អភិបាលរាជធានីបញ្ជាកងកម្លាំងត្រៀមបង្ក្រាបការតវ៉ារបស់បក្សប្រឆាំង

កម្លាំងសមត្ថកិច្ច

អភិបាលរាជធានីភ្នំពេញ បញ្ជាដល់កងកម្លាំងនៅតាមខណ្ឌទាំង១២​ឲ្យមានការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈក្នុងការបង្ក្រាបលើការតវ៉ាណាមួយរបស់គណបក្សសង្គ្រោះជាតិ ដែលលោកថា បង្ក្រាបដើម្បីរក្សាសន្តិភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។​

នៅក្នុងពិធីប្រគល់រថយន្ត ម៉ូតូ និងសម្ភារប្រើប្រាស់ ដល់​កងកម្លាំងទាំង១២ខណ្ឌកាលពីម្សិលមិញ លោក ឃួង ស្រេង ថ្លែងថា ជាតិកំពុងតែមានសន្តិភាព ហើយប្រជាជនកំពុងតែមានសេចក្តីសុខ។ លោក បញ្ជាឲ្យមានការបង្ក្រាបបើសិនជាមានបាតុកម្មណាមួយក្នុងគោលបំណងចង់ឲ្យដោះលែងលោក កឹម សុខា ដោយលោកចាត់ទុកថា លោក កឹម សុខា ជា «ជនក្បត់ជាតិ» បំផ្លាញសន្តិភាពជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។

ស្របពេលនៃការបញ្ជារបស់អភិបាលរាជធានីភ្នំពេញ គឺនៅពេលសវនាការនៅតុលាការកំពូលលើករណីលោក កឹម សុខា នៅថ្ងៃនេះ មានការបិទផ្លូវជុំវិញតុលាការ និងពង្រាយកម្លាំងសមត្ថកិច្ចរាប់រយនាក់។​

ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​កាលពីដើមខែកញ្ញាមក គណបក្សនេះ មិនធ្លាប់ប្រកាសធ្វើបាតុកម្មនោះទេគឺមានតែការអំពាវនាវឲ្យសហគមន៍អន្តរជាតិ​ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយនៅកម្ពុជា។​

ទោះយ៉ាងណា ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងឡុង ថ្មីៗនេះ បានព្រមានថា លោកដឹកនាំការធ្វើបាតុកម្មដែលមានមនុស្សរាប់ពាន់នាក់ចូលរួមបើសិនជាមានការរំលាយគណបក្សសង្គ្រោះជាតិ​មែននោះ។

ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងកាលពីថ្ងៃទី៣ខែកញ្ញាមក មិនមានបាតុកម្មណាមួយនៅក្នុងប្រទេសដើម្បីទាមទារឲ្យមានការដោះលែងលោកកឹម សុខានោះទេ ប៉ុន្តែនៅក្រៅប្រទេសរួមមានទាំងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បារាំង កាណាដា និង អូស្ត្រាលីជាដើម ពលរដ្ឋខ្មែរនៅទីនោះប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់ ទាមទារឲ្យលោកលែង លោក កឹម សុខា ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតថ្នាក់ជាតិដោយសេរី និង ត្រឹមត្រូវនៅឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