វេងស្ដាំ និង​ការ​តុបតែងផ្សេងទៀត។

ការតុបតែងនិងបិ​ទបាំងបែបនេះ ​​ដូ​ច​ជាចង់​​បិ​​​ទ​បាំងអ្វី​មួ​យ ដែ​​​​លគាត់​​​មិ​នចង់ឲ្យ​គេឃើញ​តៃកុងកំ​ពុង​អង្គុ​យប​ញ្ជា​​​រថយន្ត។

នៅ​ពេ​លយើងទៅដល់ការដ្ឋានដឹកដីនោះ យើងគ្មានឱកាសជួបសម្ភាសន៍ស្ត្រីនោះ ដើម្បីចង់ដឹងពីមូល​ហេ​​តុ​​ដែល​ជំ​​រុ​ញ​​ឲ្យគាត់ ចាប់យកអាជីពបើកបររថយន្តដឹកដីនេះដូចបុរសនោះទេ។

ប៉ុន្តែ​​ថ្ងៃមួយ យើងមានឱកាសជួបគាត់ បានសួរដេញដោលខ្លះៗពីមូលហេតុ ដែលគាត់ចាប់​យកអា​ជី​ពនេះ​​ នៅពេលដែល​រថ​យ​ន្ត​របស់​គាត់ខូចនៅកន្លែងជួសជុលនៅផ្ទះរបស់គាត់។

លឹម លីហេង បានប្រាប់យើងថា គាត់មានអាយុ៤០ឆ្នាំ ការចាប់អាជីពជាអ្នកបើករថយន្តដឹកដីនេះថា ជាចំណង់ចំណូលចិត្តតាំងពីកុមារភាព៖ “​​បានជាខ្ញុំ​ជ្រើសរើសយកឡានដឹកដីនេះ ព្រោះខ្ញុំចូលចិត្តហ្មង​ គេថាអ៊ីចឹង ប៉ុន្ដែខ្ញុំ​យល់ថាដូចជាមិនសំខាន់រឿងការងារប្រុសទេ“។

ពាក់អាវយឺតកក្អមដៃវែងពណ៌ខៀវជិតក បង្កប់នូវស្នាមញញឹមរាក់ទាក់ផងនោះ អ្នកស្រី លីអេង ឲ្យដឹ​ង​ទៀ​ត​ថា ដំបូងអ្នកស្រីមានការអៀនខ្មា​សខ្លះដែរ ពេលដឹក​ដីម្ដងៗ តែ​ងឃើ​ញអ្នកមើល​មក​​​​គាត់ ​ហើ​​យ​​ថែមទាំង​លា​​ន់មា​ត់ថា “ស្រីបើកឡានដឹកដី” ក្នុងនោះក៏មានអ្នកខ្លះសម្លឹងមុខអ្នកស្រី ខ្លះ​សរ​សើ​រ​គា​ត់​ថា “ពិត​ជា​​​អស្ចា​​រ្យមែន” ។  បន្ទាប់មកអ្នកស្រីគិតថា វាជាមោទនភា​ពទៅវិញ​ទេសម្រាប់​រូបអ្ន​កស្រី​​​ផ្ទាល់​៖ “ពេលដំបូង ខ្ញុំមានភាពអៀនខ្មាស​ ដូចជាគេសួរ គេបង្អាប់​​ផងអ៊ីចឹងទៅ ​​ខ្លះគេសរសើរទៅ ជួនកាលពេលខ្លះ ខ្ញុំបើកឡានទៅ គេនាំគ្នាមើល ​​“អ៊ូ! ស្ដ្រីបើកឡានដឹកដី“ ពេលហ្នឹងដូចអរផងអៀនផង​​ ឥឡូវលែងអៀនហើយ ព្រោះគេដឹងសព្វអស់ហើយ“។

អ្វីដែលតែងតែធ្វើឲ្យ អ្នកស្រី លីហេង សប្បាយចិត្តជារៀងរាល់ថ្ងៃនោះគឺ អ្នកស្រីដឹកដីជូ​នអតិថិជន​មិនដែ​លយឺត​យ៉ាវឡើយ។ នេះគឺដោយ​សារតែអ្នកស្រីមានការ​យកចិត្តទុកដាក់និង​​ការទទួលខុសត្រូ​វខ្ពស់​ក្នុង​អា​​ជី​ពនេះ៖ “មានភាពដូចជាខ្ញុំអត់ប្រើកម្លាំងទេ ចំពោះខ្ញុំមនុស្សស្រី ជួនកាលគេបាន១០ជើង ខ្ញុំបាន១១ទៅ១២ជើងទៀត ចំណុចខ្លាំង​ហ្នឹង ចង់និយាយថា មនុស្សស្រីយើង​​​ឧស្សាហ៍ជាងមនុស្សប្រុស“។

