មន្ត្រីជាន់ខ្ពស់និងសកម្មជនបក្សប្រឆំាង ដែលជាប់ឃុំជិត២០នាក់ បានប្រាប់ទៅមេដឹកនាំខ្លួនជាថ្មីទៀតថា ពួកគេសុខចិត្តរស់នៅក្នុងគុក ដោយមិនសុខចិត្តឲ្យគណបក្សកាន់អំណាចដាក់លក្ខខណ្ឌជាមួយគណបក្សសង្រ្គោះជាតិ ដែលពួកគេចាត់ទុកថា នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនោះឡើយ។
ការលើកឡើងនេះ ធ្វើឡើងអំឡុងពេលតំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ បានជួបមន្ត្រីជាន់ខ្ពស់គណបក្សប្រឆំាង និងសកម្មជនចំនួន១៧នាក់ នាព្រឹកថ្ងៃពុធនេះ នៅក្នុងពន្ធនាគារព្រៃស។
អ្នកជាប់ឃុំម្នាក់ក្នុងចំណោម១៧នាក់ គឺលោក អ៊ុក ពេជ្រសំណាង បានប្រាប់ទៅលោក ម៉ៅ មុនីវណ្ណ នៅថ្ងៃនេះថា បើមេដឹកនាំតំណាងរាស្ត្រមតិភាគតិចនៃគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានជួបពិភាក្សារការងារជាមួយមេដឹកនាំតំណាងរាស្ត្រមតិភាគច្រើននៃគណបក្សប្រជាជនកម្ពុជា លោក ស ខេង នាពេលឆាប់ៗខាងមុខនេះមែន លោកចង់ឲ្យមេដឹកនាំបក្សប្រឆំាងជជែកគ្នារឿងដោះលែងពួកគេទំាង១៧នាក់ ឲ្យមានសេរីភាពវិញ។ ប៉ុន្តែលោកថា បើជំនួបនោះបក្សកាន់អំណាចដាក់សម្ពាធទៅបក្សប្រឆំាង ឬតម្រូវឲ្យទទួលយកលក្ខខ័ណ្ឌ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋទូទំាងប្រទេសនោះ លោកថា សុខចិត្តជាប់ឃុំតទៅទៀត។
លោក អ៊ុក ពេជ្រសំណាង បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិត្រូវប្រុងប្រយ័ត្នកលល្បិចនយោបាយរបស់បក្សកាន់អំណាច ដោយលោកថា ពួកគេសុខចិត្តជាប់គុកដើម្បីជួយសង្គ្រោះជាតិ មិនមែនឲ្យជាតិ សង្គ្រោះពួកគេនោះទេ។
ចំណែក លោក អ៊ុំ សំអាន មន្ត្រីបក្សប្រឆាំងដែលសកម្មរិះគន់រដ្ឋាភិបាលរឿងព្រំដែនបានលើកឡើងប្រាប់លោក ម៉ៅ មុនីវណ្ណ ថា បើមានជំនួបរវាងមេដឹកនាំតំណាងរាស្ត្រនៃបក្សទំាងពីរមែន លោកសុំឲ្យដោះស្រាយរឿងពួកគេឲ្យមានសេរីភាពទំាងអស់គ្នា មិនមែនដោះលែងមួយឬពីរនាក់នោះទេ ដោយលោកថាពួកគេជាប់គុកដោយសាររឿងនយោបាយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណ បានឆ្លើយតបទៅនឹងមន្ត្រីនិងសកម្មជនបក្សប្រឆំាងទំាង១៧នាក់នោះថា លោកនិងយកសំណើរនេះជម្រាបទៅថ្នាក់ដឹកនាំ។ ប៉ុន្តែលោកថា បើមានជំនួបរវាងបក្សទំាងពីរមែន លោកថាត្រូវតែយកវប្បធម៌សន្ទនាជជែកគ្នា ទើបអាចជួយពួកគេឲ្យសេរីភាពវិញ៖«រយៈពេលកន្លងមក(រឿងចាប់មន្ត្រីនិងសកម្មជនបក្សប្រឆំាង)ជារឿងនយោបាយ ដូច្នេះរឿងនយោបាយត្រូវបញ្ចប់វិញដោយអ្នកនយោបាយ ជជែកនិងពិគ្រោះគ្នា ជាពិសេសយើងបន្តវប្បធម៌សន្ទនាបន្តទៅទៀត ដើម្បីដោះស្រាយបញ្ហារបស់ជាតិធំៗ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ធ្លាប់មានប្រសាសន៍ថា បើមានជំនួបរវាងថ្នាក់ដឹកនាំទំាងពីរ នឹងមិនអាចជជែកគ្នាដោះលែងអ្នកជាប់ឃុំបាននោះទេ ខណៈតុលាការមិនទាន់បញ្ចប់នីតិវិធីនៅឡើយ។
តាមគម្រោង លោក ស ខេង និងលោក កឹម សុខានឹងជួបពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រទេសជាតិក្រោយថ្ងៃ១១មករា បន្ទាប់ពី លោក ស ខេង មកពីទស្សនកិច្ចនៅវៀតណាកាលពីថ្ងៃអង្គារម្សិលមិញ។
សាស្ត្រាចារ្យនយោបាយ លោក សូ ចន្ថា សង្កេតឃើញថា តុលាការបច្ចុប្បន្ននេះស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច។ ករណីនេះលោកថា មានតែថ្នាក់ដឹកនាំបក្សនេះតែប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានេះបាន៖«ខ្ញុំចង់ឃើញគណបក្សដែលមានអំណាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ សកម្មជនសិទ្ធិមនុស្ស សកម្មនយោបាយ គ្រប់និន្នាការនយោបាយអាចចូលរួមបំរើជាតិ ចូលរួមការពារផលប្រយោជន៍ជាតិ ជាជាងការដែលមានការចោទប្រកាន់តាមបែបនយោបាយ ពីព្រោះបទពិសោធន៍អតីតកាលយើងបានរៀនសូត្រទំាងអស់គ្នានៅពេលខ្មែរបែកបាក់ គឺខ្មែរខាតប្រយោជន៍ ប៉ុន្តែនៅពេលដែលខ្មែររួបរួមគ្នាពេលនោះខ្មែរកាន់តែខ្លាំង ហើយខ្មែរនឹងឈានទៅរកការរីកចំរើនហើយ»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនបានដឹកនាំការតវ៉ាមួយនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យឡើងវិញនិងមានហិង្សាកើតឡើងរវាងអ្នកចូលរួមការតវ៉ានិងសន្តិសុខខណ្ឌដូនពេញ។ ក្នុងរណីនេះ លោក មាជ សុវណ្ណារ៉ានិងសក្មជនគណបក្សសង្គ្រោះជាតិជាង១០រូបផ្សេងទៀតត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសកាលពីខែសីហាឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំពីបទចូលរួមនិងដឹកនាំកុបកម្ម៕