យុវជនមួយក្រុមមកពីបណ្ដាអង្គការសង្គមស៊ីវិល ត្រូវបានអាជ្ញាធររារាំងនៅព្រឹកថ្ងៃនេះ ខណៈដែលពួកគេយកកម្រងផ្កាទៅដាក់នៅក្នុងម៉ាត ស្ថិតក្នុងការ៉ាស់សាំងកាល់តិច ជាទីដែលអ្នកវិភាគល្បីឈ្មោះ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំមុន។
អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាអ្នកស្រី អ៊ូ ទេពផល្លីន បានលើកឡើងថា ក្រុមអ្នកស្រីគ្រាន់តែដាក់ផ្កា និងរូបថតលោកបណ្ឌិត កែម ឡី ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់លោកក្នុងនាមជាមិត្តភក្តិតែប៉ុណ្ណោះ ប៉ុន្តែ អាជ្ញាធរ បានរារាំងអ្នកស្រី។
អ្នកស្រីបន្ថែមថា សមត្ថកិច្ច ៣ឡាន ត្រូវបានដាក់ពង្រាយឡោមព័ទ្ធនៅទីនោះ ដែលអ្នកស្រីថា បានរារាំងក្រុមអ្នកស្រីដែលមានគ្នាតែ៤នាក់មិនឲ្យចូលទៅដាក់កម្រងផ្កាទេ។
អ្នកស្រីថា៖ “មានក្រុមប៉ូលិសឡោមព័ទ្ធជុំវិញហ្នឹងហើយហ្នឹង គាត់ថា គ្នាគាត់មាន ៣ឡាន មិនសមណាគ្នាខ្ញុំមានគ្នាតែ ៤នាក់ មិនគួរណាដាក់ប៉ូលិសដល់ទៅ ៣ឡានទេ។ […] សុំគាត់តែ ៥នាទី ក៏គាត់អត់អនុញ្ញាតឱ្យយើងដែរ គេអត់អនុញ្ញាតតែម្តង។ គេថា គេទទួលបញ្ជាពីថ្នាក់លើ សាលាក្រុង ហើយទាល់តែយើងមានការអនុញ្ញាតពីសាលាក្រុង ទើបគេឱ្យធ្វើ”។
អ្នកស្រីបញ្ញាក់ថា ក្រុមអង្គការសង្គមស៊ីវិលបានដាក់លិខិតស្នើរសុំក្រុមហ៊ុន Chevron រួចហើយ ដើម្បីផ្តល់ឱកាសឱ្យយុវជន និងក្រុមអង្គការសង្គមស៊ីវិលដាក់ផ្កាគោរពវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង១០ព្រឹកថ្ងៃនេះ។
ចំណែកសមាជិកសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ លោក សាន ណារិទ្ធិ បានប្រាប់វីអូឌីថា ក្រុមយុវជនរបស់លោក មានគ្នាមិនច្រើន ដែលបង្ករអសន្តិសុខនោះទេ។
លោកថា៖ “យើងចូលទៅគោរពវិញ្ញាណក្ខណ្ឌគាត់ ឱ្យគាត់បានដឹងថា ពួកយើងទៅធ្វើបុណ្យឱ្យគាត់នៅស្រុកកំណើតរបស់គាត់។ មានអាជ្ញាធរមករារាំងពួកខ្ញុំមិនឱ្យធ្វើការដាក់ផ្កា ទោះ បីជាយើងប្រាប់ថា យើងមានសិទ្ធិក្នុងការរៀបចំកម្មវិធីក្នុងនាមជាបុគ្គលក៏ដោយ ក៏គាត់នៅតែរារាំងពួកយើងយ៉ាងខ្លាំង។ ខ្ញុំយល់ថា នេះជាការបង្អាក់ទឹកចិត្តរបស់យុវជនដែលគិតគូរពីបញ្ហាប្រទេសជាតិ ហើយគាត់អត់បានលើកតម្កើងអ្នកគិតគូទាំងនោះទេ ហើយអ្នកដែលគិតគូពីផលប្រយោជន៍ជាតិបែរជាមករារាំងទៅវិញ ពួកយើងគ្រាន់តែទៅគោរពបួនប្រាំនាទី មិនទៅប៉ះពាល់ដល់សន្តិសុខសង្គមទេ”។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែស នៅក្នុងម៉ាតការ៉ាស់សាំងកាល់តិច ស្ថិតនៅម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំមុន។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃម្សិលមិញនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១០៧ស្ថាប័ន បានលើកឡើងថា យុត្តិធម៌នៅមិនទាន់មាននៅឡើយទេ សម្រាប់សពអ្នកវិភាគនយោបាយរូបនេះ រួមទាំងក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់លោក។
ក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ មានការចូលរួមពីសំណាក់អ្នកជំនាញអន្តរជាតិ រួមជាមួយការបង្ហាញភស្តុតាងឲ្យបានពេញលេញក្នុងនោះមានទាំងវីដេអូនៃកាមេរ៉ាសុវត្ថិភាពនៅការ៉ាស់សាំងរបស់ក្រុមហ៊ុនកាល់តិចផងដែរ៕