​ការសម្រេចចិត្តចាប់យកអាជីពជាអ្នកបើករថយន្តដឹកដីនេះ អ្នកស្រី លីហេង មិនត្រឹមតែមានមោទភាពខ្លួ​ន​​​ឯ​ង​ជាស្ត្រីមួយរូប​អាចធ្វើការធ្ងន់ដូចបុរសបាននោះទេ ប៉ុន្តែអ្នកស្រីក៏ត្រូវបា​នក្រុមគ្រួសាផ្តល់​កម្លាំ​ងចិត្ត​យ៉ាងពេញទំហឹង​។

លោក សុត សុខជា អាយុ៤៥ឆ្នាំ ពាក់អាវយឺតបង្កង់ដៃខ្លី ពាក់វ៉ែន​តា ក្នុងដៃកាន់ប្រដាប់គ្រឿងខ្ចៅខ្ចងឡានត្រូវជាស្វាមី អ្នកស្រី លីហេង កំពុងជួស​ជុល​​​ម៉ាស៊ី​នឡា​នបានលើកឡើងថា គាត់មិ​នបានដឹងថាប្រពន្ធគាត់​ចង់ប​រ​ឡា​នដឹ​​កដីឡើយ ព្រោះពីមុនប្រពន្ធរបស់គាត់ជាអ្នករកស៊ីលក់ត្រីទេ ប៉ុន្ដែដើម្បីជីវភាពគ្រួសារទើ​បគាត់ដា​ច់ចិ​​ត្ត​ឲ្យប្រព​ន្ធគាត់បរឡានដឹកដី។ ពីដំបូង លោក សុត សុខជា ហាក់បារម្ភដែរ តែដល់យូរទៅក៏ទុកចិត្តបាន៖ “រឿងអារម្ភណ៍គិត យើងនឹកឃើញថា ប្រពន្ធគ្នាមិនដែលកាន់ មានអារម្ភណ៍ខ្លាច មានបញ្ហាអ៊ីចេះអ៊ីចុះដែរ តែដល់គ្នាកាន់​ចេះតែបានសុខសប្បាយរហូតអ៊ីចឹងទៅ គាត់មុខរបរនេះកម្រមនុស្សស្រីណាធ្វើបានណាស់ ធ្លាប់ដែរ ធ្លាប់តែគេកាន់ឡានតូច ឡានអីស្រួលៗ ​ដល់គាត់កាន់ឡានដឹកដីជួបឧបសគ្គច្រើន យើងក៏មានមោទនភាពដែរហ្នឹង“។

ទោះបីជារូបអ្នកស្រីត្រូវចេញទៅដឹកដីតាំងពីព្រលឹមរហូតដល់ល្ងាច ស្ទើរគ្មានពេលសម្រាកក៏ពិ​តមែន ប៉ុន្ដែស្វាមី និងកូនស្រីពៅរបស់អ្នកស្រីបានអះអាងថា ក្រៅពីមុខរបរជាអ្នកបរឡានដឹកដី អ្ន​កស្រី លី​​ហេ​​​​​ង ក៏ជាម្ដាយដ៏ល្អ ភរិយាដ៏ល្អផងដែរ៖ “ការងារផ្ទះមុននឹងគាត់ចេញទៅ គាត់ដាំបាយទុកឲ្យហើយ បោកខោអាវទុកឲ្យហើយ អ៊ីចឹងទៅ​ ​​ថ្ងៃណាដែលប្រញាប់ពេក ខ្ញុំនៅផ្ទះក៏ជួយការងារគាត់ខ្លះអ៊ីចឹងទៅ ខ្ញុំឈ្មោះ ជាតា ខ្ញុំបានជួយច្របាច់ដៃច្របាច់ជើងតិចតួច“។

