ក្រសួង​ឱ្យ​ប្រុងប្រយ័ត្ន​ជំងឺ​ផ្លូវ​ដង្ហើម​ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 1:13 PM | សុខភាព | 0 | 3364

ក្រសួង​សុខាភិបាល​ បាន​ក្រើន​រំលឹក​ទៅ​ដល់​ប្រជាពលរដ្ឋ ឲ្យ​​ប្រុងប្រយ័ត្ន​ជំងឺ​ផ្លូវ​ដង្ហើម ​ដោយ​ព្រមាន​ថា អាកាសធាតុ​ត្រជាក់​ខ្លាំង​ អាច​បង្ក​ឱ្យ​ផល​ប៉ះ​ពាល់​ដល់​ទារក កុមារ និង​មនុស្ស​ចាស់​ជរា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ក្រសួងសុខាភិបាល លើកឡើងថា នៅខែធ្នូ និងខែមករានេះ ស្ថានភាពអាកាសធាតុ នឹង​ចុះ​ត្រជាក់​ខ្លាំង ដែល​ក្រសួងថា នឹងបង្កឱ្យមានជំងឺជំងឺ​ផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ និងជំងឺដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កជារោគសញ្ញា​ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះ ពោះវៀនដោយពពួកវីរុស។

ក្រសួងបញ្ជាក់ថា ដើម្បីការពារជំងឺទាំងនេះ សម្រាប់កុមារ និងមនុស្សចាស់ ត្រូវស្លៀកសម្លៀកបំពាក់ច្រើនជាន់ ដើម្បីរក្សាភាពកក់ក្តៅ និង​ជៀស​វាង​សម្លៀក​បំពាក់​តឹង ដែលអាចរំខានចរាចរណ៍ឈាមក្នុងរាងកាយ និងបណ្តាលឱ្យបាត់កំដៅរាងកាយ។

ក្រសួងបន្តថា កុមារ និងមនុស្សចាស់គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅដើម្បីរក្សាកំដៅរាងកាយ និងត្រូវពិសារទឹក​ឱ្យបាន​ញឹក​ញាប់ ដើម្បីជៀសវាងការបាត់បង់ជាតិ​ទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។

ចំពោះទារកអាយុតិចជាង ១ឆ្នាំ ក្រសួងថា មិន​គួរ​ឱ្យ​ដេកនៅក្នុងបន្ទប់ត្រជាក់ទេ ត្រូវផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅ និងដណ្តប់ភួយ ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសីតុណ្ហភាពឱ្យបានកក់ក្តៅ។

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា អាកាស​ធាតុ​ត្រជាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ផុត​នៅ​ត្រឹម​ថ្ងៃ​នេះ ហើយ​វិល​ទៅ​រក​សីតុណ្ហភាព​ធម្មតា​វិញ ចាប់​ពី​ខែ​មករា​ទៅ៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required