ពៅ លីដា ​​​បាន​កុង​ត្រា​​​ភ្លាម ក្រោយ​ជាន់ពីដី​​កំណើត​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 8:44 AM | កំសាន្ដ | 0 | 4058
Previous Next

ខណៈដែលតារា​​​​ភាគច្រើន​ខ្វាយខ្វល់​រឿង​​​ជ្រុះបាត់ការងារព្រោះតែជក់សូរ​​ចេញសម្ដែង​ក្រៅស្រុកច្រើនខែ​ តារា​ស្រី​​​​​នាង​​ពៅ លីដា បែរ​​បាន​កុងត្រា​​​តួ​ឯកមួយភ្លាម ​បន្ទាប់ពី​​វិល​​មកពីការសម្ដែង​​​​​​នៅ​អាមេរិក​​មិន​ដល់​​​​​២សប្ដាហ៍។ ​នេះជា​រឿង​​ទី​​១ បើរាប់​​​​ត្រឹមនាង​​​​​​​​​បាត់មុខ​ទៅ​​​​​​ដល់ទៅជិត​​៣​ខែ​​​​​​​ពីស្រុក ប៉ុន្តែ​បើ​ការសម្ដែង​ដែល​នាង​បានទទួល​​​​តាំ​ងពី​ដើម​ឆ្នាំ​​២០១៦ ក៏មានច្រើនដែរ។​

​កញ្ញា​បានថ្លែង​បញ្ជាក់កាលពីថ្ងៃ​ទី​​៣០ ធ្នូ ក្នុងពិធី​​ក្រុង​ពាលី​រឿង​​«​​​​​​​អាស្ទើរ​ទឹក​ប៉ះ​ខ្មោច​​បែកស្លុយ»​ថា ​​​​​​​​គ្រាន់តែ​មកដល់​​ដីកំណើត​ភ្លាម​​ នា​​ងក៏​ត្រូវ​ផលិតកម្មBKS ទាក់ទង​អោយសម្ដែង​ភាព​យន្ត​ខ្នាត​ធំ​មួយភ្លែត ដោយ​​កិច្ច​កុង​ត្រាទើបត្រូវ​​​​បានសម្រេច​ផ្លូវការ​​ក្នុង​ពិធី​ក្រុង​ពាលី​នា​ព្រឹកនោះ​។ ​នាង​​ថា​​​ផលិតករ​អោយសម្ដែង​​តួ​ខ្មោច តែ​​​​តួ​ឯកធំ​ទើប​នាង​ពេញចិត្ត​ទទួល​យក ​បើទោះជា​​​ក្នុង​សាច់រឿង​មើលទៅ​មានឈុត​គ្រោះ​ថ្នាក់ ដែល​​​​​​​ធ្វើអោយ​នាង​រអារច្រើន។

