ប្រមុខរដ្ឋាភិបាល បានប្រកាសពីផែនការទប់ស្កាត់កុំឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដំឡើងតម្លៃតាមអំពើចិត្ត ក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ ដោយថា ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញនាថ្ងៃនេះ បានថ្លែងបែបរំឭកថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា រថយន្តក្រុងរបស់រដ្ឋចំនួន ៦០គ្រឿង នឹងដឹកប្រជាពលរដ្ឋទៅកាន់បណ្តាខេត្តនានា និងដឹកត្រឡប់មកវិញដោយឥតគិតថ្លៃ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។
លោក ហ៊ុន សែន រំឭកទៀតថា ការបញ្ចេញរថយន្ត ៦០គ្រឿងនេះ ជាការសាកល្បងជំហានដំបូង ដើម្បីទប់ស្កាត់កុំឲ្យរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយចំនួន ដំឡើងតម្លៃសំបុត្រដូចឆ្នាំមុនៗទៀត។
លោកថា៖ «អញ្ចឹងយ៉ាងណាក៏យើងដឹកបានរាប់ពាន់នាក់ដែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨។ អាហ្នឹងសេវារថយន្តក្រុងរបស់យើង ហើយយើងដកពិសោធន៍មើលថា តើក្រុមហ៊ុននានាដំឡើងថ្លៃទៀតឬក៏អត់? បើថា គាត់[ក្រុមហ៊ុន]នៅតែដំឡើងថ្លៃទៀត ឆ្នាំក្រោយដាក់ ២០០គ្រឿងដឹកតែម្តង ធ្វើឲ្យក្រុមហ៊ុនហ្នឹងដាច់ជើង ព្រោះនិយាយគ្នាអត់ស្តាប់»។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសានេះ បានសម្រេចដាក់ពង្រាយឡានក្រុងនៅតាមបណ្ដាផ្លូវជាតិសំខាន់ភ្ជាប់រាជធានីភ្នំពេញទៅបណ្ដាខេត្តនានា សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃអំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានសាទរទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលនេះ ដោយថា ជាការជួយសម្រួលដល់អ្នកដែលមានចំណូលទាបផង និងជាសារព្រមានក្រុមហ៊ុនឯកជន កុំឲ្យពួកគេចេះតែដំឡើងតម្លៃសំបុត្រតាមតែការនឹកឃើញផងដែរ។
លោកថា៖ «វិស័យឯកជនអាចនឹងមានគូប្រកួតប្រជែងមួយ។ អញ្ចឹង យើងសង្ឃឹមថា ឆ្នាំក្រោយៗ ពួកគេនឹងរកមធ្យោបាយសម្រួលកុំឲ្យសេវារបស់ពួកគេប្រឈមនឹងហានិភ័យខ្ពស់ ព្រោះថា បើនៅតែឡើងថ្លៃទៀត គេនាំគ្នាសម្រុកមកជិះឡានក្រុង របស់រដ្ឋ អត់បង់ថ្លៃអស់ ពេលហ្នឹងអាចប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ»។
តម្លៃសេវាដឹកជញ្ជូនឯកជន តែងតែត្រូវបានដំឡើងទ្វេដងអំឡុងពិធីបុណ្យជាតិធំៗនៅរៀងរាល់ឆ្នាំ បើទោះបីជារដ្ឋាភិបាលបានអំពាវនាវកុំឲ្យដំឡើងតម្លៃក៏ដោយ៕