កាលពីយប់ថ្ងៃទី៣១ សីហា កីឡាករផ្នែកប្រណាំងម៉ូតូចំនួន៤រូបរបស់កម្ពុជា បានចាកចេញពីប្រទេសទៅប្រកួតប្រណាំងម៉ូតូជាអន្តរជាតិជាលើកដំបូងចាប់តាំងពីកម្ពុជាបានបង្កើតសហព័ន្ធយានយន្តដើម្បីលើកស្ទួយដល់វិស័យប្រណាំងម៉ូតូអោយមានរូបរាង។
នេះជាការប្រកួតដែលនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដោយវៀតណាមគ្រាន់តែធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះ
ចំណែកកីឡាករចំនួន៤ប្រទេសគឺ កីឡាករថៃ ម៉ាឡេស៊ី ចិនម៉ាកាវ និងកម្ពុជា គឺជាអ្នកប្រកួតដណ្ដើមពានគ្នា និងប្រាក់រង្វាន់ ខណៈដែលក្រៅពីកីឡាករត្រូវប្រកួត៤រូប ក៏មានកីឡាករជាជំនួសការម្នាក់ទៅជាមួយផងដែ
រ។
លោក គង់ សុធារ៉ា អ្នកចាត់ចែងកីឡាករអោយចេញប្រកួតនិងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូថ្នាក់ជាតិដែលទើបបញ្ចប់កាលពីអាទិត្យទី២៧ សីហា បានអះអាងថាក្រោយពីបើកទីលាន King Track Circuit នៅក្នុងខណ្ឌសែនសុខជ្រើសរើសជើងឯកប្រណាំងម៉ូតូ ដើម្បីជ្រើសរើសជើងខ្លាំងកម្ពុជា ក៏ទទួលបានកីឡាករខាងផ្នែកប្រណាំងម៉ូតូចាប់ពីកម្លាំង១៥០សេសេចំនួន៤រូបអោយចេញប្រកួតនៅក្នុងប្រទេសវៀតណាម។
ការប្រណាំងម៉ូតូដែលបានធ្វើឡើងនៅក្នុងប្រទេសវៀតណាមនេះ លោកថាគឺជាព្រឹត្តិការណ៍ដែលមានឈ្មោះថា Dainam International Cup ដោយលោកប្រកាសថាវៀតណាមបានធ្វើជាច្រើនលើករួចមកហើយ ប៉ុន្តែកម្ពុជាទើបតែមានឱកាសចូលប្រកួតក្រោយពីកម្ពុជាទើបតែបានរកឃើញកីឡាករផ្នែកប្រណាំងម៉ូតូរបស់ខ្លួន។
លោកថាព្រឹត្តិការណ៍នេះនឹងបើកការប្រកួតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ កញ្ញា ដោយវៀតណាមគឺជាអ្នករៀបចំ និងចាត់ចែងក្នុងការផ្ដល់ពាន តែវៀតណាមមិនមានកីឡាករដើម្បីចូលប្រកួតនោះទេ ដោយសារតែព្រឹត្តិការណ៍នេះ គឺវៀតណាមគ្រាន់តែបង្កើតជាពាននិងប្រាក់រង្វាន់ ហើយអោយកីឡាករខាងផ្នែកប្រណាំងម៉ូតូអោយទៅប្រកួតគ្នា។
លោកថាវៀតណាមរៀបចំព្រឹត្តិការណ៍នេះ ដើម្បីអបអរដល់បុណ្យជាតិរបស់ខ្លួន ហើយប្រាក់រង្វាន់សម្រាប់អ្នកលេខ១ គឺទទួលបានទឹកប្រាក់ស្មើនឹង២ពាន់ដុល្លារ និងចំណាត់ថ្នាក់លេខ២ លេខ៣ទទួលបានទឹកប្រាក់តិចៗជាងនេះតាមលំដាប់។
លោកមិនទាន់ដឹងថាកីឡាករដែលនឹងត្រូវប្រកួតជាមួយកីឡាករកម្ពុជាហ្នឹងមានប៉ុន្មាននាក់អោយប្រាកដនោះទេ ដោយគ្រាន់តែបានដឹងថាមានតែកីឡាករ៤ប្រទេស គឺថៃ ម៉ាឡេស៊ី និងចិនម៉ាកាវ ត្រូវប្រកួតជាមួយនឹងកីឡាកររបស់កម្ពុជាទាំង៤រូប។
យ៉ាងណាមិញ លោកថាកីឡាករដែលត្រូវចេញទៅ គឺមានរហូតដល់៥រូប ដោយសារតែកីឡាករម្នាក់ទៀតត្រូវទៅក្នុងនាមជាជំនួយការជាងរបស់កីឡាករ ដើម្បីជួយត្រួតពិនិត្យបញ្ហាបច្ចេកទេស មុនពេលកីឡាករត្រូវប្រកួត។
កីឡាករដែលបានចាកចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី៣១ សីហា នោះ លោកថាសុទ្ធតែជាកីឡាករដែលបានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដែលបានធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននៅទីលាន King Track ទាំងអស់ តែមិនមែនសុទ្ធតែជាកីឡាករជ័យលាភីលេខ១ទាំងអស់នោះទេ ដោយសារតែខាងវៀតណាមត្រូវការតែកីឡាករដែលអាចប្រណាំងម៉ូតូចាប់ពីកម្លាំងម៉ាស៊ីន១៥០សេសេឡើងទៅ ទើបក្រៅពីម្ចាស់ពានលេខ១ដែលទើបប្រកួតឈ្នះ ក៏មានចំណាត់ថ្នាក់លេខ២ និងលេខ៦ត្រូវបានជម្រើសយកទៅផងដែរ។
ក្នុងនាមជាអ្នករៀបចំជ្រើសរើសជើងឯកប្រណាំងម៉ូតូក្នុងស្រុកលើកដំបូង លោកមិនហ៊ានជម្រើសយកកីឡាករដែលខ្វះសមត្ថភាពអោយចេញប្រកួតតំណាងប្រទេសនោះទេ ដោយសារតែលោកយល់ថា បើទោះជាការប្រកួតមួយនេះគឺជាឱកាសដំបូងដែលកម្ពុជា បានប្រកួតលើឆាកអន្តរជាតិក៏មិនត្រូវត្រលប់មកវិញដោយយកតែបទពិសោធន៍ចូលស្រុក។
យ៉ាងណាមិញ លោកមិនហ៊ានសង្ឃឹមនឹងទទួលបានជោគជ័យក្នុងប្រភេទវិញ្ញសារណាមួយពីសំណាក់កី
ឡាករកម្ពុជានោះទេ ដោយគ្រាន់តែលោកបញ្ជាក់ថាតំណាងកីឡាករ៤រូបដែលបានជម្រើសទៅ គឺសុទ្ធតែ
ជាកីឡាករល្អៗសម្រាប់ការប្រណាំងម៉ូតូក្នុងកម្លាំងម៉ាស៊ីនចាប់ពី១៥០សេសេទាំងអស់។
លោកអះអាងថា ក្នុងពេលកន្លងមក កម្ពុជាធ្លាប់មានកីឡាករចេញប្រកួតប្រណាំងម៉ូតូនៅក្នុងប្រទេសជិតខាងផងដែរ ប៉ុន្តែមិនមែនចាកចេញក្នុងគម្រោងផ្លូវការដែលមានការទទួលស្គាល់របស់សហព័ន្ធនិងគ្រាន់តែជាការចាកចេញដោយបុគ្គលៗតែប៉ុណ្ណោះ។
អ៊ីចឹងហើយទើបយល់ថាការប្រកួតលើកនេះ គឺជាការបង្ហាញអោយអន្តរជាតិបានស្គាល់ពីការបង្ហាញមុខរបស់កីឡាករប្រណាំងម៉ូតូ ដែលកាលពីមុនមិនធ្លាប់មានផ្លូវការផង និងដើម្បីទៅដកស្រង់បទពិសោធន៍ពីកីឡាករអាជីពៗរបស់ប្រទេសដែលចូលរួមប្រកួត ដែលគេមានកីឡាមួយនេះច្រើនឆ្នាំមុនកម្ពុជានោះផង។
លោកថាក្រោយកីឡាករកម្ពុជាទៅដល់ប្រទេសវៀតណាម នៅរសៀលថ្ងៃទី១ កញ្ញា នឹងមានការសមទីលានជាមួយកីឡាករបរទេសរួមគ្នា ដើម្បីអោយការបើកប្រកួតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ កញ្ញាមានភាពរលូន។
លោក ហេង រ័ត្នខេមរិន្ទ ជាប្រធានក្រុមកីឡាប្រណាំងម៉ូតូកម្ពុជាបានអះអាងថា វត្តមានរបស់កីឡាករកម្ពុជានៅក្នុងព្រឹត្តិការណ៍ Dainam International Cup នេះរួមមានរូបលោក មានកីឡាករ ពេជ្រ គឹមស្រ៊ុន កីឡាករ សុខ សួនអរុណ កីឡាករ ភិន ពិសិដ្ឋ និងកីឡាករ សុខ សួនតារា ម្នាក់ទៀត តែគេមិនទៅដើម្បីការប្រកួតនោះទេ
គឺទៅក្នុងនាមជាជំនួយការជាងសម្រាប់កីឡាករ។
លោកថានេះជាការប្រកួតលើកទី១ដែលកីឡាករផ្នែកប្រណាំងម៉ូតូរបស់កម្ពុជាមានឱកាសបានចេញប្រកួតផ្លូវការក្រោយបង្កើតជាសហព័ន្ធនិងក្រោយពីកម្ពុជាទើបបិទបញ្ចប់ការប្រកួតថ្នាក់ជាតិលើវិញ្ញសារប្រណាំងម៉ូតូ៤កម្រិតកាលពីពេលថ្មីៗ។
មុនការចេញដំណើរលោកក៏បានប្រកាសថាកីឡាករដែលត្រូវបានជម្រើស ក៏ត្រូវបានហ្វឹកហាត់លើទីលាន King Track នៅខ័ណ្ឌសែនសុខយ៉ាងសកម្មផងដែរ ដោយមិនមែនគ្រាន់តែបញ្ចប់ការប្រកួតថ្នាក់ជាតិហើយបានចំណាត់ថ្នាក់ ក៏ចាត់អោយចេញដំណើរទៅប្រកួតនៅវៀតណាមនោះទេ៕