រដ្ឋាភិបាលប្រកាសថា អ្នកធ្វើដំណើរឆ្លងកាត់ស្ពាន លី យ៉ុងផាត់ ខេត្តកោះកុង នឹងមិនត្រូវបង់ប្រាក់ទៀតទេ ចាប់ពីថ្ងៃស្អែកទៅ ដោយថា រដ្ឋាភិបាល បានទិញស្ពានឆ្លងកាត់ដៃសមុទ្រ ទៅប្រទេសថៃមួយនេះ មកធ្វើជាសម្បត្តិរដ្ឋវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរេសរនៅលើហ្វេសប៊ុករបស់លោក នាថ្ងៃទី១ខែវិច្ឆិកានេះថា ដើម្បីសម្រួលដល់អ្នកធ្វើដំណើរឆ្លងកាត់ស្ពានដៃសមុទ្រ នៅខេត្តកោះកុង ទៅប្រទេសថៃ រដ្ឋាភិបាលបានសម្រេចទិញយកស្ពាននេះត្រឡប់មកវិញ។
លោកនាយករដ្ឋមន្ត្រីឲ្យដឹងដែរថា អ្នកធ្វើដំណើរឆ្លងកាត់ស្ពាននោះ នឹងឈប់បង់ប្រាក់ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី០២ ខែវិច្ឆិកា ២០១៧ តទៅ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានប្រាប់ថា រដ្ឋាភិបាលត្រូវការចំណាយប្រាក់ប៉ុន្មាន ដើម្បីទិញស្ពាននេះ មកវិញនោះទេ ដោយលោកគ្រាន់តែសរសេរថា កិច្ចការដែលនៅសេសសល់ ទុកឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីដោះស្រាយនៅពេលក្រោយ។
ថ្មីៗនេះ ផ្លូវ លី យ៉ុងផាត់ ដែលតភ្ជាប់ពីស្ពានព្រែកផ្នៅ ពីរាជធានីភ្នំពេញ ទៅផ្លូវលេខ៦A ក៏ត្រូវរដ្ឋាភិបាលទិញយកវិញ និងបានដាក់ឲ្យប្រើប្រាស់ដោយឥតបង់ថ្លៃដូចគ្នា៕