ទើបតែបានសារភាពថា ការប្រកួតកាលពីថ្ងៃទី១៦ធ្នូ នៅក្នុងព្រឹត្តិកាណ៍ប្រកួតជម្រុះកីឡាករជើងខ្លាំងនៅប៉ុស្ដិ៍លេខ៥ ក្នុងវគ្គ៨នាក់ជ្រើសយក៤នាក់ គឺជារឿងចៃដន្យដោយសារតែខ្លួនបានឈ្នះព្រោះតែមិនបានហ្វឹកហាត់ដោយសារតែប្រពន្ធកើតកូន ពេលនេះកីឡាករវ័យក្មេង សៅ វណ្ណា បានប្រកាសជាថ្មីទៀតហើយថា លោកមិនបានហ្វឹកហាត់ទាល់តែសោះមុនឡើងប្រកួតកាលពីថ្ងៃទី៣០ ធ្នូ តែបានបែរជាបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
លោក បានហៅជ័យជម្នះដោយគ្មានការបម្រុងទុករបស់លោកថាជារឿងភ័ព្វសំណាងមួយថ្មី ក្នុងពេលដែលលោកសារភាពថា លោកមិនបានហ្វឹកហាត់លើកនេះ ដោយសារតែកូនឈឺធ្ងន់ត្រូវយកទៅពេទ្យចុះឡើងតែអ្នកគាំទ្រមួយចំនួនបានហៅហេតុផលរបស់កីឡាកររូបនេះថា នឹងក្លាយជាទម្លាប់អាក្រក់មួយ ដែលនឹងធ្វើអោយគេធ្លាក់ដៃដោយជៀសមិនផុត ដោយសារតែគេសម្អាងថាមិនបានធ្វើការហ្វឹកហាត់ជាក់លាក់ក៏នៅតែឈ្នះ។
កីឡាករ សៅ វណ្ណា បានប្រកាសក្រោយវាយឈ្នះកីឡាករ ង៉ែត រដ្ឋា ក្រោយបញ្ចប់៣ដើម្បីជ្រើសរើស២នាក់ទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រចុងក្រោយកាលពីថ្ងៃទី៣០ធ្នូថា នេះជាការប្រកួតមួយថ្មីទៀតហើយ ដែលលោកមិនបានធ្វើការហ្វឹកហាត់ តែបានជួយអោយលោកបានឈ្នះជាថ្មី ក្នុងពេលដែលការប្រកួតដែលបានធ្វើឡើងក៏ជាការប្រកួតដ៏សំខាន់សម្រាប់ការជ្រើសរើសជើងខ្លាំងនៅប៉ុស្ដិ៍លេខ៥។ លោកថា ប្រមាណជាមួយអាទិត្យមកហើយ ដែលកូនប្រុសរបស់លោកមានជំងឺក្ដៅខ្លួនហើយត្រូវតែយកទៅពេទ្យរហូត ដោយក្រៅពីមិនអាចអោយលោកមានពេលហ្វឹកហាត់ គឺលោកក៏អត់ធ្វើអ្វីកើតផងដែរក្រៅពីមើលខុសត្រូវកូនប្រុស។
លោកថាការប្រកួតលើកនេះជារឿងចៃដន្យមិនខុសពីមុនទៀតទេ ដោយសារតែកាលពីលើកមុនក្នុងពេលដែលលោកឡើងប្រកួតក្នុងវគ្គជ្រើសយក៤នាក់លោកក៏មានធុរៈរឿងភរិយាសម្រាលកូនមិនអាចហ្វឹកហាត់បាន ហើយសម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកនេះក៏លោកមានធុរៈរឿងកូនឈឺទៀត តែអ្វីដែលជាលទ្ធផលស្របគ្នា គឺលោកបានឈ្នះដោយមិនគួរអោយជឿ។