នាងថា​​​​​​​​ក្រោយ​​​​​​​​​​​ចប់ការសម្ដែង​នៅអាមេរិក​​ហើយមកដល់​ស្រុកកាលពីថ្ងៃទី​១៤ ធ្នូ នាង​ជាប់​​​​ថត​រឿង​«​ចាប៉ីនាគត្រាច់ចរ»​ដែល​ថត​មិនទាន់ចប់ ​​​ដោយចាត់ទុកថា​​​​រឿងដែល​​ទើបកុងត្រា​​ជា​រឿង​​ទី១​​​​​​​​​​បន្ទាប់ពី​​​​​​​នាង​មកដល់​ស្រុ។ នាង​នៅ​ក្នុង​រឿងនេះ​​នាង​មិនមែន​សម្ដែងជា​​តួ​ខ្មោច​កំប្លុកកំប្លែង​នោះទេ តែ​​​ជាខ្មោច​​​​កាចសាហាវ​ដោយការ​​​ថត​ភាគច្រើន​​​​​គឺ​ថត​ពេល​យប់ ដែល​ផ្ដល់ការ​លំបាកដល់​នាង​ច្រើន​។ នាង​យល់ថា​​​​​​តំណែង​ចុង​ក្រោយ​​​​មានការ​ចាប់អារម្មណ៍​ជាង​មុន ដោយសារតែ​ខាង​ផលិតករ​​​​​​​​​​​កុងត្រា​យកនាង​​អោយ​សម្ដែង​តួ​ឯក ​ហើយមាន​តារា​សម្ដែងសុទ្ធ​តែ​ល្បី​រួមសម្ដែង ដូចជា ​​​នាង​ខ្ញុង ​  ​នាយ​ចឺម ​លោករ៉ូណាន់​​តួឯករឿង​​​​​​​​​​«​កំណត់ហេតុ​នាងនាថ» ​​កញ្ញា​ឈុន ​​​ស្រីមុំ ​ ​​​និងតារា​សម្ដែង​ល្បីឈ្មោះជា​ច្រើនរូបទៀត។ ​​​​នាង​ថា​ការសម្ដែង​​​​ក្រៅស្រុក​​​យូរ​ខែ​ បានរុញ​អោយ​នាង​បាត់ឱកាស​​​​​​​ការសម្ដែង​ច្រើនរឿង​​ក្នុង​ពេល​ផលិតករ​​ទាក់ទង អ៊ីចឹង​ហើយទើប​នាង​យល់ថា​​​កុងត្រា​​ក្នុង​រឿង​​​​​«អាស្ទើរ​ទឹក​ប៉ះ​ខ្មោច​​​​​​​​​បែកស្លុយ»​​គឺជា​​​ភាព​យន្ត​​​​​​​​ដែល​ជួយអោយ​នាង​​ទទួលបាន​ភ្លាម​​ក្រោយពេល​បាត់មុខ​ច្រើនខែ​​​​ក្រៅស្រុក។ ​នាងថា​​ការ​​​​​​​​សម្ដែង​​​រឿងថ្មីជា​យីអ៊ុន​ចុង​ឆ្នាំ ​​​​​​​​​ហើយ​ក៏មិនខុស​ពី​​​​ជួយ​​បើកមុខ​អោយ​​នាង​មានការចាប់អារម្មណ៍​​​សម្រាប់​ឆ្នាំ​​​​​២០១៧ខាង​មុខ។ ​​​​

ពៅ លីដា នៅតែ​​​​​​​បញ្ជាក់ពីការ​ប្រកាន់ខ្លួនសម្រាប់​តំណែង​មិន​​សមរម្យ​ក្នុងកុន ​បើទោះជា​​​​​​ថត​មួយ​ប្លង់​​ហើយ​បានតម្លៃ​ខ្លួនខ្ពស់។ នាង​ថា​​​​​​ខ្លួនជា​តារា​​​​​​​​យូរ​ឆ្នាំ​មក​ហើយ ហើយក៏មាន​កេរ្តិ៍ឈ្មោះ​បោះសំឡេង​នៅ​ល្អ​​ណាស់ដែរ ទើប​នាង​​​យល់ថា​​ការ​ទទួល​សម្ដែង​​ជា​តួ​​កំប៉េក​កំប៉ុក ឬ​ជា​តួ​រង​ក្នុង​រឿង​គឺ​នាងមិនទទួល​​។ ក្នុង​នោះ​​នាងក៏​ប្រកាស​មិន​​ទទួល​ការ​ច្រៀ​ង​រាំ​នៅស្រុក​ភ្លាម​ៗ​នា​ពេល​នេះ​ផងដែរ​ ក្នុង​ពេលដែល​​ខាង​​​​​​​​​ក្រៅស្រុកចង់អោយ​នាងចេញ​ទៅច្រៀង​ភ្លាមៗ​បន្ថែមទៀត​នៅ​​​​​បណ្ដា​ប្រទេស​មួយចំនួន។