​​​ស្ថិតក្នុងកាលៈទេសៈ​រវល់ប៉ុណ្ណាក៏ដោយ អ្នកស្រីជាមនុស្ស​ដ៏រួសរាយរាក់ទាក់​ចំពោះក្រុមការងា​រខ្លាំងណា​ស់ មាន​ពេ​​លខ្លះ​គាត់តែងជជែកគ្នាពីនេះពីនោះលេង ដើម្បីលម្ហែអារម្មណ៍ នេះបើតាមការបញ្ជាក់ពីលោក ប៉ៃ ម៉េងគុ​ណ ជាអ្នករួមអាជីពជាមួយគាត់៖ “មានអី គាត់ពេលទំនេរអ៊ីចឹង គាត់ចុះមកនិយាយលេងជាមួយយើងទៅ តែដល់ពេលផុតតែពីហ្នឹង ​​ថាដល់ម៉ោងរកស៊ី ដឹងតែនាំគ្នារត់ទៅ​​“។

ទាក់ទងនឹងការលំបាកវិញ អ្នកស្រី លីម លីហេង បានលើកឡើងថា រូបគាត់មិនសូវជាមានទេ នេះដោយសារតែអ្នកស្រីមានបម្រុងប្រយ័ត្នខ្ពស់យល់ពីស្ថានភាពផ្លូវនិងអាកាសធាតុ៖ “បើសិនជាជាប់តែម្នាក់ឯង យើងមើលថាដូចថាត្រូវបែន​​យកឈើអី​​ទល់សន្ទះក្រោយអីអ៊ី​ចឹងទៅ​​”។

ប៉ុន្ដែបើជួបឧបសគ្គម្ដងម្កាល អ្នកស្រីតែងបានក្រុមការងារខាងបុរសជួយទាញឡានមិនគិតប្រកាន់អ្វី៖ “មានជួបផលវិបាកខ្លះដូចជាឡានខ្ញុំខូច បែនអត់ឡើងដី ក្រុមការងារគាត់ជួយកាយដី ជួយអូស ជាប់ផុង​​ គេជួយទាញ កាយដីជាដើម“។

ហើយក្រុមការងារខាងបុរសក៏តែងតែយោគយល់អំពីអ្នកស្រីផងដែរ៖ “យើងជួនកាលបាន១ជើង គាត់បាន២ជើង ព្រោះយើងរវល់តែជួយគ្នា គាត់អត់បានជួយយើងទេ ព្រោះគាត់ជាមនុស្សស្រី គាត់ទៅមុនហើយ ប្រើគាត់បានតិចតួច ដូចជាយកកាបយកអី គ្រាន់ចុះពីលើឡាន បើ​​​គាត់មានម៉ូយហៅ យើង បើយើងមានម៉ូយហៅគាត់​​ទៅវិញទៅមក​​”។

​​​ជាទីបញ្ចប់ អ្នកស្រី លីម លីហេង បានផ្កាំផ្ញើទៅកាន់ស្ដ្រីឯទៀតថា ​​​អាជីពបរឡានដឹកដីនេះមិនលំបាកទេ ម៉្យាងទៀតអាជីព​នេះអា​ចរ​កប្រាក់​ចំណូលបានច្រើនងាយស្រួល ពិសេសបច្ចុប្បន្ន គឺអ្នកស្រីស្រឡាញ់មុខរបរនេះណាស់ ហើយប្ដេជ្ញា​ថា​នឹងប្រ​កបរបរនេះរហូតដល់ចាស់៖ “ចាស៎! តទៀត ទាល់តែខ្ញុំថាចាស់លែងបើកទៅមុខលែ​ងរួច​​​ ខ្ញុំសូមផ្ដាំទៅស្ដ្រីឯទៀតបើកឡានដឹកដីដូចជាខ្ញុំនេះមិនពិបាកទេ ហើយដូចជាបានកម្រៃចិញ្ចឹមក្នុងគ្រួសារដូចគួរសមដែរ ខ្ញុំសំណូមពរស្ដ្រីខ្លះកុំមានភាពទន់ខ្សោយ កុំអៀនខ្មាសអី ព្រោះនេះចង់និយាយថា យើងជួយក្នុងគ្រួសារបានមួយផ្នែកដែរ យើងយកភាពហ្នឹងទៅធ្វើការងារអ៊ីចឹង ឲ្យពួកគាត់សាកបានដឹង“៕

ដោយលោក ប៉ែន ប៉ូលីន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required