មន្ទីរពេទ្យគន្ធបុប្ផា ថ្មីៗនេះ បាននិយាយថា កុមារកម្ពុជាជាង ១៥ម៉ឺន ៥ពាន់នាក់ បានប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ និងដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះ នៅក្នុងឆ្នាំ២០១៦កន្លងមកនេះ ដែលបង្ហាញឲ្យពីកំណើនតែខ្ពស់នៃចំនួនកុមារកម្ពុជាប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរនានា។
របាយការណ៍ចេញផ្សាយដោយស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្ន័រ កាលពីថ្ងៃចន្ទកន្លងមកនេះ បានបង្ហាញថា កុមារកម្ពុជាជិត ៨៥ម៉ឺននាក់ ត្រូវបាននាំទៅពិនិត្យ និងពិគ្រោះជំងឺនៅមន្ទីរពេទ្យមួយនេះ ក្នុងនោះមន្ទីរពេទ្យរកឃើញថា កុមារជាង ១៥ម៉ឺន ៥ពាន់ បានប្រឈមនឹងជំងឺធ្ងន់ធ្ងន់នានា ដូចជា ជំងឺបេះដូង ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរក្បាល និងជំងឺរបេងជាដើម។
របាយការណ៍នេះ ក៏បានបង្ហាញថា អត្រាកុមារប្រឈមនឹងជំងឺធ្ងន់ធ្ងរ នៅក្នុងឆ្នាំ២០១៦ បានកើនឡើង ១៣ភាគរយ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៥កន្លងមក។
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក បេអាត រិចឆ្ន័រ កាលពីខែសីហាឆ្នាំមុន បានរិះគន់យ៉ាងខ្លាំងក្លាទៅលើសេវាកម្មសុខាភិបាលដ៏ទន់ខ្សោយនៅគ្លីនិកឯកជននានា បន្ទាប់ពីកុមាររាប់រយននាក់ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្រោយពីពុំទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវនៅតាមមន្ទីរពេទ្យឯកជននានា។
មួយសប្ដាហ៍ក្រោយផ្ទុះករណីនេះមក រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ថវិកាចំនួន ២ដុល្លារ ដែលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យមួយនេះ៕