លោកសារភាពថា ក្នុងចំណោមការប្រកួតទាំងអស់ដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ លោកចាត់ទុកថាការប្រកួតរបស់លោកក្នុងវគ្គជម្រុះ៨នាក់យក៤នាក់ និងការប្រកួតជ្រើសយក២នាក់ឡើងទៅប្រកួតដណ្ដើមជើងឯក គឺជាការប្រកួតដែលលោកស្ទើរតែអត់បានហ្វឹកហាត់តែម្ដង ដោយសារតែលោករវល់តែរឿងវក់វីជាមួយភរិយាចូលពេទ្យ និងរឿងកូនប្រុសក្ដៅខ្លួនត្រូវបញ្ជូនទៅពេទ្យអត់ឈប់ក្នុងប៉ុន្មានថ្ងៃនេះ។ លោកថាខ្លួនមានមានធុរៈនៅមុនប្រកួតទាំង២លើកទាំងអស់ ប៉ុន្តែលោកនៅតែបានប្រឹងប្រកួតអស់ពីសមត្ថភាព និងប្រកួតដោយការតាំងចិត្ត ទើបលោកបានឈ្នះ ដោយសារតែលោកគិតថាការប្រកួតដែលបានធ្វើឡើងមានភាពសំខាន់ដែលលោកមិនអាចចាញ់បាន។ លោកថាវាពិតជារឿងចៃដន្យ ដែលលោកមិនបានហ្វឹកហាត់ព្រោះតែធុរៈចាំបាច់ ប៉ុន្តែលោកអាចយកឈ្នះគូប្រកួត ក្នុងពេលដែលកីឡាករដែលជាគូប្រកួតរបស់លោកគឺសុទ្ធតែជាកីឡាករដែលបានត្រៀមទុកជាមុន។
ជាក់ស្ដែងលោកកីឡាករ ង៉ែត រដ្ឋា ដែលបានបរាជ័យក្រោមដៃរបស់លោកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្បិតថាគេមានការទាត់ឆ្វេងស្ដាំមិនសូវល្អ ប៉ុន្តែកម្រិតនៃការវាយម៉ាត់ កម្លាំង ស៊ុហ្វ និង កែងរបស់គេគឺល្អផងដែរ ប៉ុន្តែបណ្ដាលមកពីលោកស្ទុះវាយដោយមិនខ្លាចពីគ្រោះថ្នាក់ច្រើនជាងទើបធ្វើអោយលោកមានឱកាសវាយត្រូវចំណុចបានពិន្ទុ ហើយលទ្ធផលចុងក្រោយលោកបានឈ្នះម្ដងទៀត។ យ៉ាងណាមិញ លោកថាសម្រាប់ការប្រកួតក្នុងវគ្គចុងក្រោយ ដើម្បីដណ្ដើមជើងឯក លោកនឹងប្រឹងអោយអស់ពីសមត្ថភាព ដោយមិនយកហេតុផលរបស់ភរិយា និងកូនឈឺមករាំងស្ទះការហ្វឹកហាត់ ធ្វើអោយឱកាសដណ្ដើមបានពានជើងឯកត្រូវរបូតនោះទេ។ លោកនៅតែប្រកាសថាជ័យជម្នះសម្រាប់វគ្គនេះ បានពីកម្លាំងចិត្តត្រូវរកលុយអោយប្រពន្ធ និងកូនប្រុសមើលជំងឺ ដែលកំពុងត្រូវការ ប៉ុន្តែលោកថានោះក៏ជារឿងចៃដន្យមិនតិចដែរ ដែលលោកបានហ្វឹកហាត់តែប៉ុន្មានម៉ោងមុនឡើងរេញគត់ តែមានសំណាងវាយត្រូវគោលដៅហើយបានឈ្នះ។
ក្នុងថ្ងៃប្រកាសលទ្ធផលនោះ គេឃើញ កីឡាករង៉ែត រដ្ឋា ចុះចេញពីរចេញមិនទទួលស្គាល់លទ្ធផល តែលោក សេង កដិកា អ្នករៀបចំការប្រកួតបានអះអាងថានោះ គឺដោយសារតែ ង៉ែត រដ្ឋា មិនព្រមទទួលស្គាល់កំហុសខ្វះខាតរបស់ខ្លួន។ លោកថាសៅ វណ្ណា ត្បិតថាចេះតែវាយប៉ាតណាប៉ាណី តែគេវាយត្រូវច្រើនហើយកម្រិតនៃការទាត់ និងកែងរបស់គេល្អនោះដែរ ដោយគេឈ្នះមួយទឹកកន្លះដាច់ ចំណែកឯ ង៉ែត រដ្ឋា បានឈ្នះដាច់តែកន្លះទឹកប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាកីឡាករ សៅ វណ្ណា នឹងក្លាយជាកីឡាករមើលស្រាលការប្រកួត ប្រសិនបើគេនៅតែប្រើហេតុផលធុរៈគ្រួសារ ហើយមិនធ្វើការហ្វឹកហាត់អោយបានជាប់លាប់មុនពេលឡើងរេញបន្តទៀត៕