ពលករខ្មែរម្នាក់ ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ជុំវិញការថ្លែងរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីពលករម្នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីវិលត្រឡប់ពីប្រទេសថៃ។
ពលករខ្មែរបម្រើការងារនៅក្នុងប្រទេសថៃ លោក ម៉ី វឿន ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួននៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០១ ខែមេសា ពោលគឺ ២ថ្ងៃក្រោយពីលោកបានវិលត្រឡប់ពីប្រទេសថៃ។
លោក សំ ទិត្យសីហា មេធាវីការពារក្ដីឲ្យលោក ម៉ី វឿន បានប្រាប់វីអូឌីនៅថ្ងៃនេះថា សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចចោទប្រកាន់លោកកូនក្ដីរបស់លោកពីបទ «ជេរប្រមាថមន្ត្រីរាជការសាធារណៈ និងញ៉ុះញង់ឲ្យមានការរើសអើង» មួយថ្ងៃក្រោយពីត្រូវបានចាប់ខ្លួន។ មេធាវីរូបនេះបានបន្ថែមថា លោកបានដាក់ពាក្យទៅតុលាការ ដើម្បីស្នើសុំដោះលែងកូនក្ដីរបស់លោក ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅថ្ងៃនេះ។
លោកថ្លែងប្រាប់តាមទូរស័ព្ទថា៖ «ខ្ញុំនឹងដាក់ពាក្យថ្ងៃហ្នឹង ដោយសារព្រឹកមិញ រៀបចំអស់ហើយទាក់ទងឯកសារធានានៅក្រៅឃុំ ប៉ុន្តែ យើងអត់ទាន់បានមេដៃគាត់ពឹងពាក់មេធាវី ដើម្បីយកទៅដាក់នៅតុលាការ ហើយយើងនឹងជួបគាត់ឲ្យគាត់ផ្តិតមេដៃយកដាក់នៅតុលការ»។
វីអូឌីមិនអាចស្នើសុំការបកស្រាយពីអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូល ប៉ុន្តែ គ្មានអ្នកទទួល។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា រដ្ឋាភិបាលគួរតែពិចារណាទៅលើការបញ្ចេញមតិរិះគន់របស់ប្រជាពលរដ្ឋ ដែលបង្ហាញការមិនពេញចិត្តទៅលើការដឹកនាំ ជាជាងការចាត់វិធានការទៅលើពួកគេ។
លោកមានប្រសាសន៍ថា៖ «ទុកឲ្យមហាជនគេវាយតម្លៃទៅ បើសិនជាការរិះគន់ហ្នឹងប៉ះពាល់ដល់កិត្តិយស ឬការដឹកនាំរដ្ឋាភិបាល ហើយផ្ទុយទៅវិញ បើមិនមានការធ្វើខុសដូចការចោទប្រកាន់របស់អ្នកបញ្ចេញមតិទាំងអស់នោះ គឺរដ្ឋាភិបាលនៅតែមានការគាំទ្រដដែលទេ»។
ពលករខ្មែរ លោក ម៉ី វឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជុំវិញកការបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីដើមឆ្នាំ២០១៧កន្លងមក អំឡុងពេលលោកធ្វើការងារនៅក្នុងប្រទេសថៃ។
ក្នុងវីដេអីឃ្លីបនោះ ដែលក្រោយមកត្រូវបានលុបចោលទៅវិញនោះ លោក ម៉ី វឿន បានហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាមេដឹកនាំ «គ្មានបានចូលសាលារៀន»។
លោក ម៉ី វឿន គឺជាពលករខ្មែរទីពីរហើយ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជុំវិញការបង្ហោះសាររិះគន់លោ ហ៊ុន សែន បន្ទាប់ពីពលករខ្មែរដំបូងឈ្មោះ សាន់ រដ្ឋា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ អំឡុងពេលលោកវិលត្រឡប់ពីប្រទេសថៃ ទៅលេងស្រុកកំណើតស្ថិតនៅក្នុងខេត្តកំពង់់ចាម៕