កូនប្រុសទី២ របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង មន្រ្តីប្រដាប់អាវុធចំនួន៣០រូបផ្សេងទៀតត្រូវបានដំឡើងដំណែងចាប់ពីផ្កាយ១ ដល់ផ្កាយ៣ និងដំណែងផ្សេងៗទៀត។
ក្នុងព្រះរាជក្រឹត្យពីរផ្សេងគ្នាចុះចេញថ្ងៃទី០៦ ខែ តុលា ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តសីហមុនី ដែលព្រះរាជក្រឹត្យមួយបានដំឡើងឋានន្តរស័ក្តិ ដល់កូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ានិតជានាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)។ ក្នុងព្រះរាជក្រឹត្យដដែលដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ ៣) ឧត្តមសេនីយ៍ទោ(ផ្កាយ ២) និង ឧត្តមសេនីយ៍ត្រី (ផ្កាយ ១)ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍នៃកងយោធពលខេមរភូមិន្ទចំនួន២៧នាក់ទៀត។
ក្នុងព្រះរាជក្រឹត្យមួយទៀតព្រះមហាក្សត្រទ្រង់ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ដល់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន ៣រូប មានលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ, លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និងលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ានផងដែរ។
បច្ចុប្បន្នលោក ទូច ណារ៉ុថ ជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ចំណែកលោក ម៉ក់ ជីតូ ជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារគ្រឿងញៀន និងលោក ហ៊ឹម យ៉ានជាអគ្គស្នងការរងនគរបាលជាតិផ្នែកនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ៕