នាងថា​​​ បើទោះជា​បាន​មួយរឿង​ភ្លាម​ក្រោយមកដល់ស្រុក ​តែការ​​​ទទួលការងារ​​ក្រៅស្រុក​ញឹកញាប់​នឹង​ធ្វើអោយ​ផលិតករ​​​​​​​ផ្ដល់ជម្រើស​ចំពោះ​តារា​ផ្សេង។ ​នាងថា​​ក្រោយ​​​បញ្ចប់ការសម្ដែង​នៅអាមេរិក នាង​​​​​រវល់ច្រើន​ក្នុង​រឿង​បុរាណ​​ដែល​ថត​មិនទាន់ចប់ ​និង​រឿប​បើកហាង​សាឡន ប៉ុន្តែ​មកពីខាង​ផលិតកម្ម BKS ផ្ដល់​លក្ខណ្ឌ​​អោយ​នាង​ពេញចិត្ត ទើប​​នាង​កុ​ងត្រាទទួលយក​​​ភ្លាម​​ៗ​ ដោយគ្រាន់តែ​​​មកដល់ប្រទេស​កម្ពុជា​វិញ​ភ្លាមៗ។ នាង​បដិសេធទម្លាយអោយដឹង​ពីតម្លៃខ្លួន​​​​​ ដោយគ្រាន់តែ​អះអាងថា​​​​​​​​​​​​​ធៀប​នឹង​​​​ឆ្នាំ​​២០១៥ និង ​​​​​ពាក់កណ្ដាល​ឆ្នាំ​​២០១៦ គឺតម្លៃ​ចេញ​ថត​របស់នាង​​​​​កើន​ខ្ពស់។ ​បន្ទាប់ពី​បាន​មួយរឿង​នេះ នាង​ក៏​ត្រូវ​ផលិតករ​​​២​រូប​​ទាក់ទ​ងអោយសម្ដែង​រឿង​​២​ផ្សេង​គ្នា​ក្នុង​ពេលខាង​មុខ​ផងដែរ ដោយ​​គ្រាន់តែ​មិន​ទាន់​ត្រូវរ៉ូវ​ផ្លូវការ ទើប​នាង​មិន​ទាន់បង្ហើប និង​រំពឹង​ថា​នោះ​ជាផ្លែ​​ផ្កាសម្រាប់​​​​​ដើមឆ្នាំ​​២០១៧។

លោកឈុន សុវណ្ណ​​​ភក្ដី ​​​​​​​​អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំផលិតកម្ម​BKS បានអះអាងថា​ការពិត​រឿ​​ង​«​អាស្ទើរ​ប៉ះ​ខ្មោច​បែកស្លុយ»​​​​ដែល​​​ប្រកាស​ចេញ​ថត​​​​​ត្រូវ​ក្រុង​ពាលី​​មុន​ហ្នឹង ប៉ុន្តែ​មក​ខ្លួនចង់បាន​​តារា​សម្ដែង​នា​ពៅ លីដា អោយសម្ដែងតួឯក ទើប​​គ្រាន់តែ​នាង​​​​​​​​មកដល់ស្រុកភ្លាម​​ក៏ទាក់ទង​ភ្លែត ហើយ​​​ប្រកាស​ចេញថត​កាលពីថ្ងៃទី​៣០ ធ្នូ។ ​លោកថា​រឿង​នេះ​​ចម្រុះដោយ​តារា​ល្បី​ៗ​​​​​​​​ក្នុង​ពិភពសិល្បៈ ​​​ដោយខាង​ផលិតកម្មក៏បានចាប់ដៃ​ជាមួយ​ផលិត​ករ​រឿង​«​​កំណត់ហេតុ​នាងនាថ»​ជំរុញគុណ​ភាព​​រឿង​ទាំងមូល​​​​​​​​មានស្នាដៃ​ផងដែរ។ លោកថា​​​​​​​​​នេះជា​រឿង​ទី​៣​បន្ទាប់ពី​ការ​ផលិត​បាន​​២​រឿង​កន្លងមក ​​ដោយ​គ្រោង​ចំណាយ​ទុន​​​៦​ម៉ឺន​ដុល្លារ។ លោកថា​សាច់រឿង​ទាំងស្រុង​សំដៅ​​លើ​ភាពភ័យរន្ធត់ និង​​កំប្លុកកំប្លែង តែ​​ពៅ លីដា ​​មិន​មែន​ជា​តួ​​សម្ដែង​បែប​​​ខ្មោច​បែកស្លុយ​នោះទេ ​គឺ​តម្រូវអោយ​សម្ដែង​ជា​នារី​ស្រស់ស្អាត លុះដល់ពេលស្រាប់​​​ក៏​ក្លាយជា​កាចសាហាវ។ ​ យ៉ាងណាមិញ លោកថា​មិនហ៊ាន​រំពឹង​ខ្ពស់​ទេ បន្ទាប់ស្នាដៃ​​ចំនួន​២​ដែល​ខាង​​ផលិតកម្ម BKS ផលិតឡើង និង​​ដាក់បញ្ចាំងក៏មិនសូវ​បានចំណូលខ្ពស់​​​ដូច​ការ​គ្រោង​ទុក៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required