មន្ត្រី​​កម្ម​សិក្សា​​ក្រសួង​​មុខ​ងារ​​សាធារណៈ​១៣៥​នាក់ ស្នើ​លោក ហ៊ុន សែន ជួយ​រក្សា​ក្របខណ្ឌ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

មន្ត្រី​កម្មសិក្សា​ក្រសួង​មុខងារ​សាធារណៈ​ចំនួន ១៣៥នាក់ ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​រក្សា​មុខងារ​នៅក្នុង​ក្របខណ្ឌ​ដដែល បន្ទាប់ពី​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​នេះ​ប្រកាស​បញ្ឈប់​ពួក​គេ​ពី​ក្របខណ្ឌ។

ក្នុង​លិខិត​សុំ​អន្តរាគមន៍​ តំណាងដោយ​មន្ត្រី​កម្មសិក្សា ១៣៥នាក់ ដែល​មក​ពី​បណ្តា ២៥រាជធានី-ខេត្ត បាន​ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ កាលពី​ថ្ងៃទី២១ ខែមេសា​នេះ ​បាន​ឱ្យដឹង​ថា រដ្ឋមន្រ្តី​មុខងារ​សាធារណៈ លោក ព្រុំ សុខា បានសម្រេច​និរាករណ៍​ដោយ​បញ្ឈប់​ពួក​គាត់​ពី​ការងារនៅក្នុង​ក្របខណ្ឌ​ក្រសួង​មុខងារ​សាធារណៈ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

ករណីនេះ តំណាង​ក្រុម​មន្ត្រី​កម្មសិក្សា​ទាំងអស់ ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អន្តរាគមន៍​ជួយ​ដល់​ពួក​គាត់​ឱ្យបាន​បន្តការងារ និង​សុខចិត្ត​មិន​ទទួល​ប្រាក់បៀវត្ស រួម​ទាំង​ប្រាក់​ឧប​ត្ថម្ភ​ផ្សេង​ៗរហូតដល់​ជំងឺ​កូ​វីដ១៩ ផុតរលត់​ជាស្ថាពរ។

ខ្លឹមសារ​លិខិត​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំបាទ​-នាងខ្ញុំ សូម​គោរព​អនុ​ញ្ញាត​ស្នើសុំសេចក្តីសណ្តោ​សប្រោ​សប្រ​ណី​ពីសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី សម្តេច​ពុក មេត្តា​រក្សាទុក​ក្របខណ្ឌ​របស់ខ្ញុំ​បាទ​-នាងខ្ញុំ ជាម​ន្ត្រី​រាជការ​ ដោយ​ខ្ញុំបាទ​-នាងខ្ញុំ សុខចិត្ត​មិន​ទទួល​បៀវត្ស និង​ប្រាក់​ឧប​ត្ថ​ម្ភ​ផ្សេង​ៗ រហូតដល់​ជំងឺ​កូ​វីដ១៩ ផុតរលត់​ជាស្ថាពរពី​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង»។

ក្នុង​លិខិត​របស់ក្រ​សួង​សេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុ កាលពី​ថ្ងៃទី២០ ខែមេសា បាន​ឱ្យដឹង​ដែរ​ថា តាម​ចំណារ​ឯកភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២០ បញ្ជាក់​ថា​ក្នុង​បរិការណ៍​ដែល​កម្ពុជា​កំពុង​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ លោកនាយក​រដ្ឋមន្ត្រី សម្រេច​និ​រា​ករ​ណ៍នូវ​ប្រកាស​ស្តី​ពី​ការ​ជ្រើសរើស​មន្ត្រី​រាជការ ១៣៥នាក់ ឱ្យ​ចូល​ក្របខណ្ឌ​ក្រសួង​មុខងារ​សាធារណៈ ចុះ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០វិញ និង​ផ្អាក​ការ​ផ្តល់​ក្របខណ្ឌ​ពិសេស ដែល​លើស​ពី​ចំនួន​មន្ត្រី​រាជការ​ចូលនិវត្តន៍​ដល់​គ្រប់​ក្រសួង និង​ស្ថាប័ន​ដទៃទៀត​ទាំងអស់​ក្នុង​ឆ្នាំ២០២០។ លើស​ពីនេះ លិខិត​ដដែល​បញ្ជាក់​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី​ក៏​ស្នើសុំ​ឱ្យផ្អាក​ផ្តល់​ក្របខណ្ឌ​ពិសេស ដែល​លើស​ពី​ចំនួន​មន្ត្រី​ចូលនិវត្តន៍​ដល់​គ្រប់​ក្រសួង​-ស្ថាប័ន​ដទៃទៀត​ទាំងអស់ សម្រាប់​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ ផង​ដែរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសា​សន៍​ថា ស្ថាប័នរដ្ឋ​ដែល​បញ្ឈប់​តួនាទី​របស់​មន្ត្រី​កម្មសិក្សា​ក្របខណ្ឌ​ទាំង ១៣៥នាក់ ត្រូវ​មានការ​ជជែក​តទល់​គ្នា​រវាង​ភាគី​ទាំងសងខាង និង​បង្ហាញ​ព័ត៌មាន​ឱ្យមាន​តម្លាភាព បើ​ពុំ​ដូច្នេះ​ទេ ​នឹង​ធ្វើឱ្យ​រង​ការរិះគន់​លើ​ប្រព័ន្ធ​គ្រប់គ្រង​ស្ថាប័នរដ្ឋ​នោះ​ផង​ដែរ។

លោក​មានប្រសាសន៍​ថា៖ «ប្រសិនបើ​បញ្ហា​នេះ​មិន​មានការ​ដោះស្រាយ​ឱ្យមាន​ឈរលើ​គោល​ការ​តម្លាភាព​ទេ វា​អាច​ធ្វើឱ្យមានការ​បាត់បង់​នូវ​ជំនឿ ឬក៏​បាត់បង់​ការ​ទុកចិត្ត​ទៅលើ​ប្រព័ន្ធ​នៃ​ការសម្រេច​ចិត្ត​ទៅលើ​កិច្ចការ​សំ​ខាន់​ៗនៃ​ការ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ជាដើម»។ 

មន្ត្រី​កម្មសិក្សា​ក្របខណ្ឌ​ក្រសួង​មុខងារ​សាធារណៈ​ទាំង ១៣៥នាក់ ត្រូវ​បាន​លោក ពេជ្រ ប៊ុនធិន អតីត​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បាន​ចេញប្រកាស​ស្តី​ពី​ការ​ជ្រើសរើស​មន្ត្រី​រាជការ​ឱ្យចូល​ក្របខណ្ឌ​ក្រសួង​មុខងារ​សាធារណៈ។

ប៉ុន្តែ​ ក្រោយមក​ នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ព្រុំ សុខា ដែល​ជារ​ដ្ឋ​មន្ត្រី​ថ្មី នៃ​ក្រសួង​មុខងារ​សាធារណៈ បាន​ចេញប្រកាស​និរាករណ៍​សេចក្តី​សម្រេច​ខាងលើ​នេះ ជាហេតុ​ធ្វើឱ្យពួក​គាត់​មានការ​តវ៉ា​